រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
យើងខ្ញុំ ជាអង្គការលើកកម្ពស់សេរីភាពសារព័ត៌មាន សិទ្ធិមនុស្ស និងសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការប្រើប្រាស់អំពើហិង្សា ការឃាត់ខ្លួនតាមទំនើងចិត្ត និងការបំភិតបំភ័យអ្នកសារព័ត៌មានចំនួន៥នាក់និងសកម្មជនចំនួន៤នាក់កាលពីពេលថ្មីៗនេះពីសំណាក់មន្ត្រីកងអង្គរក្សនាយករដ្ឋមន្ត្រីនៅតំបន់ព្រៃភ្នំតាម៉ៅ។
អ្នកសារព័ត៌មានចំនួន៥នាក់មកពីអង្គភាពសារព័ត៌មានឯករាជ្យ វីអូឌី(VOD)និងយុវជនខ្មែរថាវរៈចំនួន៤នាក់ត្រូវបានឃាត់ខ្លួនដោយអយុត្តិធម៌អស់រយៈពេលប្រមាណ៧ម៉ោងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ អ្នកទាំងនោះត្រូវបានឃាត់ខ្លួននៅក្នុងព្រៃភ្នំតាម៉ៅកាលពីព្រឹកថ្ងៃអង្គារ ដោយមន្ត្រីកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី (BHQ) និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ។
អាជ្ញាធរបានប្រាប់អ្នកកាសែត វីអូឌី ថាពួកគេមិនត្រូវបានអនុញ្ញាតឱ្យថតរូប វីដេអូ ឬបង្ហោះដ្រូននៅភ្នំតាម៉ៅទេ ដោយអះអាងថារូបថតនិងវីដេអូទាំងនោះអាចត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត។ ការចោទប្រកាន់នោះមិនសមហេតុផលឡើយ ហើយយើងខ្ញុំមិនអាចទទួលយកការរឹតត្បិតតាមអំពើចិត្តលើអ្នកសារព័ត៌មានឡើយ។
យើងខ្ញុំក៏សម្ដែងការសោកស្ដាយផងដែរចំពោះការប្រើអំណាចដោយខុសច្បាប់របស់អាជ្ញាធរនិងការប្រើអំពើហិង្សាលើរូបរាងកាយលើអ្នកសារព័ត៌មាននិងសកម្មជន ហើយយើងអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឥតលម្អៀងលើហេតុការណ៍នេះ ក៏ដូចជាផ្តន្ទាទោសចំពោះអាជ្ញាធរណាដែលប្រព្រឹត្តល្មើសនឹងច្បាប់និងផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះ។
អ្នកថតវីដេអូរបស់វីអូឌីម្នាក់ត្រូវបានមន្រ្តីកងអង្គរក្សទះកំផ្លៀងនៅពេលដែលគាត់បដិសេធមិនប្រគល់ទូរសព្ទដែលគាត់ប្រើដើម្បីថតនៅពេលដែលកងអង្គរក្សសួរនាំសហការីរបស់គាត់។
លោក ហ៊ី ឆាយ ជាអ្នកថតវីដេអូរបស់ វីអូឌីនិងជនរងគ្រោះដោយកងអង្គរក្សទះកំផ្លៀងបាននិយាយថា «ខ្ញុំកំពុងដើរទៅវត្ត [ក្នុងព្រៃភ្នំតាម៉ៅ] និងឮថាសហការីត្រូវឃាត់ខ្លួន។ ខ្ញុំក៏ត្រលប់ទៅរកពួកគាត់វិញនិងដកទូរសព្ទដើម្បីថតទុកជាឯកសារ ស្រាប់តែមានអង្គរក្សម្នាក់ដើរមករកខ្ញុំ និងប្រាប់ខ្ញុំកុំឱ្យថតហើយគាត់ចង់យកទូរសព្ទពីខ្ញុំប៉ុន្តែខ្ញុំមិនឱ្យ។ គាត់ក៏ទះកំផ្លៀងខ្ញុំនិងឆក់យកទូរសព្ទពីដៃខ្ញុំ»។
លោក ហ៊ុន វណ្ណៈ សកម្មជនខ្មែរថាវរៈក៏ត្រូវបានមន្រ្តីអង្គរក្សវាយម្តងហើយម្តងទៀតខណៈពួកគេរុញគាត់ឡើងរថយន្តក្នុងអំឡុងពេលឃាត់ខ្លួន។
លោក ហ៊ុន វណ្ណៈ បាននិយាយក្រោយពេលលោកត្រូវដោះលែងថា៖ «ខ្ញុំបដិសេធមិនឡើងរថយន្តហើយគាត់បានដាល់មុខខ្ញុំបីដៃនិងលោតទាត់ក្បាលខ្ញុំ»។
