ថ្ងៃព្រហស្បន៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០
សេចក្តីថ្លែងការណ៍រួមស្ដីពីផលប៉ះពាល់នៃច្បាប់
ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដំណើរធ្វើវិសោធនកម្ម
សមាគម និងអង្កការមិនមែនរដ្ឋាភិបាល ដូចមានរាយនាមខាងក្រោម ដែលកំពុងប្រតិបតិ្តការនៅក្នុងប្រទេសកម្ពុជា សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រឈមនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពក្នុងការអនុវត្តសកម្មភាពរបស់អង្គការសង្គមស៊ីវិល។ យើងមើលឃើញថា ច្បាប់នេះជាការដាក់កាតព្វកិច្ច និងរំលោភសិទ្ធិស្វ័យភាពបុគ្គល ដូចជាការដាក់របាយការណ៍ជូនក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នីតិវិធីបង់ពន្ធដ៏ស្មុគស្មាញ និងពាក្យពេចន៍ដែលអនុញ្ញាតឱ្យមន្រ្តីរដ្ឋមួយចំនួនធ្វើការបកស្រាយ តាមកាលៈទេសៈ និងតាមស្ថានភាពនយោបាយ រួមទាំងការអនុវត្តន៍ដែលមិនឆ្លុះបញ្ចាំងពីខ្លឹមសារនៃច្បាប់ជាដើម។ល។
ការដាក់កាតព្វកិច្ច និងការរំលោភសិទ្ធិស្វ័យភាពបុគ្គលនេះ ជាការអនុវត្តផ្ទុយនឹងក្រមរដ្ឋប្បវេណីជាធរមាន និងកតិការសញ្ញា អនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ។
ដោយសារតែការទទួលរងផលប៉ះពាល់ និងការប្រឈមទាំងនេះហើយ ទើបអង្គការសង្គមស៊ីវិល បានធ្វើការសិក្សា ពិភាក្សា និងវិភាគយ៉ាងស៊ីជម្រៅនូវមាត្រានីមួយៗនៃច្បាប់នេះ និងបានដាក់ជូនដល់ក្រសួងមហាផ្ទៃរួចហើយ នូវសំណើជាលាយលក្ខណ៍អក្សរដែលចាំបាច់ត្រូវកែប្រែ រួមមាន ១៤មាត្រា ដូចជាមាត្រា១, ៧, ៨, ៩, ១០, ១១, ២០, ២៤, ២៥, ២៦, ៣០, ៣១,៣២ និងមាត្រា ៣៥។ សូមបញ្ជាក់ថា អនុសាសន៍សង្គមស៊ីវិលដែលបានស្នើឡើងត្រូវបានដាក់បញ្ចូលគ្នាចាប់តាំងពីកិច្ចប្រជុំលើកទី២ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ ពោលគឺពុំមានសំណើផ្សេងគ្នា ឬមិនត្រូវគ្នាណាមួយនោះឡើយ។
សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ស្នើសុំយ៉ាងទទូចចំពោះក្រុមការងាររាជរដ្ឋាភិបាល ដូចខាងក្រោម៖
១. គួរមានផែនទីបង្ហាញផ្លូវដោយកំណត់ពេលវេលាជាក់លាក់នៅក្នុងដំណើរការនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។
២. ទទួលយកសំណើរបស់ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងពន្លឿនការធ្វើវិសោធនកម្មច្បាប់ឲ្យបានឆាប់រហ័ស ដើម្បីធានាសិទ្ធិ និងសេរីភាពពេញលេញរបស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។
៣. សុំឱ្យមានការជជែកដាច់ដោយឡែកពីគ្នាជាមួយក្រុមផ្សេងៗ ដែលបានដាក់សំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីងាយស្រួលក្នុងការពិភាក្សា។
ព័ត៌មានបន្ថែមសូមទាក់ទង៖
១. លោក យង់ គីមអេង ប្រធានមជ្ឈមណ្ឌល ភីឌីភី លេខទូរស័ព្ទ៖ ០១៦ ៨២៨ ២១១
២. លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក លេខទូរស័ព្ទ៖ ០៨៦ ៣២៤ ៦៦៦
៣. លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិអង្គការខុមហ្វ្រែល លេខទូរស័ព្ទ៖ ០១១ ៨៨៤ ៨៤០
ឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គាំទ្រសេចក្តីថ្លែងការណ៍នេះ៖
១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍ នៅកម្ពុជា (COMFREL)
២. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៏នៅកម្ពុជា (ADHOC)
៣. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP-Center)
៤. អង្គការកម្មវិធី អភិវឌ្ឍន៍ ធនធានយុវជន (YRDP)
៥. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៦. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៧. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៨. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៩. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
១០. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១១. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
១២. សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
១៣. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
១៤. សមាគមយុវជនខ្មែរ (KYA)
១៥. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
១៦. អង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD)
១៧. អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
១៨. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
១៩. អង្គការស្ពានសន្តិភាព (PBO)
២០. អង្គការតម្លាភាពកម្ពុជា (TIC)
២១. សហព័ន្ធសហជីពកម្ពុជា (CATU)
២២. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិក-NICFEC)
២៣. សមាគមធាងត្នោត (STT)
២៤. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
២៥. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
២៦. បណ្តាញពហុវិស័យ (CGCN)
២៧. អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)
២៨. បណ្តាញយុវជនកម្ពុជា (CYN)