ការប៉ះទង្គិចគ្នារវាងក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌទួលគោកជាមួយក្រុមកូដករណាហ្គាវើលដ៍ នៅពេលដែលតំណាងសហជីពទាមទារដល់ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានការដោះស្រាយ

យ៉ាង​ហោច​ណាស់មាន​កូដករ ២នាក់​បានដួល​សន្លប់ និង​អ្នកខ្លះ​ទៀត​រងរបួសស្រាល បន្ទាប់ពីមានការរារាំងពីសំណាក់ក្រុមអាជ្ញាធរ និង​កងសន្តិសុខខណ្ឌ​ទួលគោក ទៅលើក្រុមកូដករ​ណាហ្គាវើលដ៍ ស្ថិត​នៅត្រង់​ចំណុច​គល់ស្ពាន​អាកាស ៥មករា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ​នេះ នៅ​ពេលដែល​ថ្នាក់ដឹក​នាំសហភាព​សហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងសមាគម ធ្វើការ​ក្នុងវិស័យ​សិទ្ធិការងារ​នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា បូករួមទាំង​កូដករ​បានដើរ​ហែរក្បួន ដើម្បី​យកលិខិត​ចេញពីក្រសួង​ការងារ​ទៅដាក់​នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី ។ ការដាក់​លិខិត​នេះធ្វើឡើង​ក្នុងគោលបំណង៖ ទី១ ស្នើដោះ​ស្រាយបញ្ចប់​វិវាទការងារ​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ទទួល​យកថ្នាក់​ដឹកនាំ​សមាជិក សហជីព​ប្រមាណ​១៥នាក់ ចូល​ធ្វើការ​វិញជាមួយ​ប្រាក់រំលឹក​ទូទាត់​សំណង​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​ការងារ ព្រម​ទាំង​ទម្លាក់​ចោល​បទចោទ​ប្រកាន់​លើថ្នាក់​ដឹកនាំ សកម្មជន​សហជីពទាំង​១៥រូប ។ ទី២ ស្នើដោះ​ស្រាយ​សំណុំរឿង​បញ្ឈប់​ថ្នាក់ដឹក​នាំ និង​សកម្មជន​សហជីព​សរុប​ចំនួន​៣១ករណី រួមមាន៖ ០៧ ករណី មកពី CATU, ១៩ ករណី C.CAWDU, ២ ករណី មកពី FUFI និង ០១ ករណី មក​ពីសហជីព​ការពារ​សិទ្ធិ​កម្មករ នៃក្រុមហ៊ុន អិម អិល អិនធីម អឹភែរឹល (KAPEA) ។ ការដើរ​ក្បួននេះ បណ្តាល​មកពី មិនមានការ​ឆ្លើយតប ឬចេញមក​ទទួល​លិខិតស្នើទាន់​ពេលវេលា​ទើបថ្នាក់ដឹក​នាំសហភាព​សហព័ន្ធ សហព័ន្ធ​សហជីព សហជីព​មូលដ្ឋាន រួមទាំង​សមាគម និងកូដករ​សម្រេច​ដើរហែរ​ក្បួនទៅ​ទីស្តីការគណៈ​រដ្ឋមន្តី្រ ដើម្បីស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​មកដល់​ចំណុចស្ពានអាកាស​៥មករា ក៏មានតំណាង​មកពីក្រសួង​ការងារមក​ទទួល​លិខិត ហើយ​សន្យាថា នឹងដាក់​លិខិតនេះជូន​ទៅកាន់ថ្នាក់​ដឹកនាំក្រសួង​ដើម្បីពិនិត្យ ប៉ុន្តែ​ចំណាត់​ការឆ្លើយ​តបបែបណា​គាត់ក៍​មិនអាច​សម្រេច​បានដែរ។ ជាការទាមទារ​របស់​កូដករ និងតំណាង​សហជីព សហព័ន្ធ គឺចង់ឱ្យ​តំណាងមក​ពីក្រសួង​ក្រោយពី​ទទួលញត្តិហើយ​សូមធ្វើការដោះ​ស្រាយជូន​ពួកគាត់ ដោយពួក​គាត់ធ្លាប់​បានដាក់ញត្តិពី​មុនមកដែរ​តែនៅតែគ្មាន​ដំណោះស្រាយ។ បន្ទាប់មក​ពួកគាត់បាន​ដើរបន្ត​ទៅកាន់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រីដើម្បី​ដាក់ញត្តិ​បន្តស្វែងរកការ​អន្តរាគមន៍ តែពេល​ដើរតាមផ្លូវ​ក៏មានការមានការរារាំងពីសំណាក់អាជ្ញាធរ និង​កងសន្តិសុខខណ្ឌ​ទួលគោកទៅលើក្រុមកូដករ​ណាហ្គាវើលដ៍ ​កើតមាន​ឡើងស្ថិតនៅគល់​ស្ពានអាកាស​៥មករា ជាប់ការ៉ាស់​សាំងសូគី​មិច និងមានដាក់​ប៉ារ៉ាស់​រារាំងរបស់​អាជ្ញាធរ​មិនឱ្យថ្នាក់​ដឹកនាំសហជីព និងកូដករ​បន្តដំណើរទៅ​មុខបាន ។ ក្រោយពីប៉ះ​ទង្គិចគ្នា សមត្ថកិច្ច​បានបើក​ផ្លូវ និងសម្រួល​ឱ្យថ្នាក់ដឹក​នាំសហភាព​សហជីព សហព័ន្ធ​សហជីព សហជីមូល​ដ្ឋាន រួមទាំងសមាគម និងកូដករ​សម្រេច​ដើរហែរក្បួន​ទៅទីស្តីការ​គណៈរដ្ឋមន្តី្រ​ក្រោមការ​សម្របសម្រួល របស់អាជ្ញាធរ​សាលារាជ​ធានីភ្នំពេញ និងបាន​ទទួលញត្តិពេល​ទៅដល់ទីស្តីការ​គណៈរដ្ឋមន្ត្រី ។ សូមបញ្ជាក់ថា ក្រុមកូដករ​ណាហ្គាវើលដ៍បាន​ធ្វើកូដ​កម្មទាមទារ ឱ្យមាន​ការដោះស្រាយលើ​ករណីវិវាទការងារ​រវាងកូដករ និងក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ ចាប់តាំង​ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលអូសបន្លាយ​ពេល ជាយូរ​ណាស់មក​ហើយ រហូតមកទល់​ពេលនេះ និងក៏មានការជួប​ចរចារជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជាច្រើនលើក​ច្រើនសារ​មកហើយផង​ដែរ ក៏ប៉ុន្តែ​នៅតែមិន​ទាន់មាន​ដំណោះស្រាយ​បញ្ចប់វិវាទ​នេះនៅឡើយទេ ៕