ការ​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី​នៅ​កន្លែង​ការ​ងារ​ពិត​ជាមាន​សារៈសំខាន់បំផុត

សេចក្តីថ្លែងការណ៍​រួម

ការ​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី​នៅ​កន្លែង​ការ​ងារ​ពិត​ជាមាន​សារៈសំខាន់បំផុត​​

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២១

យើងខ្ញុំជាអង្គការ​សង្គម​ស៊ីវិលដែល​មាន​រាយ​នាម​ខាងក្រោម​ ​មានការខកចិត្តជាខ្លាំងនៅពេលដែលបាន​អានសេចក្តីរាយការណ៍ទាក់ទងនឹង​មន្ត្រីនគរបាលជាស្ត្រី​​ម្នាក់ បានប្រឈមនឹងវិធានការ​​វិន័យដោយសារការ​បង្ហោះ​រូប​ភាព​នៃការបំបៅ​ដោះ​កូនក្នុង​សំលៀកបំពាក់​ឯកសណ្ឋាន​នគរបាល​នៅលើ​ទំព័រ​គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់​គាត់​។ រឿង​ដែល​ធ្វើ​ឱ្យកាន់តែ​​ខកចិត្តទៅទៀត​នោះគឺ​ករណីនេះ​បានកើត​ឡើងតែ​មួយថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីទិ​វានារីអន្តរ​ជាតិ ដែលនេះ​បង្ហាញឱ្យ​ឃើញ​ថែម​ទៀត​ថា សិទ្ធិស្រ្តី​នៅតែ​ជា​​បញ្ហា​ប្រឈម​នៅប្រទេសកម្ពុជា។

ស្ត្រីមិនគួរ​ត្រូវបានបង្ខំឱ្យជ្រើសរើសរវាងការងារ និងការមើលថែទាំកូននោះទេ​។ ប្រការដែលស្ត្រីជាម្តាយហើយដែលទៅធ្វើការនឹងត្រូវស្តីបន្ទោស បើ​ស្រ្តីនោះ​ធ្វើទាំងការ​ងារនិង​ភារកិច្ច​មើល​ថែទាំកូន​ ដូចជាករណីនេះជាឧទាហរណ៍​ស្រាប់ ដែល​នេះ​បង្ហាញឲ្យ​ឃើញ​ថា​រដ្ឋាភិបាល​ខកខាន​ក្នុងការ​ការពារសិទ្ធិស្ត្រីនៅកន្លែងធ្វើការ ទោះបីជា​ប្រទេស​កម្ពុជា​បាន​ផ្តល់សច្ចាប័ន​ទៅលើ​អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (ស៊ី ដ) ដែលការពារ​សិទ្ធិ​ធ្វើការងារ​ដោយ​មិន​មានការ​រើសអើង។​

នៅកម្ពុជា ថ្វីបើកម្លាំងពលកម្មស្ត្រីមានចំនួនប្រហាក់ប្រហែលនឹងបុរសក្តី ក៏ចំនួនស្ត្រីនៅក្នុងតំណែងជាអ្នកដឹកនាំនៅមានកម្រិតនៅឡើយ។ ផ្នត់គំនិតមិនជឿនលឿន បវេណី ​និងវប្បធម៌ដែល​បានចាក់ឫសកប់យ៉ាងជ្រៅនេះ បន្តកើតមានដែលជាតថភាពមួយនៅតែជាក្តីបារម្ភ​។ ម្យ៉ាង​ទៀត​ ប្រការ​ដែល​ស្ថាប័ន​ការងារជាច្រើនពុំ​បាន​ផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ឬបរិក្ខារមើល​ថែទាំទារក​គ្រប់គ្រាន់សម្រាប់បុគ្គលិក ឬកម្មករ​និយោជិតជាម្តាយ ឬឆ្លើយតបនឹងតម្រូវការចាំបាច់ដល់ពួកគាត់ ​គឺជាឧបសគ្គដ៏​ធំ​មួយក្នុងចំណោមឧបសគ្គជាច្រើនទៀត ដែលរារាំងស្ត្រីក្នុងការឡើងទៅកាន់តំណែងជាថ្នាក់ដឹក​នាំ។ ដើម្បីឱ្យស្ត្រីទទួលបានសិទ្ធិនៅកន្លែងធ្វើការ​ ជាការ​សំខាន់​បំផុត​គឺត្រូវផ្តល់ហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខារមើល​ថែទារក​ ទារក​ដ្ឋាន​និង​ពេលវេលា​​សម្រាកក្នុង​ការ​បំបៅកូន​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួលដល់បុគ្គលិក ឬកម្មករ​និយោជិត ​​ព្រមទាំងបង្កភាព​ងាយ​ស្រួល​ដល់ពួកគេ​ក្នុងការ​បន្ត​អាជីពការងាររបស់​ខ្លួន​។

