មន្ត្រីសមាគមអាដហុក អង្គការសង្គមស៊ីវិល និងសហគមន៍ជនជាតិភាគតិចទំពូនចូលរួមគាំទ្រ និងលើកទឹកចិត្តដល់លោក ប៉ែន ប៊ុណ្ណារ៍ និងសមាជិកសហគមន៍ពីររូប នៅភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ចូលទៅបំភ្លឺតាមដីកាកោះរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីចងក្រងសហគមន៍ នៃសមាគមអាដហុក និងសមាជិកសហគមន៍នៅសាមុត្រក្រោម លោក ឆន ផល្លា និង លោក ស៊ីថាន ញ៉ាន់ បានចូលទៅបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី វេលាម៉ោង៨ ៣០នាទី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ តាមការកោះហៅ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី។ លោកទាំង ៣រូប ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្រព្រឹត្តទៅនៅចំណុចភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២២ និងថ្ងៃទិ២៣ ខែមិថុនា ឆ្នាំ២០១៧។
សមាគមអាដហុក សូមអំពាវនាវដល់ដៃគូក្នុងស្រុក តំបន់ និងអន្តរជាតិ ស្ថានទូត ព្រមទាំងតំណាងអង្គការសហប្រជាជាតិឱ្យជួយអន្តរាគមន៍មុនពេលដែលស្ថានភាពកាន់តែយ៉ាប់យ៉ឺន។
________________________________________
អត្ថបទ និងរូប៖ ស៊ឹង សែនករុណា