ក្រុមគ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិដែល​កំពុង​ជាប់​ឃុំបន្ត​ទាមទារ​ឲ្យតុលាការ​ដោះលែង​ប្តី និងឪពុក​របស់​ខ្លួន

ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ នៅខាង​មុខសាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រួសារ​សកម្មជននយោបាយ​ទាំង ១៥នាក់ បានធ្វើ​ការ​ទាមទារ​តវ៉ា​សុំឲ្យ​តុលាការ​ដោះលែង​សកម្មជន​នយោបាយ​ទាំង១៥នាក់ ដែល​កំពុង​ជាប់ឃុំ​នៅពន្ធនាគារ​ព្រៃស ដោយ​មាន​អាជ្ញាធរ​ស៊ីវិល សន្តិសុខ និង​សមត្ថកិច្ចនគរបាល​ចំរុះ ប្រមាណ​ជាង ៣០នាក់ កំពុង​ឃ្លាំ​មើល និងចាប់យក​បដា ដោយ​ហាមឃាត់​មិនឲ្យ​ពួកគាត់លើក​បដា​ទាមទារ​នោះទេ ។ ពួកគាត់​ក៏​បានទៅ​ដាក់ញត្តិ ជូនឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំឲ្យ​ជួយអន្តរាគមន៍​ដោះលែង​សកម្មជន​នយោបាយទាំង ១៥នាក់ នៅខាង​មុខស្ថាន​ទូត​សហរដ្ឋអាមេរិក ដោយ​ខាងស្ថានទូត​អនុញាត​ឲ្យអ្នក​ដាក់ញត្តិ ២នាក់ យកញត្តិ​ទៅជូន​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក ២រូប ដែល​ចេញមក​ទទួល​ញត្តិ នៅខាង​មុខក្លោងទ្វារ​ចូលស្ថានទូត​សហរដ្ឋអាមេរិក​ផងដែរ ។ គួរបញ្ជាក់​ថា សកម្មជន​នយោបាយ​អតីត​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវតុលាការ​កំពូល​រំលាយ ​កាលពីឆ្នាំ​២០១៧ ត្រូវ​បានសមត្ថកិច្ច​ចាប់ឃុំខ្លួន​ជា​បន្ត​បន្ទាប់ ក្នងកំឡុង​ពេលដើម​ឆ្នាំ២០២០ នេះ ដោយ​ចោទប្រកាន់​ពីបទ ញុះញុង​ឲ្យប្រព្រឹត្ត​បទឧក្រិដ្ឋជា​អាទិ៍ រួមគំនិតក្បត់ និងញុះញង់​មិន​​ឲ្យ​យោធាស្តាប់​បង្គាប់ ។ ការទាម​ទារ​នេះ បានធ្វើ​ម្តងរួច​មកហើយ កាល​ពីព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ និងបន្ត​ទៅដាក់​ញត្តិ​នៅឧត្តមស្នង​ការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដើម្បី​សុំឲ្យ​ជួយអន្តរាគមន៍​ដោះលែង​អ្នកទាំង ១៤នាក់ នៅព្រឹកថ្ងៃទី១៩ ដដែលនោះផងដែរ ។ ពួកគាត់​បានបញ្ជាក់ថា ពួកគាត់​ដែល​ជា​ក្រុមគ្រួសារ​អ្នក​ជាប់​ឃុំនៅពន្ធនាគារ​ទាំង​ ១៥នាក់ និងបន្ត​ធ្វើការទាម​ទារ​ឲ្យមាន​ការ​ដោះលែង​អ្នកទាំង​ ១៥នាក់ រៀងរាល់​ព្រឹកថ្ងៃ​សុក្រ រហូត​ដល់មានការ​ដោះលែង​អ្នកទាំង ១៥នាក់ មានសេរីភាព​ជួបជុំ​គ្រួសារ​វិញ ទើប​ព្រម​បញ្ឈប់​ការទាមទារ​តវ៉ា ៕

 

អត្ថបទ និងរូបភាព៖ ស៊ឹង សែនករុណា