សវនាការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការកំពូល បានបើកសវនាការលើសំណុំរឿងបណ្តឹងសាទុក្ខរបស់មន្ត្រីជាន់ខ្ពស់សមាគមអាដហុកចំនួន ០៣ (បី) រូប រួមមានលោក នី សុខា លោក យី សុខសាន្ត ដោយឡែក លោកស្រី លឹម មុន្នី អវត្តមាន និងអតីតមន្ត្រីសមាគមអាដហុកចំនួន ០២ (ពីរ) រូបទៀតគឺលោក ណៃ វ៉ង់ដា និងលោក នី ចរិយា មិនបានចូលសវនាការ។
នៅក្នុងដំណាក់សវនាការនេះដែរ សហមេធាវីរបស់មន្ត្រីអាដហុក ០៣រូប បានលើកពីចំណុចខ្វះខាតដែលសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចសេចក្តីដោយមានភ័ន្តច្រឡំអង្គហេតុ និងអង្គច្បាប់ដូចមានចែងក្នុងមាត្រា៤១៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងស្នើសុំប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលសម្រេចឲ្យមន្ត្រីជាន់ខ្ពស់របស់សមាគមអាដហុកចំនួន ៣រូប និងអតីតបុគ្គលិកជាន់ខ្ពស់២រូប រួចផុតពីបទចោទ និងបដិសេធមិនបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍វិញ ស្របតាមបទបញ្ញត្តិមាត្រា៤៤០ នៃក្រមនីតិវិព្រហ្មទណ្ឌ ។ សំណុំរឿងតុលាការកំពូលនឹងប្រកាសសាលដីកានៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា កន្លងមកមន្រី្តសមាគមអាដហុក និងអតីតមន្ត្រីសមាគមអាដហុក ត្រូវបានសាលាដំបូងដាក់ពន្ធនាគារ ម្នាក់ៗកំណត់០៥ឆ្នាំ ដោយត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល១៤ (ដប់បួន) ខែ និងសល់ប៉ុន្មានព្យួរទោស ពីបទ “សូកប៉ាន់សាក្សី និងផ្សំគំនិតអំពើសូកប៉ាន់សាក្សី ” ហើយត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ទើបដោះលែងវិញ ។ សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកសវនាការជាសាធារណៈនៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៨។ ដោយមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ អ្នកទាំង ៥ រូប ប្តឹងទៅសាលាឧទ្ធរណ៍ ត្រង់ចំណុចទាំងមូលនៃសាលក្រម កាលពីចុងឆ្នាំ២០១៨ ដើម្បីទាមទាររកយុត្តិធម៌ និងភាពស្អាតស្អំរបស់ពួកគាត់។ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់អ្នកទាំង ០៥រូប ខាងលើ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងបានប្រកាសសាលដីកានៅថ្ងៃទី២៣ ខែឧសភា ដោយសម្រេចតម្កល់ទុកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ ដោយមិនសុខចិត្តទៅនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ៣រូប បានដាក់ពាក្យបណ្តឹងសាទុក្ខ ទៅតុលាការកំពូល ដើម្បីទាមទាររកយុត្តិធម៌ និងភាពស្អាតស្អំសម្រាប់ពួកគាត់វិញ ៕