របាយការណ៍នេះ ត្រូវបានកត់ត្រា និងប្រមូលចងក្រងនូវទិន្នន័យឡើង ដើម្បីធ្វើការវិភាគ និងពិនិត្យរកមើលពីផលប៉ះពាល់ដែលបានកើតឡើងពីកំណើននៃការរឹតត្បិតលើសេរីភាពជាមូលដ្ឋាន។ ព័ត៌មាននៅក្នុងរបាយការណ៍នេះ ត្រូវបានចងក្រងឡើង ពីស្ថានភាពជាក់ស្តែងដែលបានជួបប្រទះផ្ទាល់ និងទទួលបានពីក្រុមគោលដៅ ភាគីពាក់ព័ន្ធដែលទាក់ទងពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅទូទាំងប្រទេសកម្ពុជា តាមរយៈការិយាល័យសមាគមអាដហុក នៅតាមខេត្តចំនួន១៧ និងរាជធានីភ្នំពេញ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ ។ តាមរយៈការសង្កេតឃ្លាំមើល ដោយយកចិត្តទុកដាក់របស់សមាគមអាដហុក ក្នុងរបាយការណ៍នេះឃើញថា ការរឹតត្បិត ការគាបសង្កត់ ការបំភិតបំភ័យ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ ដោយរំលោភបំពានទៅលើអ្នក/ក្រុមដែលបានប្រើប្រាស់សេរីភាពបញ្ចេញមតិ ការជួបជុំ/ប្រមូលផ្តុំ ធ្វើបាតុកម្មដោយសន្តិវិធី និងការចូលរួមយ៉ាងសកម្ម ខាងសមាគម សហគមន៍ និងនយោបាយ នៅតែបន្តកើតមានជាបន្តបន្ទាប់នៅឡើយ ដូចជា ការរំខានពីកងកម្លាំងប្រដាប់អាវុធ ឬអាជ្ញាធរ ក្នុងករណីពលរដ្ឋចូលរួមសកម្មភាពរបស់អង្គការ សមាគម សហគមន៍ និងសហជីព ការរារាំងការជួបជុំគ្នាក្នុងការសម្តែងមតិនៅទីសាធារណៈ ការរារាំង និងមិនអនុញ្ញាតឲ្យធ្វើបាតុកម្មដោយសន្តិវិធីតាមផ្លូវច្បាប់ ការតាមដាន ការឃ្លាំមើលពីសំណាក់អាជ្ញាធរ ការគម្រាមកំហែងពីមន្រ្តីកងកម្លាំងប្រដាប់អាវុធ ការរារាំងដោយប្រព្រឹត្តនូវអំពើហិង្សាពីសំណាក់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងការរឹតត្បិតសម្តែងមតិតាមបណ្តាញសង្គម ដែលមានទស្សនៈពាក់ព័ន្ធនឹងស្ថានភាពនយោបាយជាដើម ។ ក្នុងនោះជាក់ស្តែង ក្នុងរយៈពេលដប់ពីរខែ ( ខែមករា ដល់ ខែធ្នូ ឆ្នាំ២០២០ ) នេះ សមាគមអាដហុក បានរកឃើញសកម្មភាព នៃការធ្វើទុក្ខបុកម្នេញ និងការរំលោភបំពានទៅលើសេរីភាពទាំងអស់ខាងលើនេះ សរុបចំនួន ១៧៨ ករណី តាមរយៈសកម្មភាពឃ្លាំមើលរបស់បុគ្គលិកខ្លួន នៅតាមបណ្តាខេត្ត/រាជធានី ទាំង១៨ ។ ចំនួនករណីអាចនឹងមានច្រើនជាងនេះ ដោយករណីខ្លះយើងអាចនឹងមិនទទួលបានព័ត៌មាន ព្រោះតែបុគ្គលិកយើងមានចំនួនតិច និងមិនមាននៅគ្រប់ខេត្តនៅឡើយ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ចំនួនដែលយើងបានរកឃើញនេះ អាចជាមូលដ្ឋានដ៏សំខាន់មួយ សំរាប់ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃការធ្លាក់ចុះ ចំពោះការអនុវត្តន៍សិទ្ធិសេរីភាពមូលដ្ឋានខាងលើនេះបានផងដែរ ។
សូមមើលរបាយការណ៍លំអិតដូចមានក្នុងតំណរភ្ជាប់នេះ៖ Fundamental of Freedom 2020_Khmer