តំណាងអង្គការសង្គមស៊ីវិល សហជីព ចំនួន ៤រូប បានជួបប្រជុំជាមួយតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមអភិបាលរងពីររូប មានឯកឧត្តម កើត ឆែ និងឯកឧត្តម មាន ចាន់យ៉ាដា ពិភាក្សាលើសំណើររបស់តំណាងអង្គការសង្គមស៊ីវិល ក្នុងរៀបចំប្រារព្ធពិធីទិវា សិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៣ ដែលបានដាក់ចូលសាលារាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២១ ដោយមានការចូលរួមពីតំណាងអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្រោមរដ្ឋបាលសមត្ថកិច្ចគ្រប់គ្រងរបស់សាលារាជធានីភ្នំពេញ នៅសាលប្រជុំសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ។
បន្ទាប់ពីមានកិច្ចពិភាក្សា នៃកិច្ចប្រជុំនេះ តំណាងអង្គការ សមាគម សហជីព ៤រូប ដែលតំណាងអង្គការ សមាគម និងសហជីព ចំនួន ៣១ស្ថាប័ន ដែលសហការចូលរួមរៀបចំពិធី បានឯកភាពគ្នាប្រារព្ធពិធី នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ ចំនួន ២០០នាក់ ដោយគោរពតាមគោលការណ៍ណៃនាំ របស់ក្រសួងសុខាភិបាល ។ សាលារាជធានីភ្នំពេញ ជួយសហការការពារសន្តិសុខ និងសុវត្ថិភាព ពីខាងក្រៅ ចំណែកខាងក្នុងបរិវេណប្រារព្ធពិធី ជាការទទួលខុសត្រូវរបស់អ្នករៀបចំកម្មវិធី ។ រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏ផ្តល់ជូនរថយន្តសង្គ្រោះចំនួន ០១គ្រឿង សម្រាប់ប្រចាំការនៅកម្មវិធី ដើម្បីត្រៀមជួយអន្តរាគមន៍សង្គ្រោះ ការពារករណីអ្នកចូលរួមមានបញ្ហាសុខភាពផ្សេងៗកើតឡើង ។
សូមបញ្ជាក់ថា តាមការស្នើសុំរបស់ក្រុមអង្គការសង្គមស៊ីវិល គ្រោងរៀបចំអ្នកចូលរួមចំនួន៥០០នាក់ នៅទីលានប្រជាធិបតេយ្យ ប៉ុន្តែដោយសារតែទីតាំងទីលានប្រជាធិបតេយ្យត្រូវបានខាងអង្គការ JICA បានស្នើប្រើប្រាស់ដាក់ការដ្ឋានមួយផ្នែករួចមកហើយ និងមិនអាចដាក់អ្នកចូលរួមលើសពីនេះចំនួន ២០០នាក់បាន និងបញ្ហារីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ទើបខាងតំណាងអង្គការ សមាគម និងសហជីព យល់ព្រមឯកភាពតាមការលើកឡើងរបស់សាលារាជធានីភ្នំពេញ ។
ចំពោះព័ត៌មានបន្ថែមទាក់ទង ៖
លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ០១២ ៦២០ ០១៤
លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ០៨៦ ៣២៤ ៦៦៦