សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការចងចាំនៅវេងស្រេង៖ ៨ឆ្នាំក្នុងភាពស្ងប់ស្ងាត់ ប៉ុន្តែគ្មានយុត្តិធម៌

សេចក្ដីថ្លែង​ការណ៍រួម​ស្ដីពី

ការចង​ចាំ​នៅវេងស្រេង៖ ៨ឆ្នាំក្នុង​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​គ្មាន​យុត​្តិធម៌

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២

យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម ចូលរួម​ជា​សាមគ្គីភាព​ជាមួយ​ក្រុម​គ្រួសារ​របស់​ជនរង​គ្រោះ​ដែល​ត្រូវបាន​បាញ់សម្លាប់ រងរបួស និងបាត់ខ្លួន នៅថ្ងៃនេះ​កាលពី ៨ឆ្នាំមុន ក្នុងពេល​ដែលកង​កម្លាំង​សមត្ថកិច្ច​​បាន​វាយប្រហារ​​ដោយគ្រាប់​កាំភ្លើង ​បាញ់ទៅ​លើ​កម្មករ​នយោជិត​​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅលើ​មហាវិថី​វេងស្រេង ក្នុង​រាជធានី​ភ្នំពេញ ។ យើងខ្ញុំ បន្តស្នើសុំ​ឱ្យ​មានការ​ទទួលខុស​ត្រូវ​ចំពោះការ​បាញ់ប្រហារ​នេះ ក៏ដូច​ជាការ​បាត់ខ្លួនក្មេង​ប្រុសអាយុ ១៥ឆ្នាំ​ម្នាក់ឈ្មោះ ខឹម សុផាត ដែលនៅ​បន្តបាត់​ខ្លួនមក​ទល់សព្វថ្ងៃនេះ ។

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​រាជរដ្ឋាភិបាល​​បានបាញ់​ប្រហារ និងសម្លាប់​មនុស្ស​យ៉ាងតិច ៤នាក់​ ព្រមទាំង​រងរបួស​យ៉ាងតិច ៣៨នាក់ អំឡុង​ពេល​បង្រ្កាប​ទៅលើការ​ធ្វើកូដកម្ម​ដោយ​សន្តិវិធី​នៅលើម​ហាវិថី​វេងស្រេង ។ កូដកម្ម​របស់​កម្មករ-កម្មការិនី​កាត់ដេរ ដែល​អំពាវ​នាវ​ឱ្យមាន​ប្រាក់ឈ្នួល​អប្បរមា​សមរម្យ ត្រូវ​បាន​រងការ​បង្រ្កាបយ៉ាង​ឃោរឃៅ និងមិន​សមស្រប ។ ការស៊ើប​អង្កេតក្រោយ​មកទៅលើការ​បាញ់ប្រហារនេះ ​គឺត្រូវ​បាន​រាយការណ៍​ថា ធ្វើឡើង​ត្រឹមរយៈ​ពេល ៣សប្ដាហ៍​ប៉ុណ្ណោះ ហើយពុំមាន​នរណា​ម្នាក់ត្រូវ​បានយក​មកផ្ដន្ទាទោស​ចំពោះ​ការស្លាប់​របស់ ​លោក គឹម ផាលាប​ លោក សាម រ៉ាវី​ លោក យាន រឹទ្ធី​ និងលោកផេង កុសល នោះទេ ។ ផ្ទុយទៅ​វិញ កម្មករនយោជិត និងអ្នកការពារ​សិទ្ធិមនុស្ស​ចំនួន ២៣នាក់ ត្រូវបាន​ចាប់ខ្លួន និងក្រោយ​មកត្រូវ​បាន​ផ្ដន្ទាទោស​នៅក្នុង​សវនាការ​មួយជុំវិញ​ការចោទ​ប្រកាន់ពី បទហិង្សា​ដោយចេតនា​មានស្ថាន​ទម្ងន់ទោស បទបំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​មានស្ថាន​ទម្ងន់ទោស បទរារាំង​ចរាចរណ៍​សាធារណៈ និងបទប្រមាថ ពាក់ព័ន្ធ​នឹងការ​តវ៉ានេះ ។

ក្មេងប្រុស ខឹម សុផាត អាយុ១៥ឆ្នាំ​ នៅតែ​បន្តបាត់​ខ្លួនមក​ទល់សព្វ​ថ្ងៃនេះ ។ សុផាត ត្រូវបាន​គេប្រទះ​ឃើញ​លើក​ចុងក្រោយ​ដោយ​ដេកផ្កាប់មុខ​នៅក្នុង​ថ្លុកឈាម បន្ទាប់​ពីរងការបាញ់​ប្រហារ​ដោយគ្រាប់​កាំភ្លើង​ចំទ្រូង ដែល​បង្ខំឱ្យ​អ្នកដទៃ​រត់យក​រួចខ្លួន​ដើម្បីសុវត្ថិភាព​របស់ពួកគេ ខណៈដែលកម្លាំង​សមត្ថកិច្ច​នៅតែបន្ត​បាញ់ប្រហារ​ទៅលើអ្នកតវ៉ា ។ នៅពេលដែល​​អ្នកតវ៉ា​ត្រលប់ទៅ​ទីតាំងដើម​វិញបន្ទាប់​ពីការបាញ់​ប្រហារ​ត្រូវបាន​បញ្ឈប់ សុផាត ត្រូវបាន​បាត់​ពីកន្លែង​កើត​ហេតុដែរ ។ ​ឧត្តម​សេនីយ៍​ត្រី ខេង ទីតូ អ្នក​នាំពាក្យ​នៃកងរាជអាវុធ​ហត្ថលើ​ផ្ទៃប្រទេស បាន​បញ្ជាក់​នៅប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពីថ្ងៃកើត​ហេតុថា សុផាត មិនស្ថិត​ក្នុងចំណោម​មនុស្ស​ដែលត្រូវ​បានចាប់​ខ្លួនទេ ។

