សេចក្តីថ្លែង​ការណ៍រួម៖​ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក

សេចក្តីថ្លែង​ការណ៍រួម​
ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក
ការលើក​កម្ពស់ និងការពារ​សេរីភាព​សារព័ត៌មាន​គឺជាការ​ធានា​នូវព័ត៌មាន​ដែល
ជាប្រយោជន៍​សាធារណៈ

រាជធានីភ្នំពេញ ថ្ងៃទី0៣ ខែឧសភា ឆ្នាំ២០២១

ក្នុងឱកាស​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក យើងខ្ញុំជា​អង្គការ​សង្គមស៊ីវិល​ដែលមាន​រាយនាម​ខាងក្រោម សូមក្រើន​រម្លឹក​ឡើងវិញថា​សេរីភាព​ខាងការ​បញ្ចេញមតិ រួមមាន​សិទ្ធិប្រព័ន្ធផ្សព្វផ្សាយ​ដែលសេរី និងឯករាជ្យ ក៏ដូចជា​សិទ្ធិសេរីភាព​ក្នុងការ​ប្រកាន់​មតិដោយ​គ្មានការ​ជ្រៀតជ្រែក សិទ្ធិសេរីភាព​ក្នុងការ​ស្វែងរក ការទទួល និង​ការផ្សព្វផ្សាយ​ព័ត៌មាន និងគំនិតនានា។ សារព័ត៌មាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​នូវ​លទ្ធិប្រជាធិបតេយ្យ​ដែល​មានវិបុលភាព និងល្អ​ប្រសើរ។ យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការបន្ត​ធ្លាក់ចុះ​នូវបរិយាកាស​មិនល្អ​នៃប្រព័ន្ធផ្ស​ព្វផ្សាយ​នៅកម្ពុជា ហើយយើងខ្ញុំ​សូមជំរុញ​ឱ្យរាជរដ្ឋាភិបាល​កម្ពុជា (“រដ្ឋាភិបាល”) បញ្ឈប់​នូវ​ការយាយី​នានា​ដែលកំពុង​បន្តកើត​មានចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ និងអ្នកសារ​ព័ត៌មាន​ដែលបាន​អនុវត្តសិទ្ធិ​មូលដ្ឋាន​ចំពោះសេរីភាព​ខាងការ​បញ្ចេញ​មតិរបស់ខ្លួន​។​ យើងខ្ញុំ​ក៏សូមជំរុញ​ឱ្យរដ្ឋាភិបាល​ធ្វើការ​លុបបំបាត់​នូវអំពើ​និទណ្ឌភាព​ប្រឆាំង​នឹងអ្នក​សារព័ត៌មាន ដែល​ត្រូវបាន​វាយប្រហារ និងធ្វើ​ឃាតផង​ដែរ​។ យើងខ្ញុំ​សូមជំរុញ​ឱ្យរដ្ឋាភិបាល​លុបចោល នូវច្បាប់​ដែលមាន​លក្ខណៈ​គាប​សង្កត់ ដែល​ធ្វើឱ្យប៉ះ​ពាល់ដល់​សេរីភាព​មូលដ្ឋាន ក៏ដូច​ជា​សេរីភាពសារព័ត៌មាន ហើយត្រូវ​ធានាថា រាល់ការ​តាក់តែង​ច្បាប់​នានា​ក្នុងពេលខាង​មុខនឹង​ត្រូវបាន​ព្រាងឡើងឱ្យ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា ប្រកបដោយ​តម្លាភាព និងមាន​ការពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល។

សេរីភាពសារព័ត៌មាន​នៅតែ​ជាការរំពឹងទុក​សម្រាប់​ប្រ​ព័ន្ធផ្សព្វផ្សាយ ​និង​អ្នក​សារព័ត៌​មានឯក​រាជ្យ​នៅក្នុង​ប្រ​ទេសកម្ពុជា ខណៈដែល​និន្នាការ​នៃការ​បំបិទ​សំឡេង​ប្រព័ន្ធផ្សព្វផ្សាយ និងអ្នក​សារព័ត៌មាន​ឯករាជ្យ​នៅតែបន្ត​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំកន្លង​មក​នេះ។ យោង​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ២០២០ ដែល​វាយ​តម្លៃពីការ​អនុវត្ត​ជាទូទៅ​នៃសេរីភាព​សារព័ត៌មាន​តាម​បណ្តា​ប្រទេស និងតំបន់​នានា​ជុំវិញ​សកលលោក បានចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជាថា​មិនល្អ ដោយឈរ​នៅ​លេខរៀងទី១៤៤ ក្នុង​ចំណោម​ប្រទេស១៨០ ។ តួលេខ​នេះបានរុញ​ឱ្យកម្ពុជា​ធ្លាក់១២ ចំណាត់​ថ្នាក់ បើប្រៀប​ធៀប​ទៅឆ្នាំ២០១៧ ហើយ​ប្រទេសកម្ពុជា​ត្រូវបាន​ចាត់ទុក​ថាជា​ប្រទេស “មិនសេរី”។

ប្រព័ន្ធ​ផ្សព្វផ្សាយ និងអ្នក​សារព័ត៌មាន​ឯករាជ្យ​នៅតែ​បន្តប្រឈម​នឹងឧបសគ្គ​ជាច្រើន​ក្នុង​ការ​បំពេញ​ ការងារ​ដោយស្រប​ច្បាប់របស់​ខ្លួនដោយ​សេរី និងដោយ​គ្មានការ​ដាក់កំហិត​សិទ្ធិរបស់​ខ្លួនឯង​ជាដើម។ របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សមាគមអ្នក​សារព័ត៌មាន​ក្នុងស្រុក នាពេល​ថ្មីៗនេះ បានបង្ហាញ​ពីឧបសគ្គ​ទាំងនេះ​ដោយ​បានគូស​បញ្ជាក់ផង​ដែរ​ថា ក្នុងឆ្នាំ២០២០ មានអ្នក​កាសែត​មិនតិច​ជាង ៧២ នាក់ នោះទេ ដែលត្រូវ​បានយាយី​តាមផ្លូវ​តុលាការ ដែលក្នុង​នោះមានជាង ៤២ នាក់ ត្រូវបានឃុំខ្លួន សាកសួរ ឬចាប់ដាក់​ពន្ធនាគារ។ អ្នកទាំង​នោះ​ភាគច្រើន​ត្រូវបាន​ចោទប្រកាន់​ពីបទញុះញង់​តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ឧទាហរណ៍​ដូចជា​ ករណីលោក សុខ ឧត្តម ដែលជាម្ចាស់​ស្ថានីយវិទ្យុរិទ្ធិ​សែន​ក្នុងខេត្ត​កំពង់ឆ្នាំង និងលោក រស់ សុឃិត ដែលជា​អ្នកសារព័ត៌មាន និងជាអ្នកបោះ​ពុម្ពផ្សាយ​កាសែតជាតិខ្មែរ ហើយអ្នក​ទាំងពីរ​ត្រូវបាន​ផ្តន្ទាទោស ដាក់ពន្ធនាគារ។ ជាងនេះទៅទៀត ករណីអតីត​អ្នកយក​ព័ត៌មានវិទ្យុ​អាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ដែលត្រូវ​បានចាប់​ខ្លួនកាល​ពីខែវិច្ឆិកា ឆ្នាំ២០១៧ និងចោទ​ប្រកាន់ពីបទ​ចារកម្ម និង ផលិតរូបភាព​អាសអាភាស​នៅមិន​ទាន់បានដោះ​ស្រាយ​នៅឡើយទេ។ ទោះបីជា អ្នកទាំងពីរ​ត្រូវបាន​ដោះលែង​ឱ្យនៅក្រៅ​ឃុំជា​បណ្តោះអាសន្ន​តាំងពីខែតុលា ឆ្នាំ២០១៩ ហើយក៏​ដោយ ករណី​របស់អ្នក​ទាំងពីរ​រូបនេះ មិនទាន់​បានបញ្ចប់ អស់រយៈ​ពេលជាង ៣ឆ្នាំមកនេះ ដោយមិន​ទាន់មាន​ដំណោះស្រាយ​ជាក់លាក់​ណាមួយ នៅ​ឡើយទេ។ យើងខ្ញុំ​សូមអំពាវនាវ​ដល់រដ្ឋាភិបាល​ឱ្យទម្លាក់​រាល់ការ​ចោទ​ប្រកាន់​ទាំងអស់​ទៅលើ​ករណី លោក យាង សុធារិន និងលោក អ៊ួន ឈិន និងដោះលែង​លោក សុខ ឧត្តម និងលោក រស់ សុឃិត និងសុំឱ្យ​មានការ​ផ្តល់​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ដល់អ្នក​ទាំងពីរ​ឡើងវិញ។

