សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប

សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប

សាលា​ដំបូង​ខេត្តកោះកុង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានសម្រេចឃុំខ្លួន​បណ្តោះអាសន្នប្រជាពល​រដ្ឋ៩រូប ក្នុងនោះ​ស្ត្រីម្នាក់​មានកូន​​តាមម្តាយមួយរូបទៅពន្ធនាគារខេត្ត​កោះកុង ខណៈដែល​ដោះលែង​ស្ត្រីមួយ​រូបតាមសំណើរ​សុំនៅក្រៅឃុំ​ដោយមាន​កូនតូច​នៅតាម​ម្តាយ ដោយ​​ដាក់​ឲ្យស្ថិត​ក្រោមការ​ត្រួតពិនិត្យ​តាមផ្លូវតុលាការ ដោយ​ប្រកាន់​ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ។ ចំណែកស្ត្រីមួយរូប​ទៀតដែល​កំពុងជាប់ឃុំមានកូនតាមម្តាយ ដែលមិន​ត្រូវបានដោះលែងឲ្យក្រៅឃុំដែរនោះ គឺលោកស្រី ផាវ ញ៉ឺង ជាសកម្មដីធ្លី​ដ៏សកម្ម​ម្នាក់​នៅ​សហគមន៍​១៧៥ និងកូនប្រុសតូចម្នាក់អាយុជាង០១ឆ្នាំ ដែលសហគមន៍ពួកគាត់កំពុងទាមទារសុំឲ្យអាជ្ញាធរចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ។

សូមបញ្ជាក់ជូនថា កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋសហគមន៍ដីធ្លី នៅស្រុកស្រែអំបិល ប្រមាណជា២០នាក់ ត្រូវបាន​សមត្ថ​កិច្ចឃាត់​ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តកោះកុង  ចំនួន១២នាក់ រួមទាំងកុមារតាមម្តាយផងដែរ នៅចំណុចចំណោតអូរជ្រៅ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងខណ:ពេលដែលប្រជាពលរដ្ឋទាំងនោះ ធ្វើដំណើរទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌ រាជធានីភ្នំពេញ ដើម្បី​សុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបញ្ជូន​មកសាលា​ដំបូង​ខេត្តកោះកុង នារសៀលថ្ងៃដដែលនេះ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះតែម្តង ។ ករណីនេះសមាគមកាពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) រួមនឹងអង្គការ​សង្គមស៊ីវិល​ដែល​បម្រើ​ការងារ​លើវិស័យ​ការពារ​សិទ្ធិមនុស្ស​ជាដៃគូផ្សេងទៀត កំពុងតែយកចិត្តដាក់ឃ្លាំមើលចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ និងពិចារណា​ដាក់មេធាវី​ការពារ​ក្តីជូនពួក​គាត់ដែល​កំពុងរងការចោទប្រកាន់នេះ តាមនីវិធីច្បាប់ ៕