កម្មកររបស់ក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វឹកឆឺរីងដែលស្ថិតនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ដាក់ញត្តិទៅក្រសួងការងារ

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះវេលាម៉ោង៨និង៣០នាទី កម្មកររបស់ក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វឹកឆឺរីងដែលស្ថិតនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណជាង ២០០នាក់ ដែលមានវិវាទការងារជាមួយប្រធានរដ្ឋបាល និងនាយក​គ្រប់គ្រង​ដែល​ដោះ​ស្រាយមិនចេញចាប់តាំងពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានដង្ហែញត្តិទៅក្រសួងការងារ ក្នុងគោល​បំណង​ស្នើឲ្យ​ក្រសួង​ការងារ​កោះ​ហៅ​ ថៅ​កែ​ក្រុមហ៊ុនមកដោះស្រាយជាមួយកម្មករ និងស្នើមិនឲ្យព្យួរការងាររបស់កម្មករទាំងអស់នោះទេ។ នៅពេលកម្មករមកដល់ផ្លូវជាតិលេខ៦A ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ក៏ត្រូវបានអាជ្ញាធរប្រមាណជា ៥០នាក់ឃាត់មិនអនុញ្ញាតឲ្យបន្តទៅទៀត ដោយ​លើក​មូល​ហេតុ​មិន​អនុញ្ញាត​ឲ្យដង្ហែជាក្បួន និងដោយមានមន្ត្រីក្រសួងការងារ ២រូប មកទទួលញត្តិពួកគាត់នៅទីនោះផងដែរ ។
មូលហេតុដង្ហែញត្តិនេះដោយសារ ៖
ទី១.បញ្ឈប់ដោយមិនបានជូនដំណឹង និងមិនមានមូលហេតុ។
ទី២.ការបើកលុយអតីតភាពបើកឲ្យមិនគ្រប់ទៅតាមច្បាប់ការងារ។

គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ក្រុមកម្មករ ជួបជាមួយអភិបាលខេត្តកណ្តាល ធ្វើការសម្របសម្រួល និងកាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៣ ក្រុមកម្មកររោងចក្រប្រហែល១០០០នាក់ បានមកជួបជុំគ្នា នៅ សាលាស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីឲ្យអាជ្ញាធរជួយអន្តាគមន៍បញ្ហាខាងលើ ប៉ុន្តែមិនទទួលបានលទ្ធផលពួកគាត់សម្រេចឡើងមកដាក់ញត្តិនៅថ្ងៃនេះ៕