សេចក្តីថ្លែងការណ៍រួម គោរពសេរីភាពសហជីព និងអនុញ្ញាតឱ្យអ្នកស្រី រឿន កូលាប ចូលធ្វើការងារវិញ នៅក្រុមហ៊ុន សេងបូ ហ្គាមិន (ខេមបូឌា) ឯ.ក

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤

យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលរួមមាន សហជីព សហព័ន្ធសហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារក្នុងប្រទេសកម្ពុជា ដូចមានរាយនាមខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមហ៊ុន សេងបូហ្គាមិន (ខេមបូឌា) ឯ.ក ដែលបានបញ្ឈប់អ្នកស្រី រឿន កូលាប ដោយខុសច្បាប់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។ អស់រយៈពេលមួយឆ្នាំមកហើយ ដែលអ្នកស្រីនៅពុំទាន់ទទួលបានយុត្តិធម៌ លើករណីរបស់អ្នកស្រី ។ ការបញ្ឈប់អ្នកស្រីកូលាប ដែលទើបក្លាយជាប្រធានសហជីពជាប់ឆ្នោតថ្មីៗ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពក្នុងការបង្កើតសហជីព ដើម្បីការពារសិទ្ធិកម្មករស្របច្បាប់នៅកន្លែងការងារ។

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ អ្នកស្រី កូលាប ត្រូវបានកម្មករនិយោជិតបោះឆ្នោតផ្តល់នូវសេចក្តីទុកចិត្តឱ្យធ្វើជាប្រធានសហជីពនៅក្នុងរោងចក្រ ហើយការបោះឆ្នោត និងការប្រព្រឹត្តិទៅនៃអង្គការវិជ្ជាជីវៈនោះក៏ត្រូវបានជូនដំណឹងត្រឹមត្រូវតាមនីតិវិធីនៃច្បាប់ស្តីពីការងារ​ និងច្បាប់ស្តីពីសហជីព ដោយមានការជូនដំណឹងទៅក្រុមហ៊ុនតាមរយៈប្រៃសណីយ៍កម្ពុជា។ ប៉ុន្តែត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពេលបោះឆ្នោត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅខណៈដែល អ្នកស្រី កូលាប ទៅការិយាល័យរដ្ឋបាល ដើម្បីដាក់សុំច្បាប់ឈប់សម្រាកតាមច្បាប់ អ្នកស្រីបែរជាត្រូវបានក្រុមហ៊ុនប្រគល់នូវលិខិតបញ្ឈប់ពីការងារ ដោយមានមូលហេតុថា ការដេររបស់អ្នកស្រីមិនបានគ្រប់ចំនួនកំណត់តាមតម្រូវការរបស់ក្រុមហ៊ុន។ ហេតុផលនៃការបញ្ឈប់នេះគឺមិនស៊ីសង្វាក់គ្នាទៅនឹងលទ្ធផលការងារជាក់ស្តែង ជាពិសេសអ្នកស្រីតែងទទួលបានប្រាក់រង្វាន់រាល់ខែចំពោះលទ្ធផលការងាររបស់អ្នកស្រី ដូចកម្មករដទៃទៀត ហើយអ្នកស្រីមិនដែលទទួលការស្តីបន្ទោស ឬព្រមានអ្វីពីថ្នាក់លើម្តងណានោះទេ។

មាត្រា ១២ មាត្រា ២៦៦ និង មាត្រា ២៦៧ នៃច្បាប់ស្តីពីការងារ​ បានហាមឃាត់រាល់ទម្រង់នៃការរើសអើងសហជីព ដែលរួមមាន ការពិន័យ ការផ្តាច់កិច្ចសន្យាការងារ ។ល។ លើសពីនេះយោងតាមមាត្រា៦៧ និងមាត្រា ៤៣ នៃច្បាប់ស្តីពីសហជីព បេក្ខជនដែលជាប់ឆ្នោតជាថ្នាក់ដឹកនាំសហជីព ត្រូវទទួលបានការការពារពិសេស ហើយរាល់ការបញ្ឈប់បេក្ខជនណាម្នាក់ លុះត្រាតែមានការយល់ព្រមពីអធិការកិច្ចការងារ។ លើសពីនេះ​​​​​​​​ មាត្រា​៦២ និងមាត្រា៦៣ នៃច្បាប់ស្ដីពីសហជីព​ចង្អុលបង្ហាញកាន់តែច្បាស់ពីការមិនត្រូវបានអនុញ្ញាតឱ្យបញ្ចប់ ឬយកហេតុផលនៃការមិនបន្តកិច្ចសន្យាចំពោះកម្មករដែលចូលរួមក្នុងសកម្មភាពសហជីពនោះឡើយ​។

អ្នកស្រីកូលាបបានចូលបម្រើការងារនៅក្រុមហ៊ុនកាលពីថ្ងៃទី២៨ ខែមេសា  ឆ្នាំ២០២៣ រហូតមកដល់ពេលអ្នកស្រីត្រូវបានក្រុមហ៊ុនបញ្ឈប់ គឺមានរយៈពេល២ខែ និង២ថ្ងៃ ក្នុងកិច្ចសន្យាមានថិរវេលាមានកំណត់រយៈពេល២ខែបន្តកិច្ចសន្យាថ្មីម្តង។ ការប្រើប្រាស់កិច្ចសន្យាមានថិរវេលាមានកំណត់ នៅតែត្រូវបានរោងចក្រប្រើប្រាស់ជាទូទៅ ដើម្បីជាគ្រឿងបន្លាចកុំឱ្យមានការចងក្រងជាសហជីព និងការមិនបន្តកិច្ចសន្យាការងារឡើងវិញជាទម្រង់មួយនៃការរើសអើងប្រឆាំងនឹងមេដឹកនាំសហជីព។

យើងខ្ញុំជាក្រុមសង្គមស៊ីវិល​ មានរាយនាមដូចខាងក្រោម សូមអំពាវនាវដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជួយអន្តរាគមន៍ និងសូមឱ្យក្រុមហ៊ុន សេងបូ ហ្គាមិន (ខេមបូឌា) ឯ.ក ត្រូវទទួលយក អ្នកស្រី កូលាប ចូលធ្វើការងារវិញ។ យើងខ្ញុំក៏សូមអំពាវនាវទៅក្រុមហ៊ុន អ្នកបញ្ជាទិញ ជំរុញទៅកាន់ក្រុមហ៊ុន សេងបូហ្គាមិន (ខេមបូឌា) ឯ.ក ឱ្យបញ្ឈប់នូវការរើសអើងសហជីព និងគោរពសិទ្ធិសេរីភាពសហជីពនៅកន្លែងការងារ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

អ្នកស្រី ទួច សើ  ទូរស័ព្ទលេខ ០៦៩ ៨៦០ ៣០៨/ ០១២ ៩៧១ ៥៣៣0

សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ៖

១. សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

២. សម្ព័ន្ធសហជីពកម្ពុជា (CATU)

៣. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

៤. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

៥. សមាគមបណ្តាញយុវជនកម្ពុជា (CYN)

៦. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៧. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)

៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ( CENTRAL)

៩. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)

១០. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

១១. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (LRSU)

១២. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

១៣. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

១៤. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

១៥. អង្គការសមាគមធាងត្នោត (STT)

១៦. IndustriALL Global Union

១៧. Asia Floor Wage Alliance

Download:Joint_Statement_RoeurnKolap

ទាញយក៖សេចក្តីថ្លែងការរួម