នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ប្រមាណជិត ១០០នាក់ ។
បានមកជួបជុំគ្នាស្ថិតនៅទីតាំងតម្កល់រូបសំណាករបស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដ៏ល្បីឈ្មោះ ដែលត្រូវឃាតកបាញ់សម្លាប់យ៉ាងព្រៃផ្សៃកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤កន្លងទៅ ដើម្បីរំលឹកនូវគុណូបការៈដ៏ថ្លៃថ្លា និងរវីរភាពដ៏អង់អាចក្លាហានរបស់លោក កាលនៅរស់រានមានជីវិត ក្នុងការទាមទារសិទ្ធិសេរីភាព លក្ខខណ្ឌការងារល្អប្រសើរជូនកម្មករ កម្មការិនីខ្មែរ ជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងធ្វើការអំពាវនាវ ទទូចឲ្យសមត្ថកិច្ចនគរបាលយុត្តិធម៌គ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ចាត់ការស៊ើបអង្កេតតាមនីតិវិធីស្វែងរកមុខឃាតកពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នងឃាតករមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់ពន្លឺយុត្តិធម៌ដល់ក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ ឈានទៅលុបបំបាត់វប្បធម៌និរទណ្ឌភាព និងពង្រឹងយុត្តិធម៌សង្គមនៅកម្ពុជា។
នៅថ្ងៃនោះផងដែរ #សមាគមអាដហុក សង្កេតឃើញថា ក្រៅពីថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីពសេរីកម្មករ ក៏មានអ្នកសារព័ត៌មាន ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងក្រុមអាជ្ញាធរ ស្លៀកឯកសណ្ឋាន ខ្លះជាស៊ីវិលប្រមាណជា ៥០នាក់ តាមឃ្លាំមើល និងថតរូបជាប្រចាំ ។
គួរបញ្ជាក់ថា លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់យ៉ាងព្រៃផ្សៃនៅមុខតូបលក់ការសែត ក្បែររបងខាងលិច វត្តលង្កាព្រះកុសុមារាម កំណាតផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន (បច្ចុប្បន្ន ខណ្ឌបឹងកេងកង) រាជធានីភ្នំពេញ កាលពីថ្ងៃទីទី២២ ខែមករា ឆ្នាំ២០០៤ មកដល់ពេលនេះនូវមិនទាន់ចាប់ខ្លួនឃាតក និងអ្នកនៅពីក្រោយខ្នងឃាតកបាននៅឡើយទេ៕