តាមរយៈសំណុំរឿងសភាព្រហ្មទណ្ឌលេខ៤០៤ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីរូបលោកត្រូវបានសាលាដំបូងខេត្តរតនគិរី ចោទប្រកាន់ពីបទ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃប្រព្រឹត្តនៅភូមិសាមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ពីកំឡុងឆ្នាំ២០១៩-២០២០ តាមមាត្រា៩៧ ចំណុច៦ ច្បាប់ស្តីពីព្រៃឈើ ដោយសម្រេចផ្តន្ទាទោសកំណត់រយៈពេល ៥ឆ្នាំ យ៉ាងអយុត្តិធម៌ ។ ដោយសារតែ លោក ឆន ផល្លា មិនសុខចិត្ត និងសេចក្តីសម្រេចនេះ សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិរូបនេះ បានដាក់ពាក្យបណ្តឹងមកសលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ តាមរយៈមេធាវីកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរំពឹងថាសាលាឧទ្ធរណ៍ នឹងផ្តល់យុត្តិធម៌ពិតប្រាកដជូនរូបលោក ខណៈដែលរូបលោកកំពុងតែជាប់ឃុំខ្លួនពន្ធនាគារខេត្តរតនគិរី អស់រយៈពេលជាង ៧ខែមកហើយ ដោយសារតែធ្វើសកម្មភាពយ៉ាងសកម្មក្នុងការពារព្រៃឈើ និងធនធានធម្មជាតិរបស់លោកដែលធ្វើឱ្យប៉ះពាល់ដល់អ្នកកាប់ឈើលក់ និងឈ្មួញដែលកំពុងប្រមូលទិញឈើផងដែរ គប់គិតគ្នាប្តឹងរូបលោកទៅតុលាការខេត្តរតនគិរី ។ សវនាការព្រឹកមិញនេះ ដឹកនាំដោយ លោកចៅក្រម ម៉ុង មុនីចរិយា ជាប្រធានក្រុមប្រឹក្សា និងតំណាងមហាអយ្យការគឺ លោក កុល បុន ចំណែកដើមបណ្តឹងរដ្ឋប្បវេណី និងសាក្សីអវត្តមានកំឡុងពេលសវនាការនោះទេ ។ កំឡុងពេលសួរដេញដោល ទាំងប្រធានក្រុមប្រឹក្សា ចៅក្រមប្រឹក្សា មហាអយ្យកា និងមេធាវីរបស់ជនជាប់ចោទ ធ្វើការដេញដោលទៅចំណុចទីតាំងដីចំនួន ៣កន្លែងដូចៗគ្នា ដែលដើមបណ្តឹងរដ្ឋប្បវេណី និងសាក្សីអះអាងថា ជាដីរបស់មន្តីបរិស្ថាន ដែលដីចំនួន ៣កន្លែងនេះ ត្រូវបានម្ចាស់ដែលកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ជាដីចម្ការវិលជុំរបស់សហគមជនជាតិដើមភាគីទំពួន ដែលបានប្រើប្រាស់ និងអាស្រ័យផលតាំងពីដូនតាមកហើយ បានមកអះអាងនៅកំឡុងពេលសវនាការនេះផងដែរ មិនតែប៉ុណ្ណោះដីនេះត្រូវចុះបញ្ជីជាដីសហគមន៍ថែមទៀតផង ដោយមិនបានរកឃើញដី និងទីតាំងដីចំនួនជិត ៦០ហិចតា ដូចការចោទប្រកាន់របស់ដើមបណ្តឹងរដ្ឋប្បវេណីឡើយ។ សវនាការនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលហើយសាលដីកានឹងត្រូវលើកយកទៅប្រកាសនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។
សូមបញ្ជាក់ផងដែរថា លោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិយ៉ាងសកម្ម ដែលតែងតែចូលរួមឈឺឆ្អាលទប់ស្កាត់បទល្មើស ការពារព្រៃឈើ និងធនធានធម្មជាតិ ក្នុងខេត្តរតនគិរី ។ សកម្មភាពរបស់លោកជាបន្តបន្ទាប់នោះ គឺ លោកបានចេញមុខដាក់បណ្តឹងបរិហារ៍ចំពោះការមិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ ខណៈនោះហើយ ដែលរូបលោក បានទទួលរងគ្រោះដោយការគំរាមកំហែង បង្កហិង្សា និងបណ្តឹងមកលើរូបលោកជាច្រើនករណី រហូតចុងក្រោយនេះ លោកត្រូវបានចោទប្រកាន់ និងចាប់ឃុំខ្លួនដាក់ពន្ធនាគារខេត្តរតនគិរី ទាំងលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទាំងនោះទៅវិញ ៕