ការបា្ររព្ធនេះធ្វើឡើងនៅម៉ោង៨ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាជាង ៥០០នាក់ ក្រោមប្រធានបទ «គាំពារស្រ្តី និងក្មេងស្រីដើម្បីយុត្តិធម៌ទាំងអស់គ្នា»។
ចូលរួមរៀបចំដោយ សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្ម (CFSWF) សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Association) សហព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័នភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) សមាគមបណ្តាញយុវជនកម្ពុជា (CYN) អង្គការសមាគមធាងត្នោត (STT) អង្គការសមធម៌កម្ពុជា (EC) សមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចនៃក្រៅប្រព័ន្ធ (IDEA) អង្គការលីកាដូ (LICHADO) អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC) សហព័ន្ធសហជីពកម្មករវិស័យទេសចរណ៍កម្ពុជា (CTWUF) និងសមាគមអាដហុក(ADHOC) គណកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) អង្គការក្លាហាន (Klahaan) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។ ក្នុងគោលបំណង ដើម្បីចូលរួមអបរអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១២។ ដើម្បីបង្ហាញទៅសាធារណៈជនជាតិ អន្តរជាតិ និងទាមទារទៅរដ្ឋាភិបាលដោះស្រាយនូវតម្រូវការចាំបាច់ ទុក្ខកង្វល់ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម និងភាពអយុត្តិធម៌សម្រាប់ស្រ្តី ក្មេងស្រី
និងទាំងអស់គ្នា និងបានលើកឡើងនូវតម្រូវការឱ្យមានការដោះស្រាយនូវបញ្ហាប្រឈមចំនួន១៧ ចំណុច តាមវិស័យនីមួយៗរួមមាន៖
– តម្រូវការទី១៖ បង្កើតមត្តេយ្យសហគមន៍ និងទារកដ្ឋាននៅតាមកន្លែងការងារ
– តម្រូវការទី២៖ ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីដែលជួបបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងសម្រាប់កម្មករស្រ្តីដែលធ្វើការតាមផ្ទះ និងកម្មករចំណាកស្រុក
– តម្រូវការទី៣៖ ចាត់វិធានការឱ្យមានប្រសិទ្ធភាពចំពោះ អំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់មកលើស្ត្រីដោយ គ្មានការលើកលែង។
តម្រូវការទី៤៖ ចាត់វិធានរដ្ឋបាលជាក់លាក់ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី បរិស្ថាន និងសិទ្ធិការងារ។
– តម្រូវការទី៥៖ កំណែទម្រង់មធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើង។
– តម្រូវការទី៦៖ កែលម្អលក្ខខណ្ឌការងារ និងពង្រឹងយន្តការការពារអ្នកធ្វើការងារតាមផ្ទះ។
– តម្រូវការទី៧៖ ពង្រឹងយន្តការការពារសិទ្ធិពលករចំណាកស្រុកពីការកេងប្រវញ្ចការងារ ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប។
