សេច​ក្ដី​ថ្លែង​ការ​ណ៍​រួម​ ស្ដី​ពី​លោក​ Wanchalearm​ Satsaksit​ នៅ​តែ​បន្ត​បាត់​ខ្លួន​ ខណៈ​ដែល​ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាតិពិនិត្យ​ឡើង​វិញ​លើ​ការ​បាត់​ខ្លួន​ដោយ​បង្ខំនៅ​ប្រទេស​កម្ពុជា

រាជ​ធានី​ភ្នំពេញ​ ថ្ងៃទី​០៤​ ខែ​មេសា ​ឆ្នាំ​២០២២

យើង​ខ្ញុំ ​ជា​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ខក​ខាន​របស់​ប្រទេស​កម្ពុជា​ក្នុង​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់ ​និង​មាន​ប្រសិទ្ធភាព​ ចំពោះ​ការបាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​ជន​ជាតិ​ថៃ គឺ​លោក ​Wanchalearm​ Satsaksit​ និង​ការ​នាំ​ឱ្យ​មាន​និទណ្ឌភាព​ ។ ខណៈ​ដែល​គណៈ​កម្មាធិ​ការ​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ (CED)​ រៀប​ចំ​ការ​ពិនិត្យ​មើល​ឡើង​វិញ​ជាបឋម​អំពី​ស្ថាន​ភាព​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំនៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃទី​០៥ ​ខែមេសា​ ឆ្នាំ​ ២០២២​នេះ ​យើង​ខ្ញុំ ​សូម​ស្នើ​ឱ្យ​គណៈកម្មា​ធិការ​នេះ ​ជួយ​ដោះ​ស្រាយ​ការ​ខកខាន​ជាបន្ត​បន្ទាប់​របស់​អាជ្ញាធរ​កម្ពុជា ​ដើម្បី​ស្វែងរក​លោក ​Wanchalearm​​​​ ឱ្យ​បាន​​ឆាប់​រហ័ស និង​ដោយ​ហ្មត់ចត់ ​និង​ដើម្បី​ស៊ើបអង្កេត​ពីការ​បាត់ខ្លួន​របស់​គាត់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​តម្លាភាព ​។ យើង​ខ្ញុំ​ ឈរ​ជា​សាមគ្គីភាព​ ជា​មួយ​លោក ​Wanchalearm ​និង​ក្រុម​គ្រួសារ​របស់​គាត់ ​ព្រម​ទាំង​ជន​រង​គ្រោះ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ទាំង​អស់​ ហើយ​សូម​ស្នើឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ដើម្បី​ធានា​ពី​សិទ្ធិ​របស់​ជនរង​គ្រោះ​ក្នុង​ការទទួល​បាន​យុត្តិធម៌​ និង​សំណង ​ក៏​ដូចជា​កំណត់​ជោគ​វាសនា ​ឬទីកន្លែង​ដែល​អ្នកបាត់​ខ្លួន​កំពុង​ស្នាក់នៅ​ ។ យើង​ខ្ញុំយល់​ស្រប​ជាមួយ​គណៈ​កម្មាធិការ​ថា “លក្ខណៈ​នៃការ​បាត់ខ្លួន​ដោយ​បង្ខំ​គឺ​ជាឧក្រិដ្ឋកម្ម​កើត​មាន​ជាបន្ត​” ដែល​នាំឱ្យ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​រស់រាន​មានជីវិត​ សេរីភាព​ និង​សុវត្ថិភាព​របស់​មនុស្ស​ សេរីភាព​ពីការ​ឃុំឃាំង​និង​ការ​ធ្វើទារុណ​កម្មដោយ​សម្ងាត់ ​ក៏ដូច​ជាសិទ្ធិ​រស់​នៅ​ជួប​ជុំជាមួយ​គ្រួសារ​ផងដែរ ​។ គ្រួសារ​អ្នក​ដែល​បានបាត់​ខ្លួន​ទាំង​អស់​នោះ​ បាន​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​រាប់​មិន​អស់ ខណៈ​ដែលពួកគេ​ត្រូវ​បាន​​ដកហូត​សិទ្ធិទទួល​បាន​សំណង​ការខូតខាត ​និង​ដឹងជោគវាសនា​ ឬទីកន្លែង​ដែល​អ្នកបាត់​ខ្លួន​កំពុង​ស្នាក់​នៅ ។

គណៈកម្មាធិ​ការអង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ការបាត់​ខ្លួនដោយ​បង្ខំ​ ធ្លាប់​បានសម្តែង​ការព្រួយ​បារម្ភ ​ចំពោះ​ការខកខាន​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការកំណត់​ និង​ធ្វើការ​ស្រាវជ្រាវ ​និង​ស៊ើប​អង្កេតដោយ​​ហ្មត់​ចត់ ​ឥត​លម្អៀង​ និង​ដោយ​ឯករាជ្យ​ ជុំវិញ​ការបាត់​ខ្លួន​ដែល​ត្រូវបាន​រាយការណ៍ ​ដែល​ជាលំនាំ​មួយ​នៅ​តែបន្ត​កើត​មាន​ជាមួយ​នឹង​ករណី​របស់​លោក​ Wanchalearm​ ។ កាល​ពីខែមិថុនា​ ឆ្នាំ២០២០​ លោក​ Wanchalearm ​ត្រូវបាន​គេចាប់​ពង្រត់​ទាំង​កណ្ដាល​ថ្ងៃនៅ​ខាង​ក្រៅ​អគារ​ស្នាក់នៅ​របស់​លោក ​ខណៈ​ដែល​លោក​កំពុង​រស់​នៅ​និរទេសខ្លួន​ក្នុងរាជ​ធានីភ្នំពេញ ​។ លោក​ Wanchalearm ​ជា​អ្នករិះគន់​ឥត​សំចៃ​មាត់​ចំពោះរាជ​រដ្ឋាភិបាល​ថៃ​ ដែល​ប្រឈមនឹង​ការ​ចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើននៅ​ក្នុង​ប្រទេស​ថៃ ។ ការចាប់​ពង្រត់​លោក ត្រូវ​បានថត​ជាប់នៅ​លើវីដេអូនៃ​កាមេរ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន​CCTV​ រួមមាន​ទាំងរូប​ភាព​រថយន្ត​ដែល​ត្រូវបាន​ប្រើប្រាស់ ​និង​ស្លាក​លេខ​រថយន្ត ក៏​ដូចជា​សាក្សី​ដែលបាន​ឃើញផ្ទាល់​ភ្នែក​ផងដែរ ​។ អ្នកស្រី ​Sitanan​ Satsaksit​ ដែលជា​បងស្រី​របស់​លោក Wanchalearm ​ក៏បាន​ដឹង​ឮផ្នែក​ខ្លះនៃ​ការចាប់​ពង្រត់​នេះ​ផងដែរ ​ដោយ​សារ​អ្នកស្រី​កំពុង​និយាយ​ទូរសព្ទ​ជាមួយ​លោក​នៅ​ពេលនោះ​ ។ ឯកឧត្តម ​ឆាយ​ គឹមឃឿន​ អ្នកនាំ​ពាក្យអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​និង​ឯក​ឧត្តម ខៀវ ​សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​ដំបូង​ឡើយ​បាន​ច្រានចោល​ការចាប់​ពង្រត់​នេះថាជា​ “ព័ត៌មាន​មិនពិត” ​ខណៈដែល​មន្ត្រីម្នាក់​ផ្សេង​ទៀត​បានបញ្ជាក់​ថា​ រាជរដ្ឋាភិបាល​នឹង​មិន​ស៊ើបអង្កេត​ករណី​នេះទេ​ ដោយ​សារតែពុំមានពាក្យបណ្តឹងជាផ្លូវការ ។  ក្រោយមក អាជ្ញាធរបានបដិសេធថា លោក Wanchalearm មិន​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នោះទេ​  បើទោះ​បីជា​មានភស្តុតាង​ច្បាស់​លាស់​ក៏ដោយ ​ប៉ុន្តែ​អាជ្ញាធរ​បានផ្តោត​លើបញ្ហា​ដែល​មិនពាក់ព័ន្ធ​ក្នុងការ​កំណត់​ជោគ​វាសនា​ និង​ទីកន្លែង​ដែល​គាត់​កំពុង​ស្នាក់​នៅទៅវិញ ​ដូច​ជាថា​តើគាត់​មាន​ឯកសារ​ឆ្លង​ដែន​ត្រឹមត្រូវ​ដែរ​ឬទេ​ ។ នៅ​ចំពេល​ដែល​មាន​ការថ្កោលទោស​យ៉ាង​ខ្លាំង​ពីអន្តរជាតិ ​ហើយ​បន្ទាប់​ពីអ្នកស្រី ​Sitanan​ Satsaksit បាន​ដាក់ពាក្យ​បណ្តឹង​ជាផ្លូវការ​ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃទី​០៨​ ខែកក្កដា ​ឆ្នាំ២០២០​ ទីបំផុតអាជ្ញាធរ​កម្ពុជា​បានបើក​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​នៅខែ​កញ្ញា ​ឆ្នាំ២០២០​​ ។ ទោះបី​ជាអ្នកស្រី ​Sitanan បានផ្តល់សក្ខីភាព និងភស្តុតាងដល់តុលាការរាជធានីភ្នំពេញក្នុងខែធ្នូ ឆ្នាំ២០២០ និងដើមឆ្នាំ ២០២១ ក៏​ដោយ​ ក៏មិនទាន់​មានចាប់​ផ្ដើម​ក្នុង​ការ​ស៊ើបអង្កេត​ដែរ​ ។ បណ្តឹង​ឧទ្ធរណ៍​ជាបន្តបន្ទាប់​សម្រាប់​ព័ត៌មាន​លើការ​បាត់ខ្លួន​របស់​គាត់ ​និង​ដំណើរ​ការ​នៃ​ការ​ស៊ើប​អង្កេត​របស់​ក្រុម​គ្រួសារលោក Wanchalearm គឺទទួលបាន​ត្រឹមតែ​ភាព​ស្ងៀមស្ងាត់ ​។ នៅក្នុង​ប្រទេសថៃ​ អាជ្ញាធរថៃ​បានគំរាម​កំហែង​ពីរដងរួច​មកហើយ​ទៅលើ​អ្នកស្រី Sitanan​ ជាមួយ​នឹង​បទចោទ​ព្រហ្មទណ្ឌ​ បន្ទាប់​ពីអ្នកស្រីបាន​ថ្លែង​នៅ​ក្នុងព្រឹត្តិការណ៍​មួយ​ចំនួន​ក្នុង​ខែកញ្ញា ​និង​ខែធ្នូ​ ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការបាត់​ខ្លួនប្អូន​ប្រុស​របស់​អ្នកស្រី ​និង​តម្រូវការ​ក្នុងការ​អនុម័ត​សេចក្តីព្រាង​ច្បាប់​របស់​ប្រទេស​ថៃស្តីពី​ការការពារ​ និង​បង្ក្រាប​ការ​ធ្វើ​ទារុណកម្ម​ និង​ការ​បាត់​ខ្លួន​ដោយបង្ខំ​ ។

ការ​បាត់​ខ្លួន​របស់លោក​ Wanchalearm ​គឺជាការ​រំលឹកដ៏តក់ស្លត់​មួយ​នៃការ​បាត់ខ្លួន​ឆ្លងប្រទេស​ក្នុងឆ្នាំ​២០០៧ របស់​សកម្មជន​គាំទ្រ​លទ្ធិប្រជា​ធិបតេយ្យ​ និង​សកម្មជន​សិទ្ធិការងារ​ជាជន​ជាតិវៀត​ណាម​ពីររូបពី​ប្រទេស​កម្ពុជា ​។ ឧទាហរណ៍​ លោក Le Tri Tue​ ជាអ្នក​ជនជាតិ​វៀតណាម​ដែលនិយម​បញ្ចេញមតិ​រិះគន់ បាន​បាត់​ខ្លួន​នៅរាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ២០០៧​ បន្ទាប់​ពីបាន​ដាក់ពាក្យ​សុំសិទ្ធិជ្រកកោន ​ហើយ​នៅ​តែ​បន្តបាត់​ខ្លួនមកដល់​បច្ចុប្បន្ន​ ។

ការ​ខកខាន​ក្នុង​ការស៊ើប​អង្កេត​ ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ការបាត់​ខ្លួន​ដោយបង្ខំ ​គឺជា​រំលោភបំពាន​កាតព្វកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​របស់​ប្រទេស​កម្ពុជា ក្រោម​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការការពារជន​គ្រប់រូប​ ពីការ​បាត់ខ្លួន​ដោយបង្ខំ​ (ICPPED) ​ដែល​ប្រទេសកម្ពុជា​បាន​ក្លាយជា​រដ្ឋភាគី​ក្នុងឆ្នាំ​២០១៣​ ។ ជា​ពិសេស ​ប្រទេស​កម្ពុជា​កំពុង​តែរំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការស៊ើប​អង្កេតឱ្យ​បាន​ហ្មត់ចត់ ​និង​ឥត​លំអៀង​ដោយ​មិន​ពន្យារ​ពេល ក្នុង​ការ​ចាត់វិធាន​ការចាំបាច់​ ដើម្បី​យក​អ្នក​ពាក់ព័ន្ធ​ឱ្យមក​ទទួលខុស​ត្រូវព្រហ្មទណ្ឌ ​និង​ធានា​ដល់សិទ្ធិ​ទទួល​បានព័ត៌មាន​សម្រាប់​អ្នក​ដែល​ត្រូវទទួល​បានផល​ប្រយោជន៍​ស្របច្បាប់​ ។ លើសពីនេះ​ ការ​ពន្យារពេល​ដែល​មិនសម​ហេតុផល​ក្នុង​ការស្វែង​រកមនុស្ស​ដែល​បាន​បាត់ខ្លួន​ គឺមិនស្រប​តាមគោល​ការណ៍ណែនាំ​សម្រាប់​ការស្វែងរក​មនុស្ស​ដែល​បានបាត់​ខ្លួនទេ​ ក្នុង​នោះ​ដើម្បី​សន្មត​ថាមនុស្ស​នោះ​នៅមាន​ជីវិត គោរព​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​ដោយ​មិន​ពន្យារ​ពេល ​ប្រើប្រាស់​ព័ត៌មាន​តាម​មធ្យោបាយ​សមស្រប ​និង​ការគោរព​ថា​ ការស្វែង​រកគឺ​ជា​កាតព្វកិច្ច​ដែល​បន្ត​រហូត​ដល់​ជោគ​វាសនា​នៃអ្នក​បាត់ខ្លួន​នោះ​ត្រូវ​បាន​ដឹង ។

គណៈ​កម្មាធិកា​រអង្គការ​សហប្រជា​ជាតិស្តី​ពីការបាត់​ខ្លួនដោយ​បង្ខំ​ បាន​បើក​សម័យ​ប្រជុំ​លើក​ទី២២​ របស់​ខ្លួន​ កាល​ពីថ្ងៃទី​២៨ ​ខែមីនា​ ហើយ​នឹង​បង្កើត ​បញ្ជី​បញ្ហា ​ដែល​នឹងជា​មូលដ្ឋាន​សម្រាប់ការពិនិត្យឡើងវិញនូវរបាយការណ៍ដំបូងរបស់កម្ពុជា ផ្អែកតាមមាត្រា២៩ នៃអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ។ របាយការណ៍​នេះ​ ត្រូវបាន​តម្រូវឱ្យធ្វើ​រួចរាល់​ត្រឹម​ឆ្នាំ​២០១៥​ ប៉ុន្តែ​មិន​ត្រូវ​បានរាជ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ជូនទេ រហូត​ដល់​ឆ្នាំ​២០២១ ៕

សេចក្ដី​ថ្លែងការណ៍​រួមនេះ​ គាំទ្រ​ដោយ៖

  1. អ្នកស្រី​ Sitanan Satsaksit ​និង​ក្រុម​គ្រួសារ
  2. សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​ កម្ពុជា (ANSA)
  3. ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT)
  4. Ain o Salish Kendra (ASK) ប្រទេសបង់ក្លាដេស
  5. Asian​ Forum for Human Rights and Development (FORUM-ASIA)
  6. Asian Resource Foundation (ARF) ប្រទេស​ថៃ
  7. Association of Women for Awareness & Motivation (AWAM) ប្រទេស​ប៉ាគីស្ថាន
  8. Banglar Manabadhikar Suraksha Mancha (MASUM) ប្រទស​ឥណ្ឌា
  9. Bytes for All (ប្រទេស​ប៉ាគីស្ថាន​)
  10. សមាគម​មន្ត្រីរាជ​ការឯករាជ្យ​កម្ពុជា​ (CICA)
  11. មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក)
  12. សហព័ន្ធ​សហជីព​ កម្មករ​ចំណី​អាហារ​ និងសេវា​កម្មកម្ពុជា​ (CFSWF)
  13. សមាគម​ការពារ​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​នៅកម្ពុជា​ (ADHOC)
  14. វិទ្យា​ស្ថាន​ប្រជាធិប​តេយ្យ​កម្ពុជា​ (CID)
  15. សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  16. បណ្តាញយុវជនកម្ពុជា (CYN)
  17. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  18. Center for Human Rights and Development (CHRD) ប្រទេសម៉ុងហ្គោលី
  19. Center for Prisoners’ Rights (CPR) ប្រទសជប៉ុន
  20. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  21. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  22. Commonwealth Human Rights Initiative (CHRI) ប្រទេសឥណ្ឌា
  23. Cross Cultural Foundation (CrCF) ប្រទេសថៃ
  24. Defence of Human Rights (DHR) ប្រទេសប៉ាគីស្ថាន
  25. Dignity-Kadyr-kassiyet (KK) ប្រទេសកាហ្សាក់ស្ថាន
  26. អង្គការសមធម៌កម្ពុជា (EC)
  27. Human Rights Commission of Pakistan ប្រទេស​ប៉ាគីស្ថាន​
  28. Human Rights Lawyers Association (HRLA) ប្រទេស​ថៃ​
  29. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  30. The Indonesian Human Rights Monitor – Inisiatif Masyarakat Partisipatif untuk Transisi Berkeadilan (Imparsial) ប្រទេស​ឥណ្ឌូនេស៊ី​
  31. International Federation for Human Rights (FIDH)
  32. Korean House for International Solidarity (KHIS) ប្រទេស​កូរ៉េខាង​ត្បូង
  33. League for the Defence of Human Rights in Iran (LDDHI) ប្រទេស​អ៊ីរ៉ង់
  34. Madaripur Legal Aid Association (MLAA) ប្រទេស​បង់ក្លាដេស
  35. Maldivian Democracy Network (MDN) ប្រទេស​ម៉ាឌីវ
  36. Manushya Foundation (ប្រទេសថៃ​)
  37. Odhikar (ប្រទេស​បង់ក្លាដេស​)
  38. People’s Empowerment Foundation (PEF) ប្រទេស​ថៃ​
  39. People’s Watch (ប្រទេស​ឥណ្ឌា)
  40. Programme Against Custodial Torture & Impunity (PACTI) ប្រទេស​ឥណ្ឌា
  41. Progressive Voice (ប្រទេស​មីយ៉ាន់ម៉ា)
  42. Safety and Risk Mitigation Organization (SRMO) ប្រទេស​អាហ្វហ្កានីស្ថាន
  43. អង្គការ​សមាគម​ធាងត្នោត (STT)
  44. Suara Rakyat Malaysia (SUARAM) ប្រទេស​ម៉ាឡេស៊ី
  45. Thai Lawyers for Human Rights (TLHR) ប្រទេស​ថៃ
  46. គណៈ​កម្មាធិការ​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ​ដើម្បីអនុសញ្ញា​ លុបបំបាត់​រាល់ទម្រង់នៃ​ការ រើសអើង​លើស្រ្តី (NGO-CEDAW)
  47. Think Centre (ប្រទេស​សិង្ហបុរី)
  48. អង្គការ​តម្លាភាព​កម្ពុជា​ (TIC)
  49. Vietnam Committee on Human Rights (VCHR) ប្រទេស​វៀតណាម
  50. កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP)

Download Joint Statement (Khmer)

Download Joint Statement (English)