ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១នឹង៣០នាទី ក្រុមយុវជនចលនាមាតាធម្មជាតិប្រមាណជិត ១០នាក់ បានមកជួបជុំគ្នានៅខាងមុខសកល វិទ្យាល័យភូមិមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីចែកខិតប័ណ្ណទាមទារឱ្យដោះលែងក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ដែលកំពុងជាប់ពន្ធនាគារ។ ការដែលពួកគេយកខិតប័ណ្ណមកចែកនៅទីនេះព្រោះទីនេះជាសាលាច្បាប់ ដើម្បីចង់បង្ហាញសារឱ្យក្រុមនិស្សិតច្បាប់ចាប់អារម្មណ៍គាំទ្រឱ្យមានការដោះលែងអ្នកទាំង ៥នាក់ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ថ្ងៃនេះផងដែរក្រៅពីក្រុមយុវជនឈរចែកខិតប័ណ្ណនៅខាងមុខសកលវិទ្យាល័យ ក៏ឃើញមានក្រុមអាជ្ញាធរស៊ីវិល និងប្រជាការពារជាង ១០នាក់ ថតរូប និងឃ្លាំមើលក្រុមនិស្សិត និងអ្នកឃ្លាំមើលជាប្រចាំផងដែរ។ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០កន្លះព្រឹក ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥រូប រួមមាន៖ លោក យីម លាងហ៊ី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនភ្លាមៗ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសផ្តន្ទាទោស ក្រោមបទចោទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់”៕