នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សមាគម អង្គការសង្គមស៊ីវិល ធ្វើពិធីរំលឹកខួប ១១ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី ជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនការពារព្រៃឈើដ៏ឆ្នើម ១រូប ស្ថិតនៅសហភាពផ្ទះសាមគ្គី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានចូលរួមប្រមាណ ៤០នាក់ ដែលមកពីអង្គការសង្គមស៊ីវិល សមាគម ធ្វើការលើវិស័យសិទ្ធិមនុស្ស ធនធានធម្មជាតិ និងដីធ្លី រួមមាន៖ សមាគមអាដហុក(ADHOC) លីកាដូ(LICADHO) សមាគមបណ្តាញយុវជនកម្ពុជា(CYN) សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា(CICA) សមាគមសម្ពន្ធនិសិ្សតបញ្ញវ័ន្តខ្មែរ(KSILA) និងរួមទាំងក្រុមយុវជនស្រលាញ់បរិស្ថាន។ ក្នុងគោលបំណងកាន់ទុក្ខពីការដែលបាត់បង់លោក ឈុត វុទ្ធី ។ ការប្រារព្ធពិធីរំលឹកខួបនៃអំពើឃាតកម្មលើលោក ឈុត វុទ្ធី នេះ អ្នកចូលរួមក៏បានថ្លែងសាររំលឹកពីវីរៈភាពរបសឮលោក ដែលបានខិតខំលះបង់អាយុជីវិតការពារព្រៃឈើ និងទទូចឲ្យរដ្ឋាភិបាលលុបបំបាត់នូវអំពើនិទណ្ឌភាពនៅកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា លោក ឈុត វុទ្ធី ជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនការពារព្រៃឈើដ៏ឆ្នើម ១រូប ដែលធ្វើការងារបណ្តុះបណ្តាល អប់រំ និងពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋានឲ្យយល់ដឹង ព្រមទាំងអនុវត្តសិទ្ធិ និងករណីកិច្ចក្នុងការចូលរួមការពារធនធានធម្មជាតិនៅកម្ពុជា ។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈពេលដែលរូបលោក និងអ្នកសារព័ត៌មាន ២រូបទៀត កំពុងបំពេញបេសកកម្មចុះទៅយកព័ត៌មាននៅជិតតំបន់ព្រៃការពារនៅស្រុកថ្មបាំង នាខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ កន្លងទៅ ៕