នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ កម្មកររោងចក្រវ៉ាយ & ដាប់បែលយូ (Y&W) ហ្គាមិន ប្រមាណ ២០០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនាំគ្នាតវ៉ានៅខាងមុខរោចក្រ និងដើរដោយថ្មើរជើង ឆ្ពោះទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្នើដល់ក្រសួង ជួយដោះស្រាយបណ្តឹងវិវាទការងាររួម របស់កម្មករនិយោជិតដោយនាយកក្រុមហ៊ុន ពុំមានលទ្ធភាពបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតលើកទី២ដែលត្រូវបើកជូននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ និងមិនបានបង់វិភាគទាន ប.ស.ស សម្រាប់ខែមករានិងខែកុម្ភៈហើយមិនបានដោះស្រាយសំណងអត្ថប្រយោជន៍ទៅតាមនីតិវិធីផ្លូវច្បាប់ស្តីពីការងារ។
ព្រឹកនេះផងដែរក្បួនដង្ហែដើរមកដល់ចំណុចមុខវត្តជ្រោយបទុមហៅព្រែកជីក ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏មានតំណាងក្រសួងការងារ ១រូប មកទទួលលិខិត និងសន្យាថានឹងយកទៅដោះស្រាយជូនកម្មករ បន្ទាប់មកកម្មករក៏ត្រលប់ថយទៅវិញនៅម៉ោង៨នឹង៣០នាទី៕