សេចក្តីថ្លែងការណ៍រួម
ការគំរាមកំហែងទៅលើអ្នកវិភាគគឺជាការគំរាមកំហែងសេរីភាពខាងការបញ្ចេញមតិ
នៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១
យើងខ្ញុំជាអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ សហជីព និងសហគមន៍ ដែលមានឈ្មោះដូចខាងក្រោមសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា («រដ្ឋាភិបាល») សូមមេត្តាបញ្ឈប់ការបំភិតបំភ័យលើអ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា និងសំឡេងរិះគន់ផ្សេងទៀត ដោយគ្រាន់អ្នកទាំងនោះបញ្ចេញទស្សនៈនិងការយល់ឃើញសម្រាប់ផលប្រយោជន៍សាធារណៈនៅកម្ពុជា និងសូមមេត្តាគោរពសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។
នៅក្នុងសុន្ទរកថាដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី លោកបានព្រមានអ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា ចំពោះការអត្ថាធិប្បាយទៅលើគោលនយោបាយការបរទេសកម្ពុជា។ ជាក់ស្ដែង ឈ្មោះរបស់លោកបណ្ឌិត មាស នី ជាអ្នកវិភាគមួយរូបដែលបានធ្វើអត្ថាធិប្បាយរិះគន់អំពីគោលនយោបាយការបរទេសរបស់កម្ពុជាជាមួយប្រទេសចិន ត្រូវបានលើកឡើង ហើយលោករងការព្រមានថា «កុំព្រហើនពេក»។ សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ អំពីការចេញដីកាចាប់ខ្លួនអ្នកវិភាគមួយរូបផ្សេងទៀតដែលបានបង្ហោះលក្ខខណ្ឌប្រាំមួយចំណុចអំពីការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន។ ក្រោយមក អ្នកវិភាគរូបនោះត្រូវបានបញ្ជាក់ថាជាលោកបណ្ឌិត សេង សារី ហើយលោករងការព្រមានថា ប្រសិនបើការបង្ហោះនោះមិនត្រូវបានដកចេញពីហ្វេសប៊ុកទេ នោះសកម្មភាពខាងលើរបស់លោកនឹងត្រូវបានគេចាត់ទុកថាជាបទល្មើសជាក់ស្ដែង ហើយអាចនឹងត្រូវចាប់ខ្លួនពេលណាក៏បាន។ ក្រោយមក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រីក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយបញ្ជាក់ថា ការបកស្រាយរបស់លោកបណ្ឌិត សេង សារី មានលក្ខណៈសមហេតុសមផល និងអាចទទួលយកបាន ព្រមទាំងអំពាវនាវឱ្យតុលាការពិចារណាបញ្ចប់នីតិវិធីច្បាប់ទៅលើលោកបណ្ឌិត សេង សារី ផងដែរ។
ការគំរាមកំហែងលើអ្នកវិភាគបញ្ហាសង្គម និងនយោបាយ ដោយគ្រាន់តែអ្នកទាំងនោះប្រើប្រាស់សេរីភាពខាងការបញ្ចេញមតិស្របច្បាប់ មិនគួរត្រូវបានធ្វើឡើងតាំងពីដំបូងមកម៉្លេះ។ ការគំរាមកំហែងបែបនេះបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សេរីភាពខាងការបញ្ចេញមតិ ដែលត្រូវបានការពារដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ។ សេរីភាពខាងការបញ្ចេញមតិគឺជាសេរីភាពមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប ដោយមិនគួរត្រូវបានការពារ និងគោរព តែនៅពេលដែលប្រើប្រាស់ដើម្បីសរសើររាជរដ្ឋាភិបាលនោះទេ ត្រូវតែត្រូវបានអាជ្ញាធរគោរព និងការពារគ្រប់ការបញ្ចេញមតិទាំងអស់។ អ្នកវិភាគបញ្ហាសង្គម និងនយោបាយគួរតែអាចអនុវត្តការងាររបស់ខ្លួនដោយស្របច្បាប់ និងផ្សព្វផ្សាយនូវអ្វីដែលពួកគេរកឃើញដោយគ្មានការគំរាមកំហែង ឬការព្រមានណាមួយ ទោះបីជាទស្សនៈទាំងនោះមិនពេញចិត្តចំពោះរដ្ឋាភិបាលក៏ដោយ។
យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមមេត្តាបញ្ឈប់ការបំភិតបំភ័យ និងដាក់ទោសដល់អ្នកដែលបានបញ្ចេញមតិបែបរិះគន់ ឬមតិផ្ទុយ ហើយសូម មេត្តាបង្ហាញពីភាពបើកឆន្ទៈទូលាយក្នុងការស្តាប់ ហើយគោរពសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសទោះបីជាទស្សនៈទាំងនោះមិនស្របតាមគំនិតរបស់អាជ្ញាធររដ្ឋក៏ដោយ៕
អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងការណ៍រួមនេះ មានរាយនាមដូចខាងក្រោម៖
1 | ក្រុមការងារដើម្បីដោះស្រាយទំនាស់ |
2 | អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ |
3 | សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា |
4 | មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា |
5 | មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ |
6 | សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា |
7 | អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា |
8 | សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) |
9 | សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ |
10 | វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា |
11 | សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) |
12 | អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ |
13 | បណ្ដាញយុវជនកម្ពុជា |
14 | មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) |
15 | សម្ព័ន្ធសហគមន៍កសិករកម្ពុជា |
16 | គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា |
17 | បណ្តាញកសាងសន្តិភាពសហគមន៍ |
18 | អង្គការសមធម៌កម្ពុជា |
19 | សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ |
20 | សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឃន៍ |
21 | មូលនិធិ Manushya |
22 | គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា |
23 | អង្គការពន្លកខ្មែរ |
24 | អង្គការសមាគមធាងត្នោត |
25 | វិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ |
26 | បណ្តាញប្រជាធិបតេយ្យអាស៊ី |
27 | អង្គការតម្លាភាពកម្ពុជា |
28 | អង្គការអភិវឌ្ឍន៍ធនធានយុវជន (កអធយ) |
សេចក្តីថ្លែងការណ៍រួម ការគំរាមកំហែងទៅលើអ្នកវិភាគគឺជាការគំរាមកំហែងសេរីភាពខាងការបញ្ចេញមតិ នៅកម្ពុជា