គម្រោងពង្រឹងសំឡេងសង្គមស៊ីវិល
“ការលើកកម្ពស់សេរីភាពមូលដ្ឋានជាពិសេសសេរីភាពបញ្ចេញមតិ”
កម្មវិធីកិច្ចសន្ទនាជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ
អគ្គលេខាធិការ និងប្រធានផ្នែកសិទិ្ធមនុស្ស និងដីធ្លីនៃសមាគមអាដហុក បានដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយ អភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រីជំនាញនៃអាជ្ញាធររដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅខេត្តកោះកុង និងខេត្តស្ទឹងត្រែង។ សមាគមអាដហុកបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តដែលកន្លងមកបានផ្តល់កិច្ចសហការ និងគាំទ្រនូវការអនុវត្តគម្រោងនានារបស់អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍នានាតាមមូលដ្ឋាន ជាពិសេសគម្រោងសកម្មភាពរបស់សមាគមអាដហុកនៅក្នុងខេត្តទាំងពីរក្នុងរយៈកាលកន្លងមក ។
ទន្ទឹមនឹងកិច្ចសហការល្អ នៅក្នុងកិច្ចសន្ទនានោះ សមាគមអាដហុកក៏បានលើកឡើងនូវបញ្ហាប្រឈមនានាមួយចំនួនដែលអង្គការ សមាគម ក៏ដូចជាសហគមន៍ បានជួបប្រទះនៅតាមមូលដ្ឋានខ្លះៗនាពេលកន្លងមកជូនដល់ គណៈអភិបាលនៃខេត្តទាំងពីរ មានដូចខាងក្រោមផងដែរ៖
១. សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខ្លះ តែងតែតាមដានប្រជាពលរដ្ឋ ដែលចូលរួមវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ ជាមួយសមាគមអាដហុក និងអង្គការផ្សេងៗ ដែលចុះមកអនុវត្តគម្រោងនៅតំបន់គោលដៅរបស់ ខ្លួន។ សកម្មភាពទំាងនោះរួមមាន៖ ការចុះមកតាមដាន និងឃ្លំាមើល ថតរូបថតសកម្មភាពនានា សួររកលិខិតអនុញ្ញាតិច្បាប់ចុះមកបើកវគ្គ ឬផ្សព្វផ្សាយ សាកសួររកប័ណ្ណ និងថតប័ណ្ណសំគាល់ខ្លួនរបស់បុគ្គលិក លិខិតបេសកកម្ម ថតបញ្ជីវត្តមានអ្នកចូលរួម ថតម៉ូតូ រថយន្ត និងផ្លាកលេខ ។
២. សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន តែងឃ្លំាមើលតាមដាន តំណាងប្រជាសហគមន៍នៅពេលដែលពួកគាត់ធ្វើដំណើរទៅណាមកណា ដូចជា៖ ការមកចូលរួមប្រជុំ ការណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ជាពិសេសនៅពេលសហគមន៍ត្រូវឡើងមកតវ៉ារកដំណោះស្រាយ ឬដាក់ញ្ញត្តិនៅសាលាខេត្ត ឬឡើងទៅភ្នំពេញ ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថាប័នរដ្ឋផ្សេងៗ ពួកគាត់តែងតែជួបនូវការរារំាង ការឃាត់ដំណើរ និងបង្កការលំបាកផ្សេងៗ នៅពេលខ្លះក៏ខកដំណើរ និងមិនបានទៅដល់គោលដៅទាន់ពេល ។
៣. តំណាងប្រជាពលរដ្ឋខ្លះត្រូវបានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានហៅទៅសួរនំាពីគោលបំណង សួររកអ្នកនៅពីក្រោយខ្នង ដែលសំដៅលើអង្គការនានា ដែលសហគមន៍ធ្វើការជាមួយ បន្ទាប់ពីពួកគេត្រឡប់មកពីចូលរួមសកម្មផ្សេងៗវិញ ។