ជាការបារម្ភផងដែរនៅ​ក្នុងបរិបទនៃ​ការ​រាតត្បាតជំងឺកូវីដ១៩ អាជ្ញាធរបាន​រឹតបន្តឹង និងមិនអត់​ឱនចំពោះសំឡេង​រិះគន់ ហើយអ្នកសារព័ត៌មាន​កាន់តែ​ងាយរង​គ្រោះពីការយាយី និងការចោទ​ប្រកាន់តាម​ផ្លូវតុលាការ ចំពោះសកម្មភាព​រាយការណ៍ព័ត៌មាន​របស់ខ្លួន​ទៅលើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ជំងឺរាតត្បាត។​  រវាង​ខែមក​រា​ ដល់​ខែមេសា ឆ្នាំ​២០២១ អ្នក​កាសែត​ចំនួន​បី​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​ប្រ​ព័ន្ធផ្សព្វផ្សាយ​ចំនួន​៦ ​ត្រូវបាន​​ក្រសួង​ព័ត៌​មានដក​អាជ្ញាប័ណ្ណ​ដោយសារតែ​សកម្មភាពរាយការណ៍​ព័ត៌មានទាក់​ទង​នឹង​ជំងឺកូវីដ១៩។ ​ទាំងនេះបានបង្ក​ឱ្យមាន​ផលប៉ះពាល់​មិនល្អចំពោះ​អ្នករាយការណ៍​ព័ត៌មាន​ឯករាជ្យ ​បង្កើននូវ​ការចាប់​ពិរុទ្ធខ្លួន​ឯង និងរារាំង​ដល់ការទទួល​បានព័ត៌មាន​សំខាន់ៗ​របស់ពលរដ្ឋ​ផងដែរ។ ​នៅក្នុងបរិបទ​នេះ យើងខ្ញុំ​សូមក្រើន​រម្លឹកថា ការធ្វើការ​រួមគ្នា​រវាងប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរ អាចនាំ​ឱ្យមានការ​ផ្សព្វផ្សាយព័ត៌មាន​កាន់តែទូលំទូលាយ​ទាក់ទង​នឹងជំងឺកូវីដ១៩ ដល់សាធារណជន​នៅក្នុង​ប្រទេសកម្ពុជា។ ដូច្នេះយើងខ្ញុំ​សូមអំពាវនាវ​ឱ្យរដ្ឋាភិបាល​ទទួលស្គាល់​ពីតួនាទីដ៏​សំខាន់របស់​អ្នកសារព័ត៌មាន​ក្នុងពេលមាន​វិបត្ដិសុខភាព​ជាសកល​នេះ និងត្រូវ​ធានាថាអ្នកសារព័ត៌មាន​អាចអនុវត្តន៍​ការងារ​របស់ខ្លួន​ដោយគ្មាន​ការភ័យខ្លាច។

ក្រៅពីនេះ បទល្មើស​លើអ្នក​សារព័ត៌មានបានបន្ត​កើតឡើង និងក្លាយជា​អំពើនិទណ្ឌភាព។ នៅឆ្នាំ២០២០ យ៉ាងហោច​ណាស់មាន​អ្នកសារព័ត៌មាន​ ២២ នាក់ ត្រូវបាន​វាយប្រហារ ឬគំរាមកំហែង​ដោយ​អំពើហិង្សា​អំឡុង​ពេលបំពេញ​ភារកិច្ច ហើយមាន​អ្នកសារព័ត៌មាន​ម្នាក់បាន​ទទួលមរណៈភាព​ដោយ​គ្រោះថ្នាក់ចរាចរណ៍ ហើយ​ករណីនេះ​ពុំមាន​ការស៊ើបអង្កេត​ឱ្យបានត្រឹមត្រូវ​នោះទេ។ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ អ្នកសារព័ត៌មាន​តាមអ៊ីនធឺណិត​ចំនួន ៤ នាក់ ត្រូវបាន​ជន​ស្លៀកពាក់​ស៊ីវិលមួយ​ក្រុមវាយ​ប្រហារ។ ក្រុមអ្នក​សារព័ត៌មាន​ជឿថា ជន​វាយប្រហារ​ទាំងនោះ​គឺជាក្រុម​ឈ្មួញ​រកស៊ីឈើ​ខុសច្បាប់ ដែលមក​សងសឹក​ដល់​ក្រុមអ្នកសារព័ត៌មាន​បន្ទាប់ពីពួក​គេបាន​រាយការណ៍​ប្រាប់ប៉ូលីស​ថាក្រុម​នេះបាន​ប្រព្រឹត្តបទ​ល្មើស​ព្រៃឈើ។ ដូចគ្នានេះដែរ កាលនៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ អ្នកសារព័ត៌មាន ២នាក់ ត្រូវបានវាយ​ប្រហារ នៅពេល​ពួកគេកំពុង​ស៊ើបអង្កេត​សកម្មភាព​ខុសច្បាប់​របស់ឈ្មួញ​ឈើនៅក្នុង​ខេត្តស្ទឹងត្រែង។ ទោះបី​ជាមាន​ពាក្យបណ្តឹង​ដាក់ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ដោយ តែមកទល់​ពេលនេះ យុត្តិធម៌​សម្រាប់​អ្នកសារព័ត៌មាន​រងគ្រោះនៅ​មិនទាន់​ទទួលបាន​នៅឡើយទេ។ បន្ថែមពីនេះ ចាប់តាំងពីឆ្នាំ១៩៩៤ មក អ្នកសារព័ត៌មាន​ចំនួន ១៣ នាក់ ត្រូវបាន​សម្លាប់ ដោយសារការ​រាយការណ៍​របស់ពួក​គេ​ទាក់ទង​នឹងការប្រព្រឹត្ត​អំពើពុករលួយ​របស់ឥស្សរជន​ជាច្រើនរូប និងមន្ត្រីយោធា​ជាន់ខ្ពស់ផង​ដែរ។ យើងខ្ញុំ​សូមទទូចឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ច្បាស់​លាស់ ដើម្បីធានា​ថាអ្នកសារព័ត៌មាន​ត្រូវបានការពារ​នៅពេលបំពេញ​តួនាទីដ៏សំខាន់​របស់ខ្លួន​ និងសូមបញ្ចប់​នូវរាល់​អំពើនិទណ្ឌភាព​នៃឧក្រិដ្ឋកម្មប្រឆាំង​នឹងអ្នកសារព័ត៌មាន តាមរយៈ​ការធ្វើការ​ស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព ឯករាជ្យភាព តម្លាភាព និងការកាត់​ទោសជន​ល្មើស ដោយ​អនុលោម​ទៅតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ។

ក្រៅពីនេះ រដ្ឋាភិបាលបាន​ជំរុញឱ្យមាន​ច្បាប់រឹតត្បិត​កាន់តែច្រើន​ដែលធ្វើឱ្យ​ប៉ះពាល់ដល់​សេរីភាព​ខាងការបញ្ចេញមតិ​នៅតាម​អ៊ីនធឺណិត និងក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត។ នៅខែមេសា ឆ្នាំ២០២០ ច្បាប់ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុងភាព​អាសន្ន ត្រូវបាន​អនុម័ត។ ច្បាប់នេះបាន​ផ្តល់អំណាច​ដោយសេរី​ដល់រដ្ឋាភិបាល ក្នុងការ​រឹតត្បិត​សេរីភាព​មូលដ្ឋានរួមទាំង​សេរីភាពសារព័ត៌មាន។ ថ្មីៗនេះ រដ្ឋាភិបាល​កម្ពុជាក៏បាន​អនុម័ត អនុក្រឹត្យស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ដែលជួយ​សម្រួលដល់​ការឃ្លាំមើល និងត្រួតពិនិត្យ​ចរាចរណ៍​នៅតាមប្រព័ន្ធអ៊ីនធឺណិត​ទាំងអស់​នឹងស្ថិតនៅ​ក្នុងច្រកទ្វារ​តែមួយ ដែលរដ្ឋាភិបាល​ជាអ្នកគ្រប់គ្រង។ ​លើសពីនេះទៀត នៅខែមករា ឆ្នាំ ២០២១ អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានចេញ​សារាចរណ៍​ណែនាំដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត  ក្នុងការ​ហាមឃាត់​រាល់ការថត​របស់អ្នក​សារព័ត៌មាន​ចំពោះការស៊ើប​អង្កេត​របស់ប៉ូលីស​លើសកម្មភាព​បទល្មើសផ្សេងៗ ដែលនេះ​បានធ្វើ​ឱ្យប៉ះពាល់​ដល់សេរីភាពសារព័ត៌មាន​ផងដែរ។ រដ្ឋាភិបាល​ក៏បានធ្វើ​សេចក្តីព្រាង​ច្បាប់​មួយដែរ​ទាក់ទង​នឹងច្បាប់ស្តីពី​ឧក្រិដ្ឋកម្ម​តាមប្រព័ន្ធ​អ៊ីនធឺណិត ដែលមាន​បទប្បញ្ញត្តិមួយ​ចំនួន​អាចកាត់​បន្ថយ​សេរីភាព​ការបញ្ចេញ​មតិតាម​អ៊ីនធឺណិត ប្រសិន​បើច្បាប់​នោះ​ត្រូវបានអនុម័ត។ ដូច្នេះយើងខ្ញុំ​សូមអំពាវ​នាវដល់​រដ្ឋាភិបាល​ឱ្យធ្វើវិសោធនកម្ម ឬលុបចោល​នូវច្បាប់ទាំង​ឡាយណា​ដែលមាន​លក្ខណៈគាប​សង្កត់ និងត្រូវធានាថា​រាល់ការតាក់​តែងច្បាប់នានា​ក្នុងពេលខាងមុខ​នឹងត្រូវបាន​ព្រាងឡើង ឱ្យស្រប​តាមកាតព្វ​កិច្ច​សិទ្ធិមនុស្ស​របស់ប្រទេស​កម្ពុជាប្រកប​ដោយតម្លាភាព និងមានការ​ពិគ្រោះយោបល់។

ប្រទេសកម្ពុជា​មិនអាច​សម្រេចបាន​នូវលទ្ធិប្រជាធិបតេយ្យ​នោះទេ ​បើ​គ្មាន​សារព័ត៌មានសេរី និងឯករាជ្យ ដែលអាច​ទទួលបានព័ត៌មាន ក៏ដូចជាតម្លាភាព និងគណនេយ្យភាព​របស់ស្ថាប័នរដ្ឋ។ ដូច្នេះ រដ្ឋាភិបាលចាំបាច់​ត្រូវចាត់​វិធានការ​ជាក់ស្តែង ដើម្បីបង្ក​ឱ្យមាន​បរិយាកាស​អំណោយ​ផល ដែលសេរីភាព​សារព័ត៌មាន​ត្រូវបានការពារ និងលើកកម្ពស់ ហើយប្រព័ន្ធ​ផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន​ឯករាជ្យអាច​បំពេញតួនាទី​ដ៏សំខាន់​របស់ខ្លួន​បានដោយ​សេរីនិង​គ្មានការ​ប្រឈមមុខ​នឹងការយាយី ការសងសឹក ឬប្រថុយ​ជីវិត​របស់ខ្លួន​។ ជាមួយគ្នានេះដែរ​ អ្នកសារព័ត៌មាន​ក៏គួរតែ​បំពេញការងារ​បែបស៊ើបអង្កេត និងរាយការណ៍​ព័ត៌មាន​ ប្រកប​ដោយវិជ្ជាជីវៈ និងឯករាជ្យ ​ ដើម្បីធានាថា​ពួកគេបាន​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ និងអាចទុកចិត្ត​បានដល់​សាធារណជន ក៏ដូចជាការ​ចូលរួម​ចំណែក​ក្នុងការ​ពង្រឹង​អភិបាលកិច្ចឱ្យ​កាន់តែ​ប្រសើរឡើង។

សេចក្តីថ្លែងការណ៍នេះ គាំទ្រដោយ៖

១.​អង្គ​ការក្រុម​ការ​ងារ​ដោះស្រាយទំនាស់

២.​បណ្តាញអាស៊ីដើម្បីការ​បោះឆ្នោត​ដោយ​សេរី​

៣.​អង្គ​ការ​អភិវឌ្ឍន៍សំលេង​សហគមន៍

៤.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​(ម.ស.ម.ក)

៥.​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រ​ព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ​

៦.​សមាគមសម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ (ខេមបូចា)

៧.​សមាគមបណ្តាញយុវជន​កម្ពុជា​

៨.​សមាគមការពារ​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍នៅកម្ពុជា​ (អាដហុក)

៩.​មជ្ឈមណ្ឌលសម្ព័ន្ធ​ភាព​ការ​ងារ​ និង​សិទ្ធិមនុស្ស​

១០.​​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍

១១.​គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

១២.​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា

១៣.​វិទ្យាស្ថាន​ប្រ​ជា​ធិបតេយ្យកម្ពុជា​

១៤.​សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម

១៥.​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា

១៦.​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ

១៧.​បណ្តាញកសាង​សន្តិភាព​សហគមន៍

១៨.​សហភាពការងារកម្ពុជា​

១៩.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា

២០.​សម្ព័ន្ធសហជីពកម្ពុជា

២១.​សហគមន៍៩២ ភ្នំពេញ

២២.​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ​)

២៣.​​អង្គ​ការ​សមធម៌កម្ពុជា​

២៤.សមាគមប្រ​ជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ច​ក្រៅប្រ​ព័ន្ធ​

២៥.​សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ

២៦.​សហព័ន្ធសហជីពឯករាជ្យ

២៧.​អង្គ​ការក្លាហាន​

២៨.​សហគមន៍ឡពាង កំពង់ឆ្នាំង​

២៩.​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍

៣០.​សហគមន៍មានជ័យ ស្វាយរៀង

​៣១.​គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា

៣២.​មជ្ឈមណ្ឌល​ប្រ​ជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍និង​សន្តិភាព​​

៣៣.​អង្គ​ការ​ពន្លកខ្មែរ​

៣៤.​សហគមន៍ផ្លូវរថភ្លើង ភ្នំពេញ

៣៥.​សហគមន៍ព្រែកតាគង់ ៦០ម៉ែត្រ ភ្នំពេញ

៣៦.​សហគមន៍ឬស្សីស្រស់ ភ្នំពេញ​

៣៧.​អង្គ​ការ​សមាគមធាង​ត្នោត​

៣៨.​សហគមន៍ស្មសាន្ត ភ្នំពេញ

៣៩.​សហគមន៍ចេកមាស ស្វាយរៀង

៤០.​អង្គ​ការតម្លា​ភាពកម្ពុជា​​

៤១​.​សហគមន៍ទូលសង្កែអេ ភ្នំពេញ​

៤២.​អង្គ​ការមណ្ឌលព័ត៌​មាន​ស្រ្តីកម្ពុជា​

៤៣.​អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន​

៤៤.​អង្គ​ការ​ក្រុមប្រឹក្សាយុវជន​កម្ពុជា​

៤៥.​អង្គការយុវសន្តិភាព​