រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩
យើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោម មានការខកចិត្តចំពោះការខកខានរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការប្រកាសសាលក្រម និង ចំពោះការបន្តនីតិវិធីស៊ើបអង្កេតលើករណីលោក យាង សុធារិន និងលោក អួន ឈិន។ អ្នកទាំងពីរត្រូវបានចាប់ខ្លួន ឃុំឃាំង និងចោទប្រកាន់ដោយសារតែការអនុវត្តសេរីភាពបញ្ចេញមតិ និងការងាររបស់ពួកគេជាអ្នកសារព័ត៌មានស៊ើបអង្កេតទៅលើបញ្ហាអយុត្តិធ៌មសង្គម។ ការប្រកាសសាលក្រមចាត់របៀបកាលពីថ្ងៃម្សិលមិញបង្ហាញឱ្យឃើញពីកង្វះភស្តុតាងដាក់បន្ទុកដល់បទចោទ ដែលនេះបានប៉ះពាល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ព្រមទាំងរំលេចឱ្យឃើញនូវការធ្លាក់ចុះនៃសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ យើងខ្ញុំស្នើឱ្យមានការទម្លាក់ចោលបទចោទប្រឆាំងទៅលើអ្នកទាំងពីរជាបន្ទាន់។
លោក យាង សុធារិន្ទ និងលោក អួន ឈិន អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឃុំខ្លួននៅពន្ធនាគារព្រៃស។ អ្នកទាំងពីរជាប់ចោទពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ សំណើរសុំនៅក្រៅឃុំលើកដំបូងអ្នកទាំងពីរធ្លាប់បានធ្វើការឱ្យវិទ្យុអាស៊ីសេរីដែលបច្ចុប្បន្នបានបិទការិយាល័យរបស់ខ្លួននៅប្រទេសកម្ពុជា ត្រូវបានបដិសេធមុនពេលប្ដឹងសារទុក្ខទៅតុលាការកំពូលនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ហើយក្រោយមកមិនយូរប៉ុន្មាន សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ពួកគេទាំងពីរពីបទ “ផលិត និងកាន់កាប់រូបភាពអាសអាភាស តាមមាត្រា ៣៩ នៃច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ បើបទចោទទាំងនេះបូកបញ្ចូលគ្នា ពួកគេម្នាក់ៗប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១៦ ឆ្នាំ។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ អ្នកទាំងពីរត្រូវបានដោះលែងអោយនៅក្រៅឃុំបន្ទាប់ពីជាប់ឃុំឃាំងរយៈពេលជាងប្រាំបួនខែ ប៉ុន្តែត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
ដំបូងឡើយសាលក្រមគ្រោងនឹងប្រកាសនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបានពន្យាពេលវិញ។ បន្ទាប់មកការប្រកាសនេះត្រូវបានកំណត់ពេលជាថ្មីថាត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ប៉ុន្តែសាលាដំបូងរាជធានីភ្នំពេញបានខកខានជាថ្មីម្ដងទៀតក្នុងការប្រកាសសាលក្រមសម្រាប់លោក យាង សុធារិន្ទ និងលោក អួន ឈិន ក្រោមហេតុផលតម្រូវឱ្យបន្តនីតិវិធីស៊ើបអង្កេតបន្ថែម។ ការមិនចេញសាលក្រមនេះបង្ហាញពីការខ្វះខាតភស្តុតាងរឹងមាំប្រឆាំងអ្នកទាំងពីរ និងជាតឹកតាងបញ្ជាក់ថាមិនមានភស្តុតាងគ្រប់គ្រាន់ដាក់ទោសពួកគេទៅតាមបទដ្ឋានបន្ទុកនៃការបង្ហាញភស្តុតាងដូចមានចែងនៅក្នុងមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ។ តាមរយៈដំណើរការទាំងឡាយ រាប់ទាំងការចាប់ខ្លួន ឃុំខ្លួន និងការបន្តនីតិវិធីជំនុំជម្រះ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ សេរីភាព និងសន្តិសុខដែលការពារដោយច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិរបស់លោកយាង សុធារិន្ទ និងលោក អួន ឈិន ត្រូវបានបំពានយ៉ាងខ្លាំង។
