សាលដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៨នឹង៣០នាទីព្រឹក បានបើកសវនាការលើកទី៥ ទៅលើក្រុមសកម្មជនចលនាមាតាធម្មជាតិ។ ប្រធានក្រុមប្រឹក្សាជំនុំជំរះបានបន្តលើកយក ឃ្លីបវីដេអូខ្លីៗមួយទាក់ទងទៅនឹងកិច្ចប្រជុំពិភាក្សារបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលមានការចូលរួមពី លោក អាឡិច ហាន់ដ្រូហ្គន់សាឡេសដេវិតសុន ផងដែរ។ អ្នកចូលរួមសវនាការរួមមាន៖ ១- លោក ថុន រដ្ឋា ២-លោក លី ចាន់ដារ៉ាវុត ៣- លោក យឹម លាងហ៊ី ៤-កញ្ញា ភួង កែវរស្មី ៥- កញ្ញា ឡុង គន្ធា ក្រោមបទចោទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ “។ នៅពេលរសៀលប្រធានក្រុមប្រឹក្សាបានឱ្យតំណាងអយ្យការ និងមេធាវីធ្វើសេចក្តីសន្និដ្ឋានក្នុងនោះ តំណាងអយ្យការ បានសន្និដ្ឋានថា អង្គការមាតាធម្មជាតិត្រូវបានក្រសួងមហាផ្ទៃ លុបឈ្មោះចេញពីបញ្ជីតាំងពីឆ្នាំ២០១៧ មកម៉្លេះហើយសកម្មភាពពួកគេគឺធ្វើខុសច្បាប់ មានការផ្ទេរប្រាក់ មិនច្បាស់លាស់ ម៉្យាងវិញទៀត មានការប្រមាថអង្គព្រះមហាក្សត្រ ។ ចំណែកមេធាវីការពារឱ្យជនជាប់ចោទបានលើក មាត្រា ភស្តុតាងមួយចំនួន ថាការចោទប្រកាន់ គឺគ្មានភស្តុតាងត្រឹមត្រូវ និងបានបញ្ជាក់ថា ការចូលរួមការពារបរិស្ថានមានច្បាប់បរិស្ថាន លើកទឹកចិត្តដល់ពលរដ្ឋ។ អ្នកទាំង ៥រូប បានសូមណូមពរទៅប្រធានក្រុមប្រឹក្សាជំនុំជំរះឱ្យទំលាល់បទចោទដល់ពួកគេ។ សវនាការថ្ងៃនេះត្រូវបានបញ្ចប់ នឹងប្រកាសនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤៕