ដង្ហែរក្បួនធម្មយាត្រាដើម្បី “ លើកកម្ពស់សីលធម៌សង្គម”

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រួមទាំងសកម្មជនសង្គម និងគ្រួសារសកម្មជននយោបាយ បានដើរដង្ហែរក្បួនធម្មយាត្រាពីភ្នំពេញទៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកតាឧកញ៉ា ឃ្លាំង មឿង ខេត្តពោធិ៍សាត់ ដើម្បីកម្ពស់សីលធម៌សង្គម ។ ការដើរដង្ហែរក្បួនធម្មយាត្រានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយចាប់ផ្តើមពីរូបសំណាក់លោកយាយ ពេញ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជា ៥០នាក់ ការដង្ហែរក្បួនធម្មយាត្រាឆ្ពោះទៅខេត្តពោធិ៍សាត់នេះ


ធ្វើដំណើរឆ្លងកាត់បួនខេត្ត គឺខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នៅត្រង់ចំណុចបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកតាឧកញ៉ា ឃ្លាំង មឿង ។ អ្នករៀបចំ និងដឹកនាំធម្មយាត្រានេះ បានបញ្ជាក់ប្រាប់ថា ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម និងទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការកែលម្អចំនួន ៤ ចំណុច ដូចជា៖ ទី១ សូមឲ្យអ្នកនយោបាយខ្មែរ គ្រប់ភាគីងាកមករកការផ្សះផ្សារជាតិ និងប្រកួតប្រជែងគ្នាប្រកបដោយសីលធម៌ ក្នុងនាមជាមនុស្សជាតិ។ ទី២ អ្នកមានអំណាចត្រូវបញ្ឍប់ការរំលោភបំពានលើពលរដ្ឋខ្មែរស្លូតត្រង់។ ទី៣ សូមឲ្យដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ ដើម្បីបង្ហាញពីភារតភាព និងសាមគ្គីភាពជាតិខ្មែរនឹងខ្មែរ ។ និងទី៤ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បញ្ឈប់ការប្រកាន់បក្សពួកនិយម ហើយងាកមកសាមគ្គី និងមានចិត្តមេត្តា ក្នុងនាមជាខ្មែរមហានគរ។

#សមាគមអាដហុក សង្កេតឃើញថា ក្រៅពីអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ក៏មានវត្តមានសមត្ថកិច្ចជាច្រើននាក់បានព្យាយាមតាមដានយ៉ាងយកចិត្តទុក បន្តបន្ទាប់គ្នាឃ្លាំមើល និងថតរូបអ្នកចូលរួមហែរក្បួនធម្មយាត្រាយ៉ាងសកម្មផងដែរ ៕