នោះ​​គឺជារឿង​គួរ​ឱ្យ​អាម៉ាសចំពោះ​ការ​តម្រូវ​​ឱ្យ​​មន្ត្រីនគរបាលនោះ​ត្រូវ​​សុំ​ទោស ក្រោម​ហេតុ​ផល​ថាបាន​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អង្គភាពនិង​ស្ត្រី​ខ្មែរ ហើយ​តម្រូវ​ឲ្យ​នាង​ចុះ​កិច្ចសន្យា​មិន​បន្ត​អកប្បកិរិយាបែបនេះទៅទៀត​។ ក្រោយម​ក បន្ទាប់​ពីការ​មាន​ការ​រិះគន់ពីសាធារណៈជន​ ​មន្ត្រីនគរបាល​​ជាថ្នាក់ដឹកនាំនោះ​បាន​ចេញ​មុខ​បក​ស្រាយ​ថា ​ដោយយោង​លើ​ហេតុផល​ថា​​អ្នកស្រី​នគរបាល​រូបនោះ ​​ពុំបានសុំការអនុញ្ញាតជាមុនក្នុងការបង្ហោះ​រូបភាពនៃការបំបៅដោះកូននៅលើទំព័រហ្វេសប៊ុក ដែល​ការ​ពន្យល់​នេះ​បង្កើនការព្រួយបារម្ភថែមទៀតអំពីសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិសេរីភាពក្នុងការសម្តែងអំពីអារម្មណ៍ផ្ទាល់ខ្លួនគឺជាសិទ្ធិដែលមានការទទួលស្គាល់ជាអន្តរជាតិដែលមាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ ពុំមែនជាបុព្វសិទ្ធិពិសេស​ ហើយក៏ពុំមែនការ​​ប្រទាន​ដោយការអនុគ្រោះនោះដែរ សិទ្ធិនេះត្រូវបានរឹតត្បិតតែក្នុងលក្ខខណ្ឌចំាបាច់បំផុតតែប៉ុណ្ណោះ ហើយ​គ្មាន​លក្ខខណ្ឌណាមួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំងនេះឆ្លើយ​តប​ករណីនេះនោះទេ។

ចំពោះករណីខាងលើនេះ យើងខ្ញុំស្នើដល់មន្ត្រីនគរបាល​ជាថ្នាក់ដឹកនាំស្ត្រីនគរបាលរូបនោះ គប្បីចេញមុខសុំអភ័យទោសជាសាធារណៈចំពោះឥរិយាបថឆ្គាំឆ្គងក្នុងការដោះស្រាយករណីនេះ និងចំពោះការធ្វើឱ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួន។ ម្យ៉ាងវិញទៀត អគ្គស្នងការនគរបាលជាតិគួរមានវិធានការ​ឱ្យកែតម្រូវដើម្បីធានាថាករណីនេះនឹងពុំកើតឡើងសារជាថ្មី និងដើម្បីធានាឱ្យមាន​សមភាពយេនឌ័រនៅកន្លែងការងារផងដែរ​។

           យើងខ្ញុំ​សូម​ស្នើឲ្យ​រាជរដ្ឋាភិបាលកម្ពុជាមាន​វិធាន​ការ​ដូចខាងក្រោម ៖

  • ចាត់វិធានការសមស្របដើម្បីធានាថាឪពុកម្តាយ​គ្រប់រូប​ ដែលបំពេញការងារទទួលបានការគាំទ្រនៅក្នុងកន្លែងការងារ ហើយ​ស្ថាប័ន​ការ​ងារ​ត្រូវ​ផ្តល់​បរិក្ខារ ​និង​​ទីកន្លែងមើលថែទាំទារកដែលជាតម្រូវការ​ចាំបាច់ខ្លាំង​សម្រាប់បុគ្គលិកឬកម្មករ​និយោជិតជាម្តាយ​
  • ចាត់វិធានការដើម្បីធានាថាសិទ្ធិរបស់ស្ត្រីនៅកន្លែងការងារត្រូវបានគោរពនិងលើកកម្ពស់
  • អនុវត្តអនុសាសន៍ដែលប្រទេសកម្ពុជាបាន​ទទួលយក​តាមរយៈយន្តការនៃការពិនិត្យជាសកលតាមកាលកំណត់ (យូភីអ) ក្នុង​ឆ្នាំ២០១៩ ក្នុងនោះមាន​ដូច​ជាបង្កើនកិច្ចប្រឹងប្រែងឱ្យបានខ្លាំងក្នុងការលុបបំបាត់ការរើសអើងលើស្ត្រីភេទជាដើម​
  • អនុម័តកិច្ចគាំពារពាក់ព័ន្ធនឹងអំឡុងពេលមាតុភាព ដែលអនុលោមតាមបញ្ញត្តិក្នុងអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិលេខ ១៨៣ និង
  • បញ្ឈប់ការរឹតត្បិតលើសេរីភាពក្នុងការបញ្ចេញមតិ៕​

សេចក្តីថ្លែងការណ៍រួម​នេះគាំទ្រ​ដោយ ៖

1 សកម្មភាពដើម្បីអភិវឌ្ឍន៍
2 អង្គការអាក់សិនអេតកម្ពុជា
3 វិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ
4 អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
5 សមាគមអ្នកបម្រើការងារតាមផ្ទះ
6 សមាគមគាំពារស្ត្រីងាយរងគ្រោះ
7 សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា
8 សហភាពការងារកម្ពុជា
9 សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា
10 សមាគម​មន្រ្តី​រាជការ​ឯករាជ្យ​កម្ពុជា
11 មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
12 មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធ​ផ្សពផ្សាយ​ឯករាជ្យ
13 អង្គ​ការ​ជនពិការ​កម្ពុជា​
14 អង្គការកម្ពុជាដើម្បីសុខភាពនិងការអប់រំសហគមន៍
15 សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
16 អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិនុស្ស លីកាដូ
17 អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ
18 បណ្តាញយុវជនកម្ពុជា
19 មជ្ឈ​មណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស
20 សហគមន៏ ជីខក្រោមក្រុម១៧៥គ្រសារ
21 សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
22 មជ្ឈមណ្ឌល​អប់ច្បាប់សម្រាប់សហគមន៍
23 ជំំនួយរបស់វិហារដាណឺម៉ាក
24 អង្គការសមធម៌កម្ពុជា
25 អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
26 បណ្តាញយេនឌ័រនិងអភិវឌ្ឍន៍កម្ពុជា
27 សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
28 អង្គការក្លាហាន
29 ជំនួយផ្លូវច្បាប់ដល់ កុមារ និងស្រ្តី
30 អង្គការម្លប់បៃតង
31 គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ
32 សមាគមថែទាំសុខភាពគ្រួសារកម្ពុជា
33 អង្គការសមាគមធាងធ្នោត
34 អង្គការសីលការ
35 គណៈកម្មា​ធិការនៃ​អង្គការមិនមែន​រដ្ឋាភិបាល​កម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់​រាល់ទម្រង់​នៃការរើស​អើងលើ​ស្រ្តី
36 អង្គ​ការ​សម្ព័ន​ដើម្បីសុចរិតភាព​ ​និងគណនេយ្យភាពសង្គម​
37 អង្គការតម្លាភាពកម្ពុជា
38 អង្គការនារីដើម្បីសន្តិភាព
39 អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន