ក្រុមគ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ បន្តទាមទារឲ្យតុលាការដោះលែងប្តី និងឪពុករបស់ខ្លួន ជាលើកទី៣

ក្រុមគ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុងជាប់​ឃុំ បន្តទាម​ទារ​ឲ្យតុលាការ​ដោះលែង​ប្តី និងឪពុក​របស់ខ្លួន ជាលើក​ទី៣

ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នេះ នៅខាង​មុខសាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រួសារ​សកម្មជន​នយោបាយ​ទាំង ១៥នាក់ បានធ្វើ​ការទាម​ទារតវ៉ា​សុំឲ្យ​តុលាការ​ដោះលែង​សកម្មជន​នយោបាយ​ទាំង ១៥នាក់ ដែលកំពុង​ជាប់ឃុំ​នៅពន្ធនាគារ​ព្រៃស​ជា​លើកទី៣ ដោយ​មាន​អាជ្ញាធរ​ស៊ីវិល សន្តិសុខ និងសមត្ថកិច្ច​នគរបាល​ចំរុះ ប្រមាណជាង ៣០នាក់ កំពុងឃ្លាំ​មើល និងចាប់​យកបដា ដោយ​ហាមឃាត់​មិនឲ្យ​ពួកគាត់​លើកបដា​ទាមទារ​នោះទេ ។ ពួកគាត់​ក៏បាន​ទៅដាក់ញត្តិ ជូន​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យជួយ​អន្តរាគមន៍​ដោះលែង​សកម្មជន​នយោបាយ​ទាំង ១៥នាក់ នៅខាង​មុខស្ថានទូត​សហភាព​អឺរ៉ុប ដោយ​ខាងស្ថានទូត​អនុញាត​ឲ្យអ្នកដាក់​ញត្តិ ២នាក់ យកញត្តិ​ទៅជូន​តំណាងស្ថានទូត​នៅខាង​ក្នុងស្ថានទូត​សហភាព​អឺរ៉ុប ដោយ​តំណាង​ស្ថានទូត​បាន​បញ្ជាក់​ប្រាប់​មក​ប្រជាពលរដ្ឋ​ដាក់វិញដែរ​ថា សប្តាហ៍​ក្រោយ​ទើប​ខាងស្ថានទូត​នឹងមានការ​ឆ្លើយត្រលប់​មកវិញ ។ គួរបញ្ជាក់ថា សកម្មជន​នយោបាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវតុលាការ​កំពូល​រំលាយ កាលពីឆ្នាំ២០១៧ ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ជាបន្ត​បន្ទាប់ ក្នងកំឡុង​ពេលដើម​ឆ្នាំ២០២០ នេះ ដោយចោទ​ប្រកាន់​ពី បទញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ រួមគំនិត​ក្បត់ និងញុះញង់មិន​ឲ្យយោធា​ស្តាប់​បង្គាប់ ។ ការទាមទារ​នេះ បានធ្វើ​ម្តងរួច​មក​ហើយ កាល​ពីព្រឹក​ថ្ងៃទី១៩ និងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ជាបន្ត​បន្ទាប់នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ និងបន្ត​ទៅដាក់​ញត្តិ​នៅឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស និងស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​ផងដែរ ដើម្បីសុំ​ឲ្យជួយអន្តរាគមន៍​ដោះលែង​អ្នកទាំង ១៥នាក់ នៅព្រឹក​ថ្ងៃទី១៩ និងថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ កន្លង​មក​នោះផងដែរ ។ ពួកគាត់​បានបញ្ជាក់​ថា ពួកគាត់​ដែលជា​ក្រុមគ្រួសារ​អ្នកជាប់​ឃុំនៅ​ពន្ធនាគារ​ទាំង ១៥នាក់ នឹង​បន្តធ្វើការ​ទាមទារ​ឲ្យមាន​ការ​ដោះលែង​អ្នកទាំង ១៥នាក់ រៀងរាល់​ព្រឹកថ្ងៃ​សុក្រ រហូត​ដល់មាន​ការដោះលែង​អ្នកទាំង ១៥នាក់ មានសេរីភាព​ជួបជុំ​គ្រួសារ​វិញ ទើប​ព្រម​បញ្ឈប់ការ​ទាមទារ​តវ៉ា ៕

    

អត្ថបទ និងរូបថត៖ ស៊ឹង សែនករុណា