កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ព្រះសីហនុ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងប្រជាសហគមន៍ដីធ្លី១៩៧ ស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន៨រូប រួមមានឈ្មោះ៖ ហេង ជ័យ , សុខ ជ័យ ,ដេត ហ៊ួ ,កើត នៅ ,អិន ធូ ,ពូហ៊ួន, ឆាន់ ឈឿន និង អឹប តឹង ក្រោមបទចោទ ” បរិហារកេរ្តិ៍ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ” ដែលសំណុំរឿងនេះ ត្រូវបានសាលាដំបូងខេត្តកោះកុង ចេញសាលក្រមសម្រេចផ្តន្ទាទោសឲ្យអ្នកទាំង៨រូបនេះ ជាប់ពន្ធនាគារ ១ឆ្នាំ និងសំណងរដ្ឋប្បវេណី ៤០លានរៀល(១ម៉ឺនដុល្លា ) ។ ថ្ងៃនេះផងដែរ យើងឃើញមានប្រជាពលរដ្ឋសមាជិកសហគមន៍ដីធ្លី ប្រមាណជា៨០នាក់ មកគាំទ្រអ្នកទាំង៨រូប នៅខាងក្រៅតុលាការ ដោយលើកបដា ទាមទារឲ្យសាលាឧទ្ធរណ៍ព្រះសីហនុ ធ្វើការបដិសេធ សាលក្រមសាលាដំបូងខេត្តកោះកុង និងស្នើសុំឲ្យប្រជាសហគមន៍ទាំង៨រូបរួចផុតពីការចោទប្រកាន់នេះ ។ មុននឹងសវនាការបញ្ចប់ តុលាការបានបញ្ជាក់ថា សំណុំរឿងនេះ នឹងប្រកាសសាលដីកា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ករណីនេះ សមាគមអាដហុកបានយកចិត្តទុកដាក់ឃ្លាំមើល និងផ្តល់មេធាវីការពារក្តីជូនប្រជាសហគមន៍ទាំង៨រូប តាមនីតិវិធីច្បាប់ផងដែរ ៕