សមាគមអាដហុកខេត្តកោះកុង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំសហគមន៍ស្តីពី “អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន និង តំណាងសហគមន៍ថ្នាក់ខេត្ត” សណ្ឋាគារ អាស៊ាន ស្ថិតនៅភូមិទី១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិ ខេត្តកោះកុង អ្នកចូលរួមសរុប ៣៨នាក់ ក្នុងនោះស្ត្រី ១៥នាក់។ ដែលមកពីសហគមន៍៖ សហគមន៍១៩៧,១៧៥, ៨០ មកពីភូមិតានី, នាពិសី , ព្រែកជីក ឃុំជីខក្រោម និងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង និងសហគមន៍ ៨៤៣ គ្រួសារមកពីភូមិព្រលាន និងភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង, ដោយឡែកតំណាងសហគមន៍ថ្មី ដែលពួកគាត់មានការរំលោភដីធ្លីដែរនោះ មកពីភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង។ សហគមន៍៩៥៥ ជាសហគមន៍បង្កើតដើម្បីទាមទារដីសម្បទានសង្គមកិច្ច មកពីភូមិបានទៀត និងភូមិសីលាម្នាង ឃុំដងពែង ស្រុកស្រែអំបិលខេត្តកោះកុង ។ សហគមន៍ ដើម្បី ការពារធនធានធម្មជាតិ ឈ្មោះថា សហគមន៍ អារ៉ែង មកពី ភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបារាំង ខេត្តកោះកុង ។
គោលបំណង៖
១.ផ្តល់ឲ្យតំណាងសហគមន៍នូវចំណេះដឹង អំពីច្បាប់ សិទ្ធិដីធ្លី និងធនធានធម្មជាតិ សិទ្ធិស្រ្តី និងអំពើហិង្សាយេនឌ័រ សិទ្ធិបញ្ចេញមតិ សិទ្ធិពលរដ្ឋ សិទ្ធិជនជាតិដើមភាគតិច។
២.ដើម្បីពង្រឹងសាមគ្គីភាពរវាងសហគមន៍នានា នៅថ្នាក់ខេត្ត និងថ្នាក់តំបន់។
៣.ជំរុញសហគមន៍ដែលរងផលប៉ះពាល់ ត្រូវពិភាក្សាគ្នារកដំណោះស្រាយ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយសន្តិវិធី ចំពោះការរំលោភសិទ្ធិមនុស្ស និងបង្កើនការចូលរួមរបស់សមាជិករបស់សហគមន៍ ក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងក្នុងការរៀបចំ ការអនុវត្ត ៕