ប្រជាពលរដ្ឋ និងយុវជន មួយក្រុម ដាក់ញត្តិស្មើទៅរដ្ឋមន្ត្រី នៃក្រសួងព័ត៌មាន ស្នើពិនិត្យឡើងវិញ និងអនុញ្ញាតឱ្យបើកដំណើរការសារព័ត៌មាន VOD និងសារព័ត៌មានឯករាជ្យផ្សេងទៀតឡើងវិញ ។

ការដាក់ញត្តិនេះ ធ្វើឡើងនៅវេលាម៉ោង៧:៣០ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយចាប់ផ្តើម ដើរដង្ហែចេញពីហាងCaffe Amazon ទល់មុខមន្ទីពេទ្យកាល់ម៉ែត្រ ឆ្ពោះទៅក្រសួងព័ត៌មាន ដោយមានអ្នកចូលរួមប្រមាណជា ១០នាក់ មកពីក្លឹបយុវជនបៃតង(GYC) ក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ(KYCD) ក្លឹបយុវជន ដើម្បីការយល់ដឹង(YA) និងក្លឹបយុវជនអភិវឌ្ឍន៍សង្គម ដើម្បីប្រជាធិបតេយ្យ(YSDD)។ ពេលទៅដល់ក្រសួងព័ត៌មាន យើងឃើញមានមន្ត្រីរដ្ឋបាល ២រូប ចេញមកទទួលញត្តិ ដោយប្រាប់ថា ឆ្លើយតបនូវសប្តាហ៍ក្រោយ ។

ថ្ងៃនេះផងដែរ ឃើញមានក្រុមអាជ្ញាធរប្រមាណជាង ៣០នាក់ ដោយខ្លះស្លៀកពាក់ឯកសណ្ដាន ខ្លះស្លៀកពាក់ស៊ីវិល តាមថតរូបក្រុមអ្នកដាក់ញត្តិផងដែរ ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD) ពាក់ព័ន្ធជុំវិញនឹងការផ្សាយព័ត៌មាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ និងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី បានដាក់កំហិតឱ្យសារព័ត៌មានសំឡេងប្រជាធិបតេយ្យ ត្រូវតែសុំទោសរដ្ឋាភិបាល និងកូនប្រុសច្បងរបស់លោកមកត្រឹម២៤ម៉ោង ។

ក្រោយពីក្រសួងព័ត៌មានចេញលិខិតលុបអាជ្ញាប័ណ្ណVODនេះ សង្កេតឃើញថា មានប្រតិកម្មជាច្រើនពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិនានា ស្នើឲ្យរដ្ឋាភិបាលរក្សាទុក និងបើកឲ្យដំណើរការវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ឡើងវិញផងដែរ ៕