សេចក្តីថ្លែងការណ៍
ភាពចាំបាច់នៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានពេញលេញ
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១
អបអរសាទរខួបទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២០២១)!
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាទិវាជាតិ ដ៏សំខាន់មួយដែលមានន័យ ជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិខ្មែរទាំងមូល ។ ២៣ តុលា គឺជាទិវាដែលខ្មែរគ្រប់និន្នាការ ឬបក្សនយោបាយ និងហត្ថលេខីទាំង ១៨ ប្រទេសផ្សេងទៀតបានស្រុះស្រួលមូលមតិគ្នាបញ្ចប់នូវសង្រ្គាម (មហាសោកនាដកម្មរាប់ទសវត្សរ៍ និងការឈ្លានពានរបស់បរទេសមកលើកម្ពុជាដែលបានបង្កឱ្យពលរដ្ឋខ្មែររងទុក្ខវេទនា និរាសព្រាត់ប្រាស់និងបាត់បង់ជីវិតរាប់លាននាក់), ធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពនិងអព្យាក្រឹតភាពរបស់កម្ពុជា, និងរួមគ្នាកសាងកម្ពុជាទ្បើងវិញឱ្យក្លាយទៅជា “កោះសន្តិភាព” ដោយឈរលើស្មារតីសន្តិភាពនិងអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សដោយធានាបាននូវការគោរពសិទ្ធិ, សេរីភាពនិងនីតិរដ្ឋ ដើម្បីបង្ការកុំឱ្យប្រវត្តិសាស្ត្រអតីតកាលដ៏ជូរចត់វិលត្រឡប់មកវិញបាន។
ទម្រាំមានថ្ងៃនេះ មនុស្សរាប់លាននាក់បានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាពនិងកម្ពុជា តាមរយៈកិច្ចព្រមព្រៀងនេះ។ យើងស្រមៃមើលថា៖ ប្រសិនជាគ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ តើសោកនាដកម្មជាច្រើនដែលមិនអាចពិពណ៌នាបានទាំងនោះត្រូវបានបញ្ឈប់ឬទេ? ហើយតើការឈឺចាប់និងមហន្តរាយអ្វីខ្លះទៀតដែលនឹងបន្តកើតមានទៀត?
ដោយមើលឃើញពីគុណតម្លៃជាសារវ័ន្តនៃស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ២៣ តុលា ១៩៩១, យើងខ្ញុំជាអង្គការ សមាគម សហជីព សហគមន៍ និងប្រជាពលរដ្ឋខ្មែរ សូមស្នើដោយទទូចដល់រដ្ឋាភិបាលនិងហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បន្តអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវស្មារតីនៃកិច្ចព្រមព្រៀងនេះ ។ លើសពីនេះ សូមរដ្ឋាភិបាលកម្ពុជាពិចារណាដាក់បញ្ចូលទិវា ២៣ តុលា ក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំរបស់ជាតិទ្បើងវិញពីព្រោះវាជាការចាំបាច់មួយដែរដែលយើងគួរប្រារព្ធទិវានេះជាទិវាជាតិប្រចាំឆ្នាំដើម្បីរំលឹកពីវីរភាព របស់អ្នកដែលបានលះបង់កម្លាំងកាយ ចិត្ត និងជីវិតដើម្បីបុព្វហេតុសន្តិភាពនៅកម្ពុជា និងដាស់តឿនឱ្យខ្មែរគ្រប់រូបនិងគ្រប់ជំនាន់ចងចាំទិវាប្រវត្តិសាស្ត្រនេះ ព្រមទាំងបន្តស្មារតីថែរក្សានិងលើកកម្ពស់សន្តិភាព, ក្រោកឈរឡើងចងបាច់គ្នាប្រកបដោយឆន្ទៈមោះមុត ឯកភាពគ្នា ទទួលខុសត្រូវចំពោះវាសនាអនាគត, កសាងនិងការពារជាតិឱ្យបានឈានឡើង និងសម្បូររុងរឿងជានិច្ចនិរន្តរ៍៕
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖ ក្រុមការងារអង្គការសង្គមស៊ីវិលដើម្បីខួបទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
- អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (C-CAWDU)
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
- សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- អង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (CCPCR)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់/ CENTRAL)
- សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពជា (CHRAC)
- អង្គការវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
- បណ្តាញយុវជនកម្ពុជា (CYN)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
- អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលជល (FACT)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- អង្គការស្ពានសន្តិភាព (PBO)
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
- អង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ (RCFD)
- អង្គការស្តារកម្ពុជា (Star Kampuchea)
- អង្គការសមាគមធាងត្នោត (STT)
- អង្គការតម្លាភាពកម្ពុជា (TI_Cambodia)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
- អង្គការយុវសន្តិភាព (YFP)
- អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)