–
តម្រូវការទី៨៖ ពង្រឹង និងពង្រីកវិសាលភាពនៃប័ណ្ណសមាជិក ប.ស.ស តាមរយៈការចុះធ្វើអធិការកិច្ច និងជម្រុញឱ្យមានការចុះបញ្ជី និងបង់វិភាគទាន ប.ស.ស ក្នុងចំណោមនិយោជក ជាពិសេសគឺកម្មករនៅក្នុងវិស័យសំណង់ និងរោងចក្រកាត់ដេរ វាយនភ័ណ្ឌ ដែលធ្វើការស៊ីឈ្នួលដេរបន្ត (Sub-Contract)។
– តម្រូវការទី៩៖ រាជរដ្ឋាភិបាលត្រូវធានាថា កម្មករក្នុងវិស័យសំណង់ និងឡឥដ្ឋមានសម្ភារៈសុខភាព សុវត្ថិភាពត្រឹមត្រូវតាមច្បាប់ និងសហគ្រាសគ្រឹះស្ថាន បានចុះបញ្ជីជាសមាជិក ប.ស.ស។
– តម្រូវការទី១០៖ ពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមឱ្យបានដល់សមាជិកគ្រួសារ។
– តម្រូវការទី១១៖ ដាក់បញ្ចូល និងទទួលស្គាល់កសិករខ្នាតតួចនៅជនបទ ពិសេសកសិករជាស្ត្រីក្នុងគោលនយោបាយកិច្ចគាំពារសង្គម និងគាំទ្របណ្តុះបណ្តាលជំនាញ ផ្តល់ឧបត្ថម្ភទុនលើកសិករខ្នាតតួច
– តម្រូវការទី១២៖ រដ្ឋាភិបាលត្រូវរៀបចំផ្តល់ទីកន្លែងសម្រាប់អ្នកលក់ដូរតួចតាចតាមចិញ្ចើមផ្លូវ ហើយផ្តល់នូវតម្លៃធូរថ្លៃរួមមាន តាមផ្សារ តាមឆ្នេរ និងតំបន់ទេសចរណ៍។
– តម្រូវការទី១៣៖ ពង្រឹងគុណភាពនៃការបង្រៀនក្នុងម៉ោងរដ្ឋ បង្កើនចំនួនអាហារូបករណ៍សម្រាប់ជំនាញសិក្សាថ្នាក់ឧត្តមសិក្សា និងកន្លែងស្នាក់នៅឥតគិតថ្លៃ ជាពិសេសក្មេងស្រី។
– តម្រូវការទី១៤៖ រដ្ឋាភិបាលផ្តល់សេវាជួយដល់ស្ត្រីមានពិការភាពក្នុងការទទួលសេវាគាំពារសុខភាពផ្លូវចិត្តនិងផ្លូវច្បាប់។
– តម្រូវការទី១៥៖ កែសម្រួលលក្ខខណ្ឌតម្រូវដែលមានចែងនៅក្នុងច្បាប់បេឡាជាតិរបបសន្តិសុខសង្គមដែលតម្រូវឱ្យកម្មករជាស្រ្តីមានផ្ទៃពោះលុះត្រានិយោជកនៃសហគ្រាសនោះបានបង់ប្រាក់ភាគទាន ៩ខែជាប់លាប់ ទើបទទួលបានប្រាក់ឧបត្ថម្ភ ៧០ ភាគរយនៃប្រាក់ជាប់ភាគទាន។
– តម្រូវការទី១៦៖ ពង្រីកទីផ្សារការងារក្នុងស្រុក បង្កើនជំនាញថ្មី រួមទាំងពន្លឿនការអនុវត្តគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភ អំឡុងពេលបាត់បង់ប្រាក់ចំណូល ឬអត់ការងារធ្វើ ជាពិសេសសម្រាប់ស្រ្តី និងយុវជន។
– តម្រូវការទី១៧៖ ពន្លឿនការចុះបញ្ជីពលរដ្ឋ ដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈការធ្វើនិរាករ ប្រកាសអន្តរក្រសួង ៤០៤។
ម្សិលមិញនេះផងដែរ ក៏មានវត្តមានតំណាងក្រសួងការងារបានមកចូលរួម និងទទួលលិខិតនូវបញ្ហាប្រឈមចំនួន១៧ និងបានបញ្ជាក់ថាលោក នឹងយកជូននូវថ្នាក់ដឹកនាំទាំង១៧ចំណុចនេះ។
#សមាគមអាដហុក សង្កេតឃើញថាមានក្រុមអាជ្ញាធរប្រមាណ ៥០នាក់ ខ្លះស្លៀកពាក់ឯកសណ្ឋាន ខ្លះស្លៀកពាក់ស៊ីវិល តាមឃ្លាំមើល និងថតរូបអ្នកចូលរួមជាប្រចាំ ៕