|
អាជ្ញាធរបានអះអាងកាលពីថ្ងៃទី១៦ ខែសីហា ថា អ្នកទាំង៩នាក់បានចូលទៅក្នុងតំបន់ហាមឃាត់ក្នុងព្រៃភ្នំតាម៉ៅ (ជាទីតាំងដែលមានការឈូសឆាយនិងកាប់បំផ្លាញព្រៃឈើប្រមាណ១ភាគ៤នៃទំហំដីសរុបកាលពីដើមខែ)។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ អ្នកសារព័ត៌មាននិងអ្នកផ្សេងទៀតអាចរាយការណ៍ ថតរូប និងថតវីដេអូដោយសេរីអំពីការកាប់បំផ្លាញព្រៃឈើ ការដាំដើមឈើឡើងវិញ និងការអភិវឌ្ឍផ្សេងៗទៀតនៅក្នុងតំបន់នេះ។ ការរឹតត្បិតទាំងនេះកើតឡើងភ្លាមៗតាមទំនើងចិត្តនិងរំលោភលើសេរីភាពសារព័ត៌មាន។
លើសពីនេះ អ្នកកាសែតទាំង៥នាក់និងសកម្មជនខ្មែរថាវរៈ៤នាក់រួមមានលោក ហ៊ុន វណ្ណៈ អ្នកស្រី ឈឿន ដារ៉ាវី កញ្ញា ឆែម ស្រីគា និងកញ្ញា សុគន្ធ តុលា ត្រូវបានដោះលែងកាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីអាជ្ញាធរតម្រូវឱ្យពួកគេផ្ដិមមេដៃលើ «កិច្ចសន្យា»។ កិច្ចសន្យានោះបានសរសេរថា អ្នកសារព័ត៌មានបានបង្ហោះដ្រូនដោយគ្មានការអនុញ្ញាតពីអាជ្ញាធរបើទោះបីជាមិនមានច្បាប់ណាចែងពីការហាមមិនឱ្យបង្ហោះដ្រូននៅតំបន់នោះក៏ដោយ។ យើងចាត់ទុកទង្វើនេះថាជាការបង្ខិតបង្ខំ ការយាយី និងការបំភិតបំភ័យ។
សិទ្ធិរបស់អ្នកកាសែតឯករាជ្យក្នុងការរាយការណ៍ព័ត៌មានដោយសេរីនៅក្នុងប្រទេសកម្ពុជាត្រូវតែមានការការពារជាពិសេសនៅពេលរាយការណ៍អំពីបញ្ហាផលប្រយោជន៍សាធារណៈដូចជាការកាប់បំផ្លាញព្រៃឈើនៅភ្នំតាម៉ៅអស់ជាច្រើនហិកតានាពេលថ្មីៗនេះ។ ច្បាប់ស្តីពីសារព័ត៌មានឆ្នាំ១៩៩៥ របស់កម្ពុជាដែលនៅធរមាននៅឡើយ បានហាមប្រាមចំពោះការត្រួតពិនិត្យមុនបោះពុម្ពផ្សាយ ដូចហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៦ខែសីហានៅពេលដែលអាជ្ញាធរបានប្រាប់អ្នកកាសែតថាពួកគេមិនត្រូវបានអនុញ្ញាតឱ្យថតរូបឬថតវីដេអូនៅក្នុងតំបន់នោះឡើយដោយគ្មានការអនុម័តជាមុនឡើយ និងនៅពេលដែលមន្រ្តីអង្គរក្សរឹបអូសយកឧបករណ៍របស់ពួកគេរួមមានទូរសព្ទ កាមេរ៉ា និងដ្រូនជាដើម។
ដូចគ្នានេះដែរ អ្នកសារព័ត៌មាននិងសកម្មជន មានសិទ្ធិក្នុងការចងក្រងឯកសារនិងត្រួតពិនិត្យដោយសេរីអំពីការបំផ្លិចបំផ្លាញបរិស្ថាននិងការរំលោភសិទ្ធិ និងបញ្ចេញមតិជាសាធារណៈដែលជាសិទ្ធិត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជានិងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ។
យើងឈរដោយសាមគ្គីភាពជាមួយសហការីរបស់យើងដែលធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងជាអ្នកការពារសិទ្ធិមនុស្សប្រឆាំងនឹងអំពើហិង្សាដែលប្រព្រឹត្តដោយអាជ្ញាធរ ការឃាត់ខ្លួនតាមទំនើងចិត្ត ការយាយី និងការបំភិតបំភ័យ។ យើងខ្ញុំសូមស្នើសុំដោយទទូចដល់អាជ្ញាធរជាតិឱ្យគោរពច្បាប់ស្តីពីរបបសារព័ត៌មាន រដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ជាតិ និងអន្តរជាតិទាំងអស់ដែលធានាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិរបស់អ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សទាំងអស់ក្នុងការចងក្រងឯកសារនិងផ្សព្វផ្សាយជាសាធារណៈនូវសកម្មភាពរបស់រដ្ឋនិងបម្រើសង្គម។
សាវតារ
អំពើហិង្សានិងការឃាត់ខ្លួនអ្នកកាសែតវីអូឌី៥នាក់និងសកម្មជនខ្មែរថាវរៈចំនួន៤នាក់កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រៃភ្នំតាម៉ៅរងការកាប់បំផ្លាញអស់ជាច្រើនហិកតាដោយបានបាត់បង់ព្រៃឈើប្រមាណ៥០០ហិកតាលើផ្ទៃដីប្រមាណ២០០០ហិកតាក្នុងរយៈពេលប្រហែលមួយសប្តាហ៍។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យដាំដើមឈើវិញនៅថ្ងៃទី៧ ខែសីហា ដោយលុបចោលសម្បទានដែលរដ្ឋាភិបាលរបស់លោកផ្តល់ឱ្យពាណិជ្ជករមួយចំនួនរួមមានឧកញ៉ា ឡេង ណាវ៉ាត្រានិងឧកញ៉ា ឃុន សៀ។ ការលុបចោលនេះបានធ្វើឡើងបន្ទាប់ពីអត្ថបទរបស់ វីអូឌី រួមជាមួយនឹងរូបថតនិងវីដេអូថតដោយដ្រូនអំពីការកាប់បំផ្លាញព្រៃឈើយ៉ាងឆាប់រហ័ស។ អត្ថបទព័ត៌មានផ្សេងទៀតនិងរូបភាពថតដោយដ្រូននៃការឈូសឆាយបានធ្វើឱ្យសាធារណជនផ្ទុះកំហឹងនៅលើបណ្តាញសង្គមជុំវិញការកាប់បំផ្លាញព្រៃឈើនោះ។
អ្នកសារព័ត៌មានវីអូឌី៥នាក់ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ ពេលនោះកំពុងតាមដានបន្តអំពីស្ថានការណ៍នៅទីនោះ ដែលក្នុងនោះរួមមានទាំងការសម្ភាស ថតរូប និងថតវីដេអូដោយប្រើដ្រូនជាដើម។
សកម្មជនខ្មែរថាវរៈត្រូវបានឃាត់ខ្លួន បន្ទាប់ពីសមាជិកម្នាក់របស់ខ្លួនកំពុងផ្សាយផ្ទាល់តាមហ្វេសប៊ុកពីភ្នំតាម៉ៅ ហើយក្រុមសកម្មជននេះក៏បានដាក់ញត្តិអំពីព្រៃភ្នំតាម៉ៅទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវផងដែរ។ មានការបាយការណ៍ថា អាជ្ញាធរបានចាប់ផ្តើមបោះបង្គោលនៅតំបន់ដីព្រៃននោះ ដោយធ្វើឱ្យអ្នកភូមិមានការងឿងឆ្ងល់និងជំរុញឱ្យក្រុមសកម្មជនខ្មែរថាវរៈចុះទៅមើល។
សម្ដេច ហ៊ុន សែន បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ឥលូវនេះ កងអង្គរក្សរបស់គាត់ទទួលខុសត្រូវក្នុងការយកឈើដែលបានកាប់រួចចេញ រៀបចំដី និងដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកកាលពីមុនបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍនិងឈូសឆាយផ្នែកខ្លះនៃព្រៃឈើភ្នំតាម៉ៅ។ នាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួងកសិកម្មរៀបចំភ្នំតាម៉ៅឡើងវិញជាតំបន់ព្រៃការពារ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
- លោក អ៊ិត សូធឿត នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លេខមានបណ្តាញ Signal លេខ (+៨៥៥) ១២៨១៩៥៤៥ (ភាសាខ្មែរនិងអង់គ្លេស)
- អ្នកស្រី ឈឿន ដារ៉ាវី សមាជិកខ្មែរថាវៈ Signal លេខ(+៨៥៥) ១២ ២០៩ ៣១១ (ភាសាខ្មែរ)
- លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លេខមានបណ្តាញSignal លេខ(+៨៥៥) ១២៥១៩២៦១ (ភាសាខ្មែរនិងអង់គ្លេស)
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លេខមានបណ្តាញSignal (+៨៥៥) ១០៣២៧៧៧០ (ភាសាខ្មែរ)
- អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ លេខមានបណ្តាញSignal (+៨៥៥) ១២២១៤៤៥៤ (ភាសាអង់គ្លេស)
- លោក ដានីញែល បាស្តាត នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកកាសែតគ្មានព្រំដែន តាមអ៊ីមែល dbastard@rsf.org(ភាសាអង់គ្លេស)
សេចក្ដីថ្លែងការណ៍នេះ ចូលរួមគាំទ្រដោយ៖
- អង្គការអាក់សិនអេដកម្ពុជា
- វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ
- អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ.)
- អង្គការអភិវឌ្ឍន៍សំលេងសហគមន៍
- សមាគមកម្ពុជាការពារអ្នកកាសែត
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
- សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
- គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC)
- សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
- សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
- សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)
- សមាគមបណ្តាញយុវជនកម្ពុជា
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)
- មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន (ម.អ.ច.ស.)
- អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC)
- សម្ព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ)
- ក្លិបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC)
- អង្គការអ្នកកាសែតគ្មានព្រំដែន
- សមាគមធាងត្នោត
- អង្គការតម្លាភាពអន្តរជាតិកម្ពុជា
- អង្គការទ្រទ្រង់ភូមិ
- កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
- សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
- សហគមន៍មានជ័យ (ស្វាយរៀង)
- សហគមន៍ភ្នំក្រោម (សៀមរាប)
- សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លីព្រៃពាយ (កំពត)
- សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
- សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
- សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
- សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
- សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
- សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)