មាត្រា ៩ (១) នៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (“ក.ស.ព.ស.ន”) ដែលបានដាក់បញ្ចូលជាច្បាប់ជាតិដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (“រដ្ឋធម្មនុញ្ញ”) ចែងថា គ្មានជនណាម្នាក់ត្រូវដកហូតសេរីភាពបានឡើយ លើកលែងតែមានហេតុផល និងស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់។ មាត្រា ១៤ ការពារសិទ្ធិ “ឱ្យសាលាក្ដីមានសមត្ថកិច្ច ឯករាជ្យ និងមិនលំអៀងដែលបង្កើតឡើងដោយច្បាប់ជំនុំជម្រះរឿងក្ដីរបស់ខ្លួនដោយសមធម៌”និងជាសាធារណៈ’ និងការសន្មតទុកជាមុនថាគ្មានទោស។ បទចោទប្រឆាំងនឹងលោក យាង សុធារិន្ទ និងលោក អួន ឈិន ធ្វើឡើងដោយគ្មានភស្តុតាង និងខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់។ ផ្ទុយទៅវិញបទចោទទាំងនោះត្រូវបានប្រើប្រាស់ជាមធ្យោបាយដាក់ពិន័យទៅលើការអនុវត្តដោយត្រឹមត្រូវនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបំបិទសំឡេងសារព័ត៌មានដែលមានលក្ខណៈរិះគន់រដ្ឋាភិបាល។ អ្នកទាំងពីរបានធ្វើការរាយការណ៍ជាច្រើនអំពីបញ្ហាសិទ្ធិមនុស្ស។
បន្ថែមទៅលើការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ការឃុំខ្លួនបណ្ដោះអាសន្នរបស់អ្នកទាំងពីរក្នុងស្ថានភាពមិនត្រឹមត្រូវអស់រយៈពេលជាងប្រាំបួនខែ និងបន្តដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល ១២ ខែ និងកំពុងតែបន្ត ជាការរំលោភសិទ្ធិមានសេរីភាព និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ពួកគេដែលធានាដោយច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញ។ ច្បាប់អន្តរជាតិចែងថា ជនដែលជាប់ចោទពីបទព្រហ្មទណ្ឌ មិនគួរដាក់ឱ្យនៅមន្ទីរឃុំឃាំងរង់ចាំសវនាការឡើយ។ មិនមានការតម្រូវណាមួយត្រូវបានយកមកអនុវត្តនៅក្នុងករណីរបស់លោក យាង សុធារិន្ទ និងលោក អួន ឈិន ឡើយ។
ក្នុងខែឧសភា ឆ្នាំ២០១៩ ក្រុមការងារអង្គការសហប្រជាជាតិស្តីពី ការឃុំខ្លួនតាមអំពើចិត្តបានចេញសេចក្ដីសម្រេចលើករណីនេះ ដោយរកឃើញថា រដ្ឋាភិបាលកម្ពុជាបានខកខានក្នុងការ (១) បង្កើតមូលដ្ឋានច្បាប់ចំពោះការចាប់ និងឃុំខ្លួន និង (២) បង្ហាញភស្ដុតាងថា ខ្លួនបានជ្រើសយកជម្រើសផ្សេងទៀតក្រៅពីការឃុំខ្លួនបណ្ដោះអាសន្ន។ គណៈកម្មការបានរកឃើញថាការឃុំខ្លួនបណ្ដោះអាសន្នលើអ្នកសារព័ត៌មានដោយសារការអនុវត្តដោយអហិង្សានូវសិទ្ធិសេរីភាពខាងសមាគម និងសេរីភាពខាងការបញ្ចេញមតិជាការដកហូតសេរីភាពតាមអំពើចិត្ត។
ការដាក់ទោសលោក យាង សុធារិន្ទ និងលោក អួន ឈិន ជាករណីមួយក្នុងរបត់នៃការយាយីផ្នែកច្បាប់ទៅលើសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស សមាជិកគណបក្សជំទាស់ មេដឹកនាំសហជីព សកម្មជន តំណាងសង្គមស៊ីវិល និងបុគ្គលដែលបញ្ចេញមតិយោបល់ទៅលើបញ្ហាប៉ះពាល់ប្រយោជន៍សាធារណៈរួមទាំងការបញ្ចេញមតិដែលមានលក្ខណៈរិះគន់។ ខណៈដែលស្ថានភាពសេរីភាពសារព័ត៌មានមានសភាពរឹតត្បឹត តាំងពីមុនឆ្នាំ២០១៧ មកហើយនោះដែលគេមើលឃើញថាសារព័ត៌មានឯករាជ្យក្នុងស្រុករបស់ខ្លួនស្ទើតែទាំងអស់ត្រូវបានបិទជាបន្តបន្ទាប់។ បណ្ដាញព័ត៌មានភាសាខ្មែរដែលមានលក្ខណៈរិះគន់ត្រូវបានប្រឈមយ៉ាងខ្លាំងនូវសកម្មភាពរបស់ពួកគេ រួមទាំងការបិទស្ថានីយវិទ្យុចំនួន ៣២ ដែលផ្សាយបន្តនូវកម្មវិធីវិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក (វី.