កាលពីខែឧសភា ឆ្នាំ២០១៤ បុរស២នាក់ បានរក​​ឃើញ​​បំណែក​​ឆ្អឹង និង​សំណល់​​ពី​ការ​​ដុត​កង់​ឡាន​​នៅ​ឯ​មូលដ្ឋាន​​កង​ពល​តូច​លេខ ៧០ ក្នុង​ខេត្ត​​កំពង់​ស្ពឺ ដែល​ធ្វើ​​ឱ្យ​មាន​ការ​​សង្ស័យ​ថា ជា​បំណែក​​ឆ្អឹងនៃ​​សាក​សព​​របស់ ខឹម សុផាត ។​ អាជ្ញាធរ​បានបដិសេធ​មិនទទួល​ស្គាល់បំណែក​ឆ្អឹងទាំងនេះជា​របស់សុផាត ប៉ុន្តែការស៊ើបអង្កេតដោយ​ហ្មត់ចត់ ឯករាជ្យ ឥតលំអៀង ឬដោយ​ប្រសិទ្ធភាព មិនត្រូវ​បានធ្វើ​ឡើង ដូចដែល​មានចែង​នៅក្នុងច្បាប់​នោះទេ ។ អាជ្ញាធរ​ក៏មិនបាន​ផ្ដល់ព័ត៌មាន​ឱ្យគ្រួសារ​របស់ជនរង​គ្រោះ ពាក់ព័ន្ធ​នឹងវិធាន​ការស៊ើប​អង្កេត និងការវិវត្តន៍​នៃការ​លាត​ត្រដាង​ការពិត​ចំពោះ​អ្វីដែល​បានកើត​ឡើងទៅ​លើកូន​ប្រុស​របស់ពួក​គេដែរ ។

អ្នកស្រី អ៊ីន លក្ខិណា ម្ដាយរបស់ ខឹម សុផាត ត្រូវបាន​បន្សល់​ទុកត្រឹម​តែសំណួរ​ជាច្រើន​តែប៉ុណ្ណោះ ។ អ្នកស្រី​បានមាន​ប្រសាសន៍ថា “បើទោះជា​វាត្រូវ​បានគេបាញ់ស្លាប់ ក៏គួរ​ទុកសាកសព​ដើម្បីធ្វើ​បុណ្យផង ។ បើវា​ត្រូវបាន​គេបាញ់ស្លាប់​ហើយ យកសាក​សពទៅ​ទៀត មិនទុក​ឱ្យខ្ញុំ​បាន​ធ្វើ​បុណ្យ” ។ អ្នកស្រី​បានបន្តថា “ខ្ញុំធ្វើបុណ្យ​ឱ្យកូន​រាល់ឆ្នាំ នៅស្រុក ដោយ​មិនមាន​សាក​សពកូន មិនដឹង​កូនស្លាប់ ឬនៅរស់។” ។ អ្នកស្រី​បានអំពាវនាវ​ឱ្យភាគីពាក់ព័ន្ធ​ទាំងអស់ ជួយ “រកយុត្តិធម៌ដល់កូនខ្ញុំផង” ។ ​

ប្រទេសកម្ពុជា​បានផ្ដល់​សច្ចាប័ន ទៅលើ​អនុសញ្ញា​អន្តរជាតិ ស្ដីពី ការការពារ​ជនគ្រប់​រូបពីការ​បាត់ខ្លួន​ដោយ​បង្ខំ មុន​ពេល សុផាត ត្រូវបាន​បាត់ខ្លួន ហើយដូច្នេះ​កម្ពុជា​គឺមានកាតព្វកិច្ច​ក្នុងការ​ចាត់វិធាន​ការ​សមស្រប ដើម្បីស្វែងរក សុផាត ដើម្បី​ឱ្យគ្រួសារ​របស់គេ​ទទួលបាន​ព័ត៌មាន​អំពីការ​បាត់ខ្លួន​របស់គេ និងដើម្បី​ផ្ដល់សំណង​ខូចខាត “គ្រប់គ្រាន់ និងយុត្តិធម៌” ។

នៅថ្ងៃខួបនៃ​ការបាត់ខ្លួន ខឹម សុផាត យើងខ្ញុំ​សូមសំណូម​ពរ​ដោយទទូច​ដល់រាជ​រដ្ឋាភិបាល ដើម្បី៖

