ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
សេចក្តីថ្លែងការណ៍រួមរបស់សមាគម អង្គការសង្គមស៊ីវិល
ស្តីពី
ការទាមទាររាជរដ្ឋាភិបាលកម្ពុជាឲ្យបិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
គ្រប់រូបភាពជាអចិន្ត្រៃយ៍
យើងខ្ញុំ ជាសមាគម អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យគ្រឿងស្រវឹង សុខភាព យុវជន សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ ធនធានធម្មជាតិ សូមស្វាគមន៍ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងព័ត៌មានដែលបានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទូរទស្សន៍ វិទ្យុគ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ រួមទាំងហាមឃាត់ការលក់ដូរ និងពិសាគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងប្រទេស អំឡុងពេលនៃ ការរឹតបន្តឹងវិធានការរដ្ឋបាលរបស់អាជ្ញាធរស្របជាមួយវិធានការសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ បច្ចុប្បន្នជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា បង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ព្រោះជំងឺនេះកំពុងតែរីករាលដាលនិង គំរាមកំហែងដល់អាយុជីវិត ប្រជាពលរដ្ឋខ្មែរ ដោយមានអត្រាអ្នកឆ្លងប្រចាំថ្ងៃកាន់តែមានចំនួនកើនឡើងខ្ពស់ ជាក់ស្តែងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះមានអ្នកឆ្លងកូវីដ១៩ រហូតដល់ ៨៤១នាក់ ហើយរហូតមកដល់ពេលនេះអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ សរុបជាង ១០០នាក់។
ដោយហេតុថាការប្រើប្រាស់គ្រឿងស្រវឹងជាហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ព្រមទាំងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើនដល់សុខភាពនិងសុខុមាលភាពសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងជាបន្ទុកជំងឺជាង ២០០មុខ នេះបើតាមការបញ្ជាក់ដោយរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នំា២០១២។ ហេតុនេះសមាគម អង្គការសង្គមស៊ីវិលស្នើរាជរដ្ឋាភិបាលកម្ពុជា បិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមស្ថានីយ៍ទូរទស្សន៍ ស្ថានីយ៍វិទ្យុគ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ព្រមទាំងការផ្សព្វផ្សាយជាផ្ទាំងប៉ាណូធំៗតាមដងផ្លូវទាំងអស់ ជាអចិន្ត្រៃយ៍ ដើម្បីលើកស្ទួយសុខភាព និង សុខុមាលភាពសង្គម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អង្គការសង្គមស៊ីវិលក៏សូមលើកទឹកចិត្តផងដែរដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យបន្តរឹតត្បិតទៅលើការលក់ដូរ និងប្រើប្រាស់គ្រឿងស្រវឹងដែលកត្តាបង្កហានិភ័យខ្ពស់ដល់ការឆ្លងមេរោគកូវីដ១៩។
ការបិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាអចិន្ត្រៃយ៍នឹងជួយកាត់បន្ថយការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ផង និងជួយដល់ប្រជាពលរដ្ឋបន្ទាប់ពីជំងឺកូវីដ១៩ផុតរលត់ផង ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពសង្គម ក៏ដូចជាសន្សំថវិកា ដោះស្រាយវិបត្តិបំណុល ក៏ដូចជាការកាត់បន្ថយកំណើននៃភាពក្រីក្រនៅក្នុងសង្គម។
ថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១
សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ៖
១. គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC)
២. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
៣. សម្ព័ន្ធភាព សុខភាពនិងការអភិវឌ្ឍន៍ (HEAD)
៤. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
៥. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Cambodia)
៦. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ( ADHOC )
៧. អង្គការ គាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
៨. អង្គការកម្មវិធីអភិវឌ្ឍន៍យុវជន (YRDP)
៩.គណកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌ នៅកម្ពុជា (COMFREL)
១០.មជ្ឈមមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១១. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
១២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
១៣.អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១៤. សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD)
១៥. សម្ព័ន្ធដើម្បីសុចរឹតភាព និងគណនេយ្យភាពសង្គម (CISA)
១៦. អង្គការសមាគមធាងត្នោត (STT Cambodia)
១៧. សមាគមយុវជនខ្មែរ (KYA)
១៨. អង្គការសិទិ្ធមនុស្សដើម្បីតម្លាភាព និងសន្តិភាព (HROTP)
១៩. វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)
២០. អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT)
២១. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
២២. អង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH)
២៣. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
២៤. អង្គការយុវសន្តិភាព(YFP)
២៥. សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
២៦. អង្គការភូមិខ្ញុំ (MVI)
២៧. អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ (NAS)
២៨. ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)
២៩. អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធនជលផល(FACT)
៣០. អង្គការក្រុមទ្រទ្រង់ភូមិ(VSG)
៣១. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
៣២. សហភាពផ្ទះសាមគ្គី (SH)
៣៣. សហភាពសហជីពកម្ពុជា (CCU)
៣៤. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
៣៥.សមាគមកម្ពុជាកំចាត់រោគរបេង (CATA)
៣៦. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
៣៧. អង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា (CCSP)
៣៨. Adventist Development & Relief Agency (ADRA)
ព័ត៌មានបន្ថែមសូមទាក់ទងៈ
- លោកវេជ្ជបណ្ឌិត ទឹម វរ៉ា នាយកប្រតិបត្តិណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) លេខទូរស័ព្ទ ០៧៧ ២៧៥ ២២៧
- លោកបណ្ឌិត ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) លេខទូរស័ព្ទ ០១២ ៧៦៦៣ ៣៦៤
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) ទូរស័ព្ទលេខ ០១៦ ៨២៨ ២១១