ភ្នំពេញថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០
សេចក្តីថ្លែងការណ៍រួម
ស្តីពី ការឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងសកម្មជនបរិស្ថានបីរូបទៀត
យើងខ្ញុំជា ក្រុមសកម្មជនបរិស្ថាន សមាគម និងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការងារលើវិស័យសិទ្ធិមនុស្ស ព្រៃឈើ និងបរិស្ថានសូមធ្វើការថ្កោលទោសចំពោះ ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) ខូអិលធីឌី (Think Biotech Co., Ltd) ដែលបានប្រើកងកម្លាំងសន្តិសុខដោយមិនសមហេតុផលក្នុងការឃាត់ខ្លួនសកម្មជនបរិស្ថាននិងព្រៃឈើចំនួន៤ នាក់ រួមមានលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦, លោក ខេម សុខឃី និងលោក ស្រី ថី ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់, និងលោក មេន ម៉ាត់ សកម្មជនបរិស្ថានដែលត្រូវបានទទួលរងអំពើហិង្សាពីសំណាក់កម្មករក្រុមហ៊ុននៅក្នុងបរិវេណ និងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុន មុនពេលពួកគេត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ។
នៅវេលាម៉ោងប្រមាណ៩ ព្រឹក នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ អ្នកទាំងបួននាក់ខាងលើ ត្រូវបានសន្តិសុខ របស់ ក្រុមហ៊ុនស៊ីងបាយអូថេក ឃាត់ខ្លួននិងនាំចូលទៅក្នុងក្រុមហ៊ុននៅចំណុចដំបូកស ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ពួកគេត្រូវបានក្រុមហ៊ុនសាកសួរ និងមិនអនុញ្ញាតឱ្យចេញពីទីតាំងក្រុមហ៊ុន ចាប់តាំងពីម៉ោងប្រមាណ៩ព្រឹក ដោយមិនទទួលបានដំណឹងអ្វីទាល់តែសោះ រហូតដល់ម៉ោងប្រមាណ៤ រសៀល ទើបទទួលបានដំណឹងថាពួកគេទាំង៤ នាក់ត្រូវបានក្រុមហ៊ុនប្រគល់ជូនមន្ត្រីប៉ូលីសនៃអធិការដ្ឋានស្រុកសំបូរ។
មុនពេលកើតហេតុ គឺនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ អ្នកទាំង៤ នាក់ខាងលើបានធ្វើដំណើរដោយម៉ូតូទៅឃ្លាំមើល និងស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់ ខេត្តក្រចេះ។ លុះដល់ពេលល្ងាច ពួកគេក៏សម្រេចចិត្តស្នាក់នៅផ្ទះរបស់ពលរដ្ឋ ដែលស្ថិតនៅចំនុចដំបូកស ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅជាប់របងក្រុមហ៊ុនស៊ីងបាយអូថេក។ នៅព្រឹកបន្ទាប់ ថ្ងៃទី១៣ ខែមីនា ម៉ោងប្រមាណ៩ ព្រឹក ស្រាប់តែមានក្រុមសន្ដិសុខក្រុមហ៊ុនមកសាកសួរនិងនាំខ្លួនអ្នកទាំង៤ ចូលទៅក្នុងក្រុមហ៊ុន។ លើសពីនេះ សកម្មជនបរិស្ថានម្នាក់ឈ្មោះ មេន ម៉ាត់ ត្រូវបានរាយការណ៍មកថា បានទទួលរងអំពើហិង្សាពីសំណាក់កម្មករក្រុមហ៊ុន២នាក់។
ការឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៤ នាក់ តាមរយៈការប្រើកម្លាំងសន្តិសុខរបស់ ក្រុមហ៊ុនស៊ីងបាយអូថេក គឺជាការប្រើអំណាចដោយបំពាន និងជាការឃាត់ខ្លួនដោយផ្ទុយពីនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះអំពើហិង្សាដែលកើតឡើងពីសំណាក់កម្មករក្រុមហ៊ុនលើលោក មេន ម៉ាត់ នៅក្នុងបរិវេណក្រុមហ៊ុន នៅមុនពេលដែលបានបញ្ជូនពួកគាត់ទៅឱ្យនគរបាលនៃអធិការដ្ឋាន ស្រុកសំបូរ ខេត្តក្រចេះ។