អូ.អេ) និងសំឡេងប្រជាធិបតេយ្យ (វី.អូ.ឌី)។ វិទ្យុអាស៊ីសេរីបានបិទការិយាល័យប្រចាំប្រទេសកម្ពុជារបស់ខ្លួននៅខែកញ្ញា ឆ្នាំ២០១៧ ដោយលើកឡើងពីបរិយាកាសបែបគៀបសង្កត់ និងការបន្តយាយីលើអ្នកសារព័ត៌មាន។ ការផ្លាស់ប្ដូរម្ចាស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍នៅក្នុងខែឧសភា ឆ្នាំ២០១៨ ដែលជាសារព័ត៌មានឯករាជ្យចុងក្រោយតែមួយគត់នៅប្រទេសកម្ពុជាដែលចេញផ្សាយជាភាសាអង់គ្លេស និងភាសាខ្មែរប្រចាំថ្ងៃ ត្រូវបានគេចាត់ទុកថាជាការបំបិទសេរីភាពសារព័ត៌មានចុងក្រោយនៅកម្ពុជា។ លំហសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអិនធឺណេតក៏ត្រូវបានកត់សំគាល់ថាធ្លាក់ចុះយ៉ាងខ្លាំង ការណ៍នេះស្ដែងឱ្យឃើញតាមរយៈការកើនឡើងនូវការយាយីលើបុគ្គលដែលគ្រាន់តែបញ្ចេញទស្សនៈ ឬគំនិតផ្ទុយដោយហិង្សាតាមរយៈការចែករំលែក បង្ហោះ ចូលចិត្ត (likes) នៅតាមបណ្ដាញសង្គមហ្វេសប៊ុក។
សិទ្ធិមានសេរីភាពបញ្ចេញមតិ ដែលត្រូវបានការពារដោយមាត្រា ១៩ នៃ ក.ស.អ.ស.ព.ន និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ គឺសិទ្ធិមូលដ្ឋានមួយដើម្បីធានានូវការអនុវត្តសិទ្ធិមនុស្សដទៃទៀត រួមបញ្ចូលទាំងសិទ្ធិប្រកាន់យកគំនិត សតិសម្បជញ្ញៈ និងសាសនា សេរីភាពខាងព័ត៌មាន និងសិទ្ធិក្នុងការអភិវឌ្ឍបុគ្គលិកលក្ខណៈនិងជីវិតឯកជនបុគ្គល។ ដូច្នេះ សារៈសំខាន់នៃការបង្កើតបរិយាកាសអំណោយផលដល់អ្នកសារព័ត៌មានឱ្យមានសេរីភាពក្នុងការបំពេញការងាររបស់ពួកគេ រួមទាំងការលាតត្រដាងអំពើពុករលួយ ការបង្ហាញនូវទស្សនៈផ្សេងៗគ្នា និងលាតត្រដាងអំពើរំលោភសិទ្ធិមនុស្សមិនអាចត្រូវរារាំងនោះទេ។
ការខកខានក្នុងការទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងលោក យៀងសុធារិន និងលោក អ៊ួនឈិនគឺជាការប៉ះទង្គិចមួយទៀតទៅលើនឹងសេរីភាពបញ្ចេញមតិនិងសេរីភាពសារព័ត៌មានដែលកំពុងនៅមានតិចតួចនៅកម្ពុជា។ករណីនេះបានបង្ហាញការព្រមានយ៉ាងច្បាស់ដល់បុគ្គលដែលហ៊ានអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេចំពោះសេរីភាពនៃការបញ្ចេញមតិនិងបង្កើតបរិយាកាសនៃការបំភិតបំភ័យនិងការតាមដានត្រួតពិនិត្យ។ ការងារស្របច្បាប់និងមិនអាចកាត់ថ្លៃបានរបស់បុគ្គលទាំងនោះគួរតែទទួលស្គាល់ស្របទៅនឹងកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជា ហើយពួកគេគួរតែអាចអនុវត្តសកម្មភាពរបស់ខ្លួននៅពេលអនាគតដោយគ្មានការភ័យខ្លាចពីការតបតមកវិញ ការរារាំង ឬក៏គំរាមកំហែងពីការដាក់ទោស។ យើងខ្ញុំស្នើសូមរាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់នូវការគំរាមកំហែងនិងយាយីដល់បុគ្គលទាំងឡាយដែលគ្រាន់តែអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេ ។ ជាងនេះទៅទៀត យើងខ្ញុំសូមជំរុញដល់រាជរដ្ឋាភិបាលកម្ពុជាបង្កើតបរិយាកាសល្អប្រសើរមួយសម្រាប់សារព័ត៌មានសេរីនិងពហុនិយម និងសង្គមស