សមាគមអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព រួមគ្នាចេញផ្សាយរបាយការណ៍សេរីភាពមូលដ្ឋាន ឆ្នាំទី៤
នាព្រឹកថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ សមាគមអាដហុក (ADHOC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) និងមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) បានសហការប្រារព្ធពិធីចេញផ្សាយរបាយការណ៍ឃ្លាំមើល លើសេរីភាពមូលដ្ឋាន ឆ្នាំទី៤ នៅសាលប្រជុំ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ។គម្រោងឃ្លាំមើលសេរីភាពជាមូលដ្ឋាននេះ គឺជាផ្តួចផ្តើមរួមគ្នាអង្គការទាំង៣ ខាងលើ ដោយបានសហការគ្នាប្រមូលទិន្នន័យ និងចងក្រងជារបាយការណ៍ លើសេរីភាពមូលដ្ឋាន ដែលមាន សេរីភាពជួបប្រជុំ សេរីភាពខាងសមាគម និងសេរីភាពបញ្ចេញមតិ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលពីអង្គការជាតិ អន្តរជាតិ ម្ចាស់ជំនួយ និងតំណាងស្ថានទូតនានា មួយចំនួន ប្រចាំប្រទេសកម្ពុជា ។ ព័ត៌មានដែលមានក្នុងរបាយការណ៍នេះ ត្រូវបានចងក្រងឡើងដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យ ដែលមានកត់ត្រាជាលក្ខណៈប្រព័ន្ធទៅលើប្រភពទិន្នន័យ ទាំងបរិមាណ និងគុណភាព ។ ឆ្នាំទី៤នេះ គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានបានវិភាគលើអត្ថបទនៃសារព័ត៌មានសរុបចំនួន ១១៩៤ និងរាយការណ៍ពីហេតុការណ៍ចំនួន ១១៩ បានធ្វើការស្ទង់មតិសាធារណៈ (ទទួលបានអ្នកឆ្លើយតបសរុបចំនួន ៧៧៩ នាក់) បានធ្វើការស្ទង់មតិជាមួយថ្នាក់ដឹកនាំអង្គការសង្គមស៊ិវិល និងសហជីព (ទទួលបានអ្នកឆ្លើយតបសរុបចំនួន ១៤២ នាក់) ព្រមទាំងបានធ្វើការវិភាគលើក្របខណ្ឌច្បាប់កម្ពុជាដែលទាក់ទិននឹងសេរីភាពមូលដ្ឋាន ។ លំហក្នុងការអនុវត្តសេរីភាពមូលដ្ឋាន នៅតែបន្តរងការរិតត្បិត ជាក់ស្តែងរបាយការណ៍ឆ្នាំទី៤នេះ រួមមាន ការបន្តបង្ក្រាបលើអ្នកមានទស្សនៈនយោបាយផ្ទុយ បំបិតនូវការបញ្ចេញមតិដែលធ្វើឱ្យបរិយាកាសនៃការបញ្ចេញមតិនេះមានការរិតត្បិតលើសេរីភាពខ្លួនឯង ការអនុវត្តច្បាប់ព្រហ្មទណ្ឌតាមទំនើងចិត្ត ពោលគឺបទបរិហារ៍កេរ្តិ៍ បទរួមគំនិតក្បត់ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទក្លែងបន្លំព័ត៌មាន និងការថយចុះការយល់ដឹងរបស់សាធារណៈជនចំពោះសេរីភាពមូលដ្ឋាន ៕
សេចក្តីលំអិតនៃរបាយការណ៍ឆ្នាំទី៤នេះ មាននៅក្នុងរបាយការណ៍ជា៖
ភាសាខ្មែរ៖ ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា
English: Cambodia Fundamental Freedoms Monitor