  • ជួយគ្រួសារ​របស់ក្មេង​ប្រុសដែល​បានបាត់ខ្លួន ឱ្យស្ងប់ចិត្ត ដោយចាត់​វិធានការ​ជាក់លាក់​ជាបន្ទាន់ ដើម្បី​ស៊ើបអង្កេត​ទៅលើការ​បាត់ខ្លួន​របស់ ខឹម សុផាត រហូតដល់​ពេលដែល​ជោគវាសនា​របស់គេ ត្រូវបាន​កំណត់​ថាស្លាប់​ឬនៅរស់ ដោយរួម​បញ្ចូលទាំង​ការកំណត់​អត្តសញ្ញាណ និង​សម្ភាស​ដោយមាន​ប្រសិទ្ធភាព ចំពោះ​កងកម្លាំង​សមត្ថកិច្ច និងទាហាន​ទាំងអស់ ដែលមាន​វត្តមាននៅ​ទីតាំងបាត់​ខ្លួន ។
  • ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យភាគី​ពាក់ព័ន្ធ​ទទួលខុស​ត្រូវ ចំពោះការ​បាត់ខ្លួន​របស់ ខឹម សុផាត និងការ​បាញ់​ប្រហារ​ទៅ​លើ លោក ខឹម សុផាត លោក គឹម ផាលាប​ លោក សាម រ៉ាវី​ លោក យាន រឹទ្ធី​ និងលោកផេង កុសល និងធ្វើការចោទ​ប្រកាន់ឱ្យ​បានត្រឹមត្រូវ ដើម្បីឱ្យ​មានការផ្ដន្ទាទោស​មួយដ៏ហ្មត់ចត់ ឯករាជ្យ ឥតលំអៀង និងមានប្រសិទ្ធភាព ។
  • ចែករំលែកពីដំណើរការ និងលទ្ធផល​នៃការស៊ើបអង្កេត​មកទល់​បច្ចុប្បន្ននេះ និងបន្ត​ទៅមុខ​ទៀត​ ជាមួយ​ក្រុមគ្រួសារ​របស់ ខឹម សុផាត រួមមាន​ការធ្វើ​កោសល្យវិច័យ​បែបវិទ្យាសាស្រ្ត ទៅលើ​បំបែកឆ្អឹង​ដែលត្រូវ​បានរក​ឃើញកាល​ពីខែឧសភា ឆ្នាំ២០១៤ នៅមូល​ដ្ឋាន​កងពលតូច​លេខ៧០ និងរបៀប​នៃការ​កំណត់​អត្តសញ្ញាណ​ដែល​បានអះអាងថា បំណែកឆ្អឹងទាំងនោះ មិនមែនជារបស់ខឹម សុផាត ។
  • គោរព និងប្រគល់​បំណែកឆ្អឹង​នៅសេស​សល់ ដែលត្រូវ​បានកំណត់​អត្តសញ្ញាណរួច ត្រលប់ទៅ​គ្រួសាររបស់​ ខឹម សុផាត វិញ និងផ្ដល់​ឱ្យពួកគេ​នូវការ​គាំទ្រពេញ​លេញក្នុង​ការទាមទារ​រកសំណង​ខូចខាត ៕

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍អមលាំង (កំពង់ស្ពឺ)
  3. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
  4. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  5. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  6. សហគមន៍បឹងប្រាំ (បាត់ដំបង)
  7. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
  8. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  9. សហភាព​ការងារ​កម្ពុជា​ (CLC)
  10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  11. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  12. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  13. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  14. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
  15. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
  16. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  17. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  18. បណ្តាញយុវជនកម្ពុជា (CYN)
  19. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  20. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  21. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  22. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  23. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  24. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
  25. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  26. សហគមន៍ដកពរ (កំពង់ស្ពឺ)
  27. អង្គការសមធម៌កម្ពុជា (EC)
  28. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  29. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
  30. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  31. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  32. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
  33. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  34. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  35. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  36. សហជីពទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃ​ក្រុមហ៊ុន​កាស៊ីណូ ​ណាហ្គាវើល
  37. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  38. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  39. សហគមន៍មានជ័យ (ស្វាយរៀង)
  40. សហគមន៍អូរដំដែក (កំពង់ធំ)
  41. អង្គការស្ពានសន្តិភាព (PBO)
  42. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  43. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  44. សហគមន៍ភ្នំត្នោត (កំពត)
  45. អង្គការពន្លកខ្មែរ​ (PKH)
  46. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  47. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  48. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  49. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  50. អង្គការសមាគមធាងត្នោត (សធត)
  51. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  52. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)
  53. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  54. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  55. សហគមន៍ដីធ្លីតានី (សៀមរាប)
  56. សហគមន៍ដីធ្លីតានូន
  57. គណៈកម្មាធិការ​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អនុសញ្ញ​លុបបំបាត់​រាល់ទំរង់​នៃការរើសអើង​លើស្រ្តីភេទ​ (NGO-CEDAW)
  58. អង្គការតម្លាភាពកម្ពុជា (TI)
  59. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)