នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋ តំណាងថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព សមាគម និស្សិតបញ្ញាវ័ន្ត និងក្រុមគ្រួសារអ្នកទោសនយោបាយ ក្រុមស្ត្រីថ្ងៃសុក្រ ដែលដឹកនាំដោយលោក រ៉ុង ឈុន អ្នកស្រី អ៊ុក ឆាយណាវី អ្នកស្រី យ៉ាង សុភ័ណ្ឌ លោក កើត សារ៉ាយ និងតំណាងស្ថាប័នផ្សេងៗទៀត ប្រមាណជា ១០០នាក់មកជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ ក្នុងន័យទាមទារឲ្យមានការដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញដោយឥតលក្ខ័ណ្ឌ ប៉ុន្តែត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញ បិទរបាំងដែកនៅទីលានប្រជាធិបតេយ្យមិនអនុញ្ញាត្តឲ្យចូលជួបជុំគ្នាតវ៉ានោះទេ ។ ទោះបីជាយ៉ាងណា ក៏ពួកគាត់បានព្យាយាមថ្លែងសារទាមទារ នៅជាប់នឹងរនាំងដែករបស់សមត្ថកិច្ចដែលដាក់ហាមឃាត់ពួកគាត់នោះ ។
ការដង្ហែរដាក់លិខិតស្នើរនេះធ្វើឡើងនៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីសម្តែងមតិនៅខាងមុខជាប់របង់ទីលានប្រជាធិបតេយ្យ ដោយដង្ហែរក្បូនចេញពីទីលានរហូតដល់ខាងមុខសាលាដំបូងរាជធានីភ្នំពេញ ។ មូលហេតុនៃការដាក់លិខិតនេះដោយសារមើលឃើញថា អាជ្ញាធរកម្ពុជាបានរំលោភលើនិតិវិធីក្នុងការចាប់ខ្លួន សកម្មជននយោបាយ សកម្មជនសង្គម និងប្រធានសហជីព ដោយមិនត្រឹមត្រូវតាមច្បាប់នោះទេ ។ សសកម្មជនដែលត្រូវបានចាប់ឃុំខ្លួនទាំងនោះ ភាគច្រើនត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ ញុះញង់បង្ករឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ មិនឲ្យយោធិនស្តាប់បង្គាប់ការចោទនេះ ដោយផ្ទុយពីការពិត និងដោយគ្មានហេតុផលច្បាស់លាស់ ដាក់បន្ទុកទាំងរឿងអយុត្តិធម៌ចំពោះពួកគាត់ ។
ថ្ងៃនេះផងដែរ គោលបំណងក្រុមអ្នកទាមទារ គឺដើម្បីការដាក់លិខិតស្នើសុំនោះមាន៣សំខាន់ៗ គឺ ទី១ សូមឲ្យមានការទម្លាក់ចោលការចោទប្រកាន់ និងដោះលែង ក្រុមគ្រូបង្រៀនទាំង៥នាក់ដែលមាន លោក កែវ ថៃ លោក ស៊ុន ធន់ ជាដើម.. ទី២ សកម្មជននយោបាយ សង្គម និងមេសហជីព ក្នុងនោះ លោក អៀ ចាន់ណា លោក កាក់ កុម្ភារ កញ្ញា សេង ច័ន្ទធារី កញ្ញា ឈឹម ស៊ីថរ..ជាដើម ។ល។ និងទី៣ សូមឲ្យបើកលំហសិទ្ធិនយោបាយ និងសេរីភាព មុនពេលបោះឆ្នោតឆ្នាំ២០២៣ ដើម្បីទទួលបាន GSP និងEBA២០% មកវិញ សម្រាប់ឲ្យកម្មករមានការងារធ្វើ ។ នៅពេលមកដល់សាលាដំបូងរាជធានីភ្នំពេញ ឃើញមានតំណាងសាលាដំបូងរាជធានីភ្នំពេញ លោកបានឆ្លើយតបថា នឹងបញ្ចូនលិខិតស្នើទៅអយ្យការពិនិត្យមើលពីលទ្ធភាពក្នុងការដោះស្រាយ ហើយនឹងឆ្លើយតបមកវិញក្នុងពេលមួយសប្តាហ៍ និងមន្ត្រីតំណាងខុទ្ធការល័យនាយករដ្ឋមន្ត្រី ទៅទទួលលិខិតស្នើសុំនោះក្រោយពីទទួលលិខិត ក៏ឆ្លើយតបស្រដៀងគ្នាផងដែរថា នឹងបញ្ចូនទៅអ្នកពាក់ព័ន្ធ ឲ្យជួយពិនិត្យមើលនឹងឆ្លើយតបមួយសប្តាហ៍ក្រោយ ។
សមាគមអាដហុកសង្កេតឃើញថា ក្រៅពី សហភាព សហព័ន្ធ សហជីព សមាគម និស្សិតបញ្ញាវ័ន្ត និងក្រុមគ្រួសារអ្នកទោសនយោបាយ ក្រុមស្ត្រីថ្ងៃសុក្រ ក្រុមបុគ្គលិកណាហ្គាវើលដ៍ អ្នកសារព័ត៌មាន ក៏ឃើញមានក្រុមសន្តិសុខ អាជ្ញាធរ ដែលបានបិទទីលានប្រជាធិបតេយ្យ ដោយមានការហាមឃាត់ ដាក់រនាំង និងមានការតាមថតរូបជាប្រចាំផងដែរ ៕