សិក្ខាសាលាថ្នាក់តំបន់ស្តីពី ‘’ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន’’

សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា(អាដហុក) ក្រោមការគាំទ្រថិវិកាដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចអភិវឌ្ឍអន្ត​រ​ជាតិ (United States Agency for International Development ‘’USAID ‘’) កាលពីថ្ងៃទី០៧ និងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានរៀប​ចំសិក្ខាសាលា​ថ្នាក់តំបន់ស្តីពី ‘’ពង្រឹងកិច្ចសន្ទនា​អ្នកការពារ​សិទ្ធិមនុស្ស​មូលដ្ឋាន’’ ស្ថិតនៅផ្ទះសំណាក់ខេមរា ភូមិកំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុងកំពត ខេត្តកំពត ចំនួន ០២ថ្ងៃ។ ដែលមានអ្នកចូលរួម​សរុប ១០២នាក់ ក្នុងនោះ បុគ្គលិក​ស្នាក់ការកណ្តាល ០៦នាក់ , បុគ្គលិកខេត្តពាក់ព័ន្ធ ០៨នាក់, បុគ្គលិកខេត្តសមី ០២នាក់ និងអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន ៨៦នាក់ មកពីតាមបណ្តាការខេត្តចំនួន ០៦ រួមមាន៖ ខេត្តកំពង់ធំ, ព្រៃវែង, ព្រះវិហារ, ស្វាយរៀង, កណ្តាល និងខេត្តកំពង់ចាម។
គោលបំណង៖
១. លើកកម្ពស់សាមគ្គីភាព ពង្រឹកកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នារវាងអ្នកតំណាងសហគមន៍ ក្នុងតំបន់។
២. ផ្តល់ឳកាសអ្នកតំណាងសហគមន៍ជួបប្រជុំគ្នា និងចែករំលែកបទពិសោធន៍និង រាយការណ៍ពីសមិទ្ធិផល និងបញ្ហាប្រឈម បានកើតមានឡើងកន្លងមក។
៣. ពិនិត្យឡើងវិញ និងតម្រង់ទិស អំពីវិធីសាស្ត្រ និងគោលបំណងវគ្គផ្សព្វផ្សាយប្រជាធិបតេយ្យ ដល់សហគមន៍មូលដ្ឋាន។
៤. កំណត់បញ្ហា កំណត់យុទ្ធសាស្ត្រ និងសកម្មភាពតស៊ូមតិ ជាពិសេសបញ្ហាដីធ្លី-ធនធានធម្មជាតិ សេវាសាធារណៈសិទ្ធិមនុស្ស។