មកដល់រសៀលថ្ងៃទី១៤ ខែមីនា ពួកគាត់មិនទាន់ត្រូវបានដោះលែង និងស្ថិតនៅក្រោមការឃាត់ខ្លួននៅក្នុងអធិការដ្ឋាននគរបាល ស្រុកសំបូរ នៅឡើយ។ សកម្មភាពនេះ គឺជារូបភាពនៃការគំរាមកំហែងដល់សកម្មជនបរិស្ថាននិងព្រៃឈើ ដែលគ្រាន់តែធ្វើសកម្មភាពដោយសន្តិវិធីក្នុងការឃ្លាំមើល និងរាយការណ៍អំពីសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ និងតំបន់ផ្សេងទៀត ស្របតាមសិទ្ធិដែលបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ ស្តីពីកិច្ចគាំពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិដែលបានលើកទឹកចិត្តនិងលទ្ធភាពឱ្យសាធារណៈជនចូលរួម ក្នុងកិច្ចការពារបរិស្ថាន និងការពារធនធានធម្មជាតិ។
យើងទាំងអស់គ្នា ទទួលស្គាល់និងកោតសរសើរចំពោះលោក អ៊ូច ឡេង និងសកម្មជនបរិស្ថាននិងព្រៃឈើទាំងបីនាក់ដែលកំពុងត្រូវបានបន្តឃាត់ខ្លួននៅអធិការដ្ឋានប៉ូលីស ស្រុកសំបូរ ខេត្តក្រចេះ ចំពោះវីរៈភាពរបស់ពួកគេ ក្នុងការការពារព្រៃឈើ ការឃ្លាំមើល និងការរាយការណ៍អំពីវិនាសកម្មព្រៃឈើនៅកម្ពុជា។ សកម្មភាពរបស់ពួកគេ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារនិងអភិរក្សព្រៃឈើ និងធនធានធម្មជាតិ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុសាកល និងរក្សាជីវៈចម្រុះស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។
ជាថ្មីម្តងទៀត យើងសូមអំពាវនាវឱ្យនគរបាលនៃអធិការដ្ឋានស្រុកសំបូរ ខេត្តក្រចេះ សូមរក្សាសុវត្ថិភាព និងដោះលែងសកម្មជនបរិស្ថានទាំង៤ នាក់ខាងលើដោយគ្មានលក្ខខណ្ឌ។ យើងក៏ស្នើឱ្យប៉ូលីសនៃអធិការដ្ឋានស្រុកនិងខេត្តក្រចេះ ធ្វើការស៊ើបអង្កេតចំពោះភាពមិនប្រក្រតីនៃការឃាត់ខ្លួនសកម្មជនបរិស្ថានរបស់ក្រុមហ៊ុនស៊ីងបាយអូថេក និងស្វែងរកជនដៃដល់ទាំង២នាក់ និងអ្នកពាក់ព័ន្ធដែលបានប្រើអំពើហិង្សាលើលោក មេន ម៉ាត់ មកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមានដើម្បីការពារសិទ្ធិរបស់ជនរងគ្រោះ។
ព័ត៌មានលំអិតសូមទំនាក់ទំនង៖
- លោក ហេង ស្រស់ ០៩៥ ៩៣៤ ៣១៩
- លោក ណៃ វ៉ង់ដា ០៨១ ៨៨៦ ៤៧១
- លោក សឹង សែនករុណា ០១៦ ៦៦២ ៦៤៥
- លោក ទឹម ម៉ាឡៃ ០១៧ ៩៩០ ៦៨៩
- លោក ថេង សាវឿន ០១៥ ២២៥ ០៨៨
សេចក្ដីថ្លែងការណ៍រួមនេះគាំទ្រដោយ៖
- បណ្តាញសហគមន៍ព្រៃឡង់
- បណ្តាញយុវជនកម្ពុជា (CYN)
- សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
- គណៈកម្មការដើម្បីការបោះឆ្នោតសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- ចលនាមាតាធម្មជាតិ (MN)
- Not1More (N1M)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា (CFSWF)
- សមាគមមន្ត្រីរាជ្យការឯករាជ្យកម្ពុជា (CICA)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សហព័ន្ធសហជីពកម្ពុជា (CATU)
- អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
- អង្គការស្ពានសន្តិភាព (PBO)
- ក្រុមយុវជនខ្មែរថាវរៈ
- បណ្ឌិត ឡៅ ម៉ុងហៃ
- អង្កការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
- សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម (CISA)
- អង្គការសមាគមធាងត្នោត (STT)
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- ក្រុមបណ្តាញនិស្សិតឯករាជ្យ (NICET)
- សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)