ការចាប់ឃុំខ្លួនលោក រ៉ុង ឈុន
តំណាងក្រុមប្រឹងក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា
នៅវេលាម៉ោង ៩កន្លះ យប់ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវបានកងកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រមាណ ២០ ទៅ៣០នាក់ សំរុកចូលទៅចាប់ខ្លួនលោកទាំងយប់ ខណៈពេលដែលលោកកំពុងនៅក្នុងគេហដ្ឋានរបស់ខ្លួន ស្ថិតនៅផ្ទះលេខ៨៨ ភូមិទួទរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ ដោយចោទថា លោក មានជាប់ពាក់ព័ន្ធបទល្មើសញុះញ៉ុងឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។
សូមបញ្ជាក់ថា នៅមុនពេលចាប់ខ្លួន គឺនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានដឹកនាំក្រុមការងាររបស់លោក ចុះទៅពិនិត្យផ្ទាល់ត្រង់កន្លែងដីដែលមានទំនាស់រវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរវៀតណាម ត្រង់ចន្លោះបង្គោលព្រំដែនលេខ១១៤ ដល់ ១១៩ កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបានជួបសម្ភាសន៍ប្រមូលព័ត៌មានជាមួយប្រជាពលរដ្ឋនៅទីនោះផងដែរ ។ បន្ទាប់មកនៅថ្ងៃទី២១ ខែឆ្នាំដដែល ក្នុងនាមតំណាងក្រុមប្រឹងក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ស្នើឲ្យរដ្ឋាភិបាលពង្រឹងការការពារតាមខ្សែបន្ទាត់ព្រំដែន និងផ្តល់ដីប្រមាណ ៦០ហិកតា ដែលកំពុងមានជម្លោះឲ្យមកប្រជាពលរដ្ឋធ្វើស្រែ-ចំការវិញ ។ ប៉ុន្តែ សេចក្តីថ្លែងការណ៍នេះត្រូវបាន គណៈកម្មាធិការចំរុះកិច្ចការព្រំដែនចាត់ទុកថា ជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមានចេតនាទុច្ចរិត។ ជាមួយគ្នានេះផងដែរ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោកក៏បានទៅចូលរួមជាមួយកម្មករ កម្មការនី រោងចក្រកាត់ដេរជាង ២០០នាក់ នៅមុខវត្តបុទុមវត្តី ក្បែរគេហដ្ឋាននាយករដ្ឋមន្ត្រី ”វិមានឯករាជ្យ” ដើម្បីដាក់ញត្តិស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីអន្តរាគមន៍ជុំវិញ ការបិទរោងចក្រដោយសារបញ្ហាកូវីដ១៩ ។
លោក រ៉ុង ឈុន ដែលគេធ្លាប់ដឹងទាំងអស់គ្នាថា ជាសកម្មជនសហជីព និងកិច្ចការព្រំដែនយ៉ាងសកម្មមួយរូបនាពេលកន្លងទៅ រហូតរូបលោកត្រូវទទួលរងការចាប់ឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ អស់រយៈពេល ៣ខែក្នុងអំឡុងឆ្នាំ២០០៥ ពីសំណាក់សមត្ថកិច្ចដោយចោទពីបទ ”បរិហារកេរ្តិ៍ និង ញុះញង់” និងនៅឆ្នាំ២០១៤ លោកត្រូវបានឃាត់ខ្លួនម្តងទៀតជាមួយអ្នកការពារសិទ្ធិមនុស្ស ១០នាក់ផ្សេងទៀត ខណៈពួកគេអំពាវនាវឲ្យមានការដោះលែងអ្នកតវ៉ាជិត ២០នាក់ ដែលត្រូវបានចាប់ខ្លួន អំឡុងពេលមានការតវ៉ាបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ទៀតផង ។
បន្ទាប់ពីត្រូវបានឃាត់ខ្លួនអស់មួយយប់នៅកន្លែងសមត្ថកិច្ចប៉ូលីស ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ម៉ោងប្រហែល១១ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចុងក្រោយ លោកត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ”ម១” ដោយចោទពីបទ ”ញុះញង់ បង្ករឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ចំណែកនៅពីខាងមុខតុលាការឯនោះវិញ អ្នកគាំទ្រលោក រ៉ុង ឈុន ជាច្រើននាក់ បានឈរលើកបដា និងស្រែកទាមទារឲ្យតុលាការធ្វើការទំលាក់ចោលការចោទប្រកាន់ និងដោះលែងលោក រ៉ុង ឈុន វិញ ជាបន្តបន្ទាប់បើទោះបីជាមានកងកម្លាំងសន្តិសុខឈរចាំរារាំង និងម្តងម្កាលបញ្ជាឲ្យពួកគេបំបែកការជួបជុំនេះវិញក៏ដោយ ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ សមត្ថកិច្ចបានដាក់របាំងនៅទីតាំងខាងមុខសាលាដំបូងរាជធានីភ្នំពេញ រារាំងមិនឲ្យអ្នកទាមទារតវ៉ា បន្តការទាមទារនៅទីនោះបានបន្តទៀតទេ ជាហេតុធ្វើឲ្យក្រុមអ្នកតវ៉ាដើរដង្ហែរតាមផ្លូវនានា ក្នុងរាជធានីភ្នំពេញ ដោយមានការរារាំង និងហាមឃាត់ជាបន្តបន្ទាប់ រហូតមានអំពើហិង្សាកើតឡើងចំពោះអ្នកតវ៉ា រងរបួសបន្ទាប់ពីការរុញច្រាន ពីសំណាក់ក្រុមសន្តិសុខខណ្ឌផងដែរ ៕