៤. ការបង្កការលំបាក មិនឲ្យប្រជាពលរដ្ឋអាចចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំបាន ដោយអាជ្ញាធរខ្លះតម្រូវឲ្យដាក់លិខិតសុំជាមុន ដោយមានបញ្ជីឈ្មោះអ្នកចូលរួម និងរបៀបវារៈដែលត្រូវលើកឡើង។ ពេលខ្លះអាជ្ញាធរឃុំបានផ្លាស់ប្តូរពេលប្រជុំ ដោយមិនបានជូនដំណឹងមកប្រជាពលរដ្ឋដែលស្នើសុំ។
៥. អាជ្ញាធរ និងសមត្ថកិច្ចបានចោទប្រកាន់ប្រជាសហគមន៍ដោយប្រយោលថា៖ បានធ្វើសកម្មភាពដែលមានចរិតនយោបាយគំាទ្រគណៈបក្សប្រឆំាង ដូចជា៖ ចលនាមាតាធម្មជាតិ ក្រុមយុវជនបរិស្ថាន សង្គ្រោះកោះកុងក្រៅ និងដោយចោទប្រកាន់ថា អង្គការសង្គមស៊ីវិលជាអ្នកគំាទ្រសកម្មភាពទាំងនោះ ព្រមទាំងបានភ្ជាប់សមាគមអាដហុកទៅនឹងបញ្ហានោះផងដែរ ។
សកម្មភាពទាំងអស់ដែលអាជ្ញាធរមូលដ្ឋានខ្លះបានអនុវត្តមកលើអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ ជាការរិតត្បិតទៅលើសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលបានត្រូវធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកតិកាសញ្ញាស្តីពី សិទ្ធិពលរដ្ឋនយោបាយ ព្រមទាំងមិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមស្មារតីនៃសេក្តីណែនាំ លេខ ២០០៦ សជណ ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃផងដែរ ។
សមាគមអាដហុកបានស្នើដល់ អភិបាលនៃគណៈអភិបាលខេត្តទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងអន្តរាគមន៍ ដើម្បីសម្រួលដល់សកម្មភាពនៃការជួបប្រជុំរបស់អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជនដែលមានបំណងចង់បង្កើតសកម្មភាពនានាជួយដល់សង្គមកម្ពុជា។
គណៈអភិបាលខេត្ត បានឆ្លើយតប និងឯកភាពទៅនឹងការលើកឡើងរបស់មាគមអាដហុក ដោយលោកបញ្ជាក់ថា អាជ្ញាធររបស់លោកនៅមូលដ្ឋានខ្លះមានការយល់ដឹងនៅមានកំរិត ដូច្នេះ លោកសន្យានឹងធ្វើការសម្របសម្រួល និងដោះស្រាយនូវបញ្ហាដែលបានលើកឡើង ព្រមទាំងជួយធ្វើការផ្សព្វផ្សាយបន្ថែមនូវខ្លឹមសារលិខិតណែនំារបស់ក្រសួងមហាផ្ទៃ ដល់អាជ្ញាធរឃុំ និងស្រុកឲ្យបានទូលំទូលាយ ដើម្បីជៀសវាងការយល់ច្រឡំគ្នា នៅក្នុងការអនុវត្តភារៈកិច្ច និងតួរនាទីរបស់សមត្ថកិច្ច ជាមួយអង្គការសង្គមស៊ីវិលដែលអនុវត្តគម្រោងសកម្មភាពនានារបស់ខ្លួននៅតាមមូលដ្ឋាន ។ ក្នុងនោះលោកក៏បានស្នើឲ្យសមាគមអាដហុក បើមានកិច្ចការងារ ឬបញ្ហាអ្វី សូមឲ្យជួយផ្តល់ព័ត៌មាន ឬមកជួបពិភាក្សាផ្ទាល់ជាមួយគ្នាសិន ដើម្បីសម្របសម្រួលដោះស្រាយ ជៀសវាងការយល់ច្រឡំ នាំឲ្យសាចទឹកដាក់គ្នា ។