អាជ្ញាធរខេត្តកោះកុង ចាប់យកកង់ក្រុមយុវជនការពារបរិស្ថាន
ដាក់ញត្តិសង្គ្រោះកោះកុងក្រៅ
ខេត្តកោះកុង, ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ២០២០
សមាគមការពារសិទ្ធិមនុស្ស អាដហុក បានចាត់ទុក ការចាប់យកកង់ និងហាមឃាត់ការជិះកង់របស់ក្រុមយុវជន ក្នុងយុទ្ធនាការដោយសន្តិវិធី ដើម្បីអភិរក្សការពារកោះក្រៅ ក្នុងខេត្តកោះកុង ជាការរំលោភលើសេរីភាពបញ្ចេញមតិ ដែលជាសិទ្ធិសេរីភាពមូលដ្ឋានក្នុងសង្គមប្រជាធិបតេយ្យ យ៉ាងធ្ងន់ធ្ងរ ។
កាលពីព្រឹកថ្ងៃទី២ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមយុវជនស្រាឡាញ់បរិស្ថានមានគ្នាប្រមាណ ១៨ នាក់ បានជិះកង់ចេញពីទីរួមខេត្តកោះកុង ទៅភ្នំពេញ ក្នុងគោលបំណងដាក់ញ្ញតិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំការសង្គ្រោះកោះកុងក្រៅ ឲ្យនៅជាតំបន់អភិរក្សបែបធម្មជាតិ ។ លុះមកដល់ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចនគរបាលអធិការស្រុកកោះកុង ធ្វើការឃាត់ដំណើរ ដើម្បីពិនិត្យសុខភាព និងសាកសួរកត់ឈ្មោះ និងសួរពីគោលបំណងនៃយុទ្ធនាការជិះកង់នេះ ។ ការសាកសួរចេះតែពន្យាពេលរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ប៉ូលីសក៏បានដកហូតយកកង់ពីក្រុមយុវជនយកមកទុកនៅអធិការដ្ឋានស្រុកកោះកុង ។ ក្រុមយុវជនបានបន្តដំណើរដោយថ្មើជើងទៅមុខបន្តទៀត ។
លុះព្រឹកឡើងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានហៅក្រុមយុវជនមកពិភាក្សាគ្នា ជាមួយនាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ប៉ាន់ ខែមប៊ុនថន នៅអធិការនគរបាលស្រុកកោះកុង ដើម្បីទទួលញ្ញតិពីក្រុមយុវជន តែពួកគេមិនព្រមប្រគល់ឲ្យទេ ដោយតបទៅខាងនាយករងខុទ្ទកាល័យថា ពួកគេនឹងយកទៅដាក់ដល់ខុទ្ទកាល័យនៅភ្នំពេញ កិច្ចពិភាក្សានេះ មិនត្រូវក្រុមយុវជនមិនយល់នោះទេ ខាងអាជ្ញាធរខេត្តបានស្នើទៅលោកព្រះរាជរង ចាត់វិធានការបន្ត ដោយសមត្ថកិច្ចនគរបាលបានឲ្យក្រុមយុវជនធ្វើកិច្ចសន្យា ប៉ុន្តែពួកគេមិនព្រមធ្វើនោះទេ និងហាមមិនឲ្យក្រុមយុវជន ប្រើប្រាស់ទូរស័ព្ទទាក់ទងឡើយ ។
សមត្ថកិច្ចនគរបាលបានហៅយុវជនធ្វើការសាកសួរធ្វើកំណត់ហេតុ ម្នាក់ម្តងៗ រហូតដល់វេលាម៉ោងជាង ៣រសៀលថ្ងៃដដែលនេះ ទើបអនុញាតឲ្យក្រុមយុវជនចាកចេញពីអធិការនគរបាលស្រុកកោះកុង ដោយមិនមានការផ្តិតមេដៃលើកិច្ចសន្យា ដែលសមត្ថកិច្ចបានធ្វើនោះឡើយ ។ លុះល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាល ស្រុកកោះកុង បានដឹកយកកង់ ដែលឃាត់ទុកពីក្រុមយុវជននោះ ទៅប្រគល់ជូនក្រុមយុវជនវិញ ដល់រាជធានីភ្នំពេញ ។
សមាគមអាដហុក សុំបញ្ឈប់សកម្មភាពក្នុងការរារាំង និងធ្វើទុកបុកម្នេញ លើការធ្វើសកម្មភាពយុទ្ធនាការនានាដោយសន្តិវិធី ដើម្បីលើកស្ទួយសិទ្ធិសេរីភាពជាមូលដ្ឋាន ស្របតាមរដ្ឋធម្មនុញ្ញ កតិកាសសញ្ញា និងអនុសញ្ញា ស្តីពីសិទ្ធិមនុស្សអន្តរជាតិនានា ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន រួចមកហើយនោះ ៕
អត្ថបទ និងរូបភាព៖ Mr. Thong Chandara