សេចក្ដីថ្លែងការណ៍រួម
ស្ដីពី
ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង ១០ នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ
រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព ដែលមានរាយឈ្មោះដូចខាងក្រោម សូមស្នើសុំឱ្យទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពី បទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើសកម្មជនដីធ្លីចំនួន 10នាក់ មកពីសហគមន៍ចំនួន 3 នៅក្នុងខេត្តកោះកុង និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ ។ សកម្មជនដីធ្លីទាំងនេះមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ ប៉ុន្តែពួកគេគ្រាន់តែលើកឡើងពីទុក្ខកង្វល់ និងសម្ដែងមតិដោយអហិង្សា ដើម្បីការពារដីធ្លី និងក្រុមសមាជិកសហគមន៍របស់ពួកគេ ។ ប៉ុន្តែពួកគេ ត្រូវបានធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារចំពោះសកម្មភាពទាំងនោះទៅវិញ ។
សកម្មជនដីធ្លីចំនួន ១០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី29 ខែមិថុនា ឆ្នាំ 2023 ។ ពួកគេ៩នាក់ក្នុងចំណោមនោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅក្នុងពន្ធនាគារខេត្តកោះកុង ដោយសកម្មជនម្នាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង ។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីសកម្មជនដីធ្លីទាំងនោះព្យាយាមធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌ ។ ប្រសិនបើត្រូវបានផ្ដន្ទាទោស សកម្មជនដីធ្លីម្នាក់ៗនឹងប្រឈមនូវការជាប់ពន្ធនាគាររហូតដល់ 2ឆ្នាំ និង ពិន័យជាប្រាក់ រហូតដល់ 4 លានរៀល (ប្រហែល 1.000 ដុល្លារ) ។
សកម្មជនដីធ្លីទាំង១០នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ និងអ្នកស្រី សួង ថេង ។ អ្នកស្រី សួង ថេង គឺជាសកម្មជនតែម្នាក់គត់ ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង ។ សកម្មជន ៩នាក់ ទៀត (ជាមួយនឹងកូនអ្នកស្រី ផាវ ញ៉ើង ដែលមានអាយុ ១៨ខែ) គឺនៅជាប់ឃុំក្នុ្ងងពន្ធនាគារខេត្តកោះកុងនៅឡើយ ។ ពន្ធនាគារនេះមានសភាពចង្អៀតណែនយ៉ាងខ្លាំង ដែលបានផ្ទុកមនុស្សជិត ៣០០ភាគរយនៃបរិមាណដែលអាចផ្ទុកបាន កាលពីខែមុន ។ លើសពីនេះ សកម្មជនដីធ្លីទាំងនោះ ទើបតែទទួលបានការការពារផ្នែកច្បាប់ នៅថ្ងៃទី៣ ខែកក្កដា ប៉ុណ្ណោះ បន្ទាប់ពីបានចំណាយពេលបីថ្ងៃក្នុងការឃុំខ្លួនបណ្តោះអាសន្ន ។
សកម្មជនទាំងនោះត្រូវបានបញ្ជូនទៅឃុំខ្លួន បន្ទាប់ពីអាជ្ញាធរបានរារាំងរថយន្ដរបស់សមាជិកសហគមន៍នៅក្នុងស្រុកស្រែអំបិល និងបានហាមឃាត់មិនឱ្យពួកគេធ្វើដំណើរមកដាក់ញត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ ខ្លឹមសារញត្ដិនោះ ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យជួយអន្តរាគមន៍ទម្លាក់ចោលបទចោទ លើសកម្មជនដីធ្លីចំនួន ៣០នាក់ មកពីសហគមន៍ចំនួនប្រាំ ។
មន្ត្រីនគរបាលបានគំរាមចាប់ខ្លួនសមាជិកសហគមន៍ចំនួន ២០នាក់ នៅពេលដែលពួកគេបានប្រមូលផ្ដុំនៅខាងមុខស្នងការដ្ឋាននគរបាលខេត្ត ដើម្បីគាំទ្រតំណាងរបស់ពួកគេ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។ ស្រដៀងគ្នានេះដែរ សមាជិកសហគមន៍ ត្រូវបានអាជ្ញាធររារាំងពីការប្រមូលផ្តុំគ្នានៅបរិវេណខាងក្រៅសាលាដំបូងខេត្តកោះកុង ។
ក្រុមសកម្មជនបានតស៊ូនឹងជម្លោះដីធ្លីនេះជាច្រើនចាប់តាំងពីឆ្នាំ២០០៦ បន្ទាប់ពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ បានវិនិយោគដំណាំស្ករអំពៅលើដីសហគមន៍ ។ ទោះបីជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់សកម្មជន ក្នុងការការពារដីធ្លីរបស់ពួកគេ តែងត្រូវបានជួបប្រឈមជាបន្តបន្ទាប់ជាមួយនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ ។
យើងខ្ញុំ ស្នើសុំឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋខ្មែរជាសកម្មជនដីធ្លី ដោយទម្លាក់ចោលការចោទប្រកាន់ពីបទញុះញង់ប្រឆាំងនឹងពួកគេ និងដោះលែងពួកគេជាបន្ទាន់ដោយឥតលក្ខខណ្ឌពីការឃុំខ្លួនបណ្ដោះអាសន្ននេះ ៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សហគមន៍ដីធ្លីភូមិព្រលាន ២៤៣ (កោះកុង)
- សហគមន៍អមលាំង (កំពង់ស្ពឺ)
- សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
- សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- បណ្តាញយុវជនកម្ពុជា (CYN)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- សហគមន៍ដក់ពរ (កំពង់ស្ពឺ)
- អង្គការសមធម៌កម្ពុជា (EC)
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហគមន៍កំប្រើស (ត្បូងឃ្មុំ)
- សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
- សហគមន៍ជនជាតិភាគតិចកួយ (ព្រះវិហារ)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U)
- សហគមន៍ឡពាង (កំពង់ឆ្នាំង)
- សហគមន៍មានជ័យ (ស្វាយរៀង)
- មាតាធម្មជាតិកម្ពុជា (MNC)
- សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
- សហគមន៍ដីធ្លីប៉ៃលិន
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
- សហគមន៍ព្រៃឡង់ (កំពង់ធំ)
- សហគមន៍ដីធ្លីព្រៃពាយ (កំពត)
- សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
- សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
- សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
- អង្គការសមាគមធាងត្នោត (STT)
- សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
- សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លីតានី (សៀមរាប)
- សហគមន៍ស្គន់ (សៀមរាប)
- អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ (SACD)
- សហគមន៍តាពេន (សៀមរាប)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
- សមាគមក្រុមតន្ត្រីយុវវ័យនាំសារ (MB)
- សហគមន៍ទន្លូង (ត្បូងឃ្មុំ)
- អង្គការតម្លាភាពកម្ពុជា (TIC)
- សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
- សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
- សហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
- កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)