សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា “អាដហុក” មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ស្ថានទូតអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា នៅវេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកាសម្រេចសេចក្តីលើ សាលក្រមព្រហ្មទណ្ឌលេខ ៧៣០ ក្រវ”ថ” ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសបុគ្គលិកសមាគមអាដហុកចំនួន ០៣ (បី) រូប រួមមានលោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និងអតីតបុគ្គលិកអាដហុកចំនួន ០២ (ពីរ) រូបទៀតគឺលោក ណៃ វង់ដា និងលោក នី ចរិយា ដាក់ពន្ធនាគារ ម្នាក់ៗកំណត់០៥ឆ្នាំ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល១៤ (ដប់បួន) ខែ និងសល់ប៉ុន្មានព្យួរ ពីបទ “សូកប៉ាន់សាក្សី” ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ហើយត្រូវបានអ្នកទាំង ៥ រូបប្តឹងទៅសាលាឧទ្ធរណ៍ កាលពីចុងឆ្នាំ២០១៨ ដើម្បីរកយុត្តិធម៌ និងផ្តល់នូវកិត្តិយសដល់ពួកគាត់វិញ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជំរះលើបណ្តឹងឧទ្ធរណ៍របស់អ្នកទាំងប្រាំខាងលើ ដោយមិនទាន់បានប្រកាសសាលដីកានៅឡើយ និងលោកចៅក្រមប្រឹក្សាបានសម្រេចលើកពេលប្រកាសសាលដីកាមកវេលាម៉ោង៨ ថ្ងៃទី២៣ ខែឧសភា នេះ ។
ដូច្នេះ យើងខ្ញុំសូមគោរពអញ្ជើញសាធារណៈជន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ តំណាងស្ថានទូត អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចូលរួមតាមដានកុំបីខាន ៕
សូមអរគុណ!
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក ភិន សាវៃ ៖ (855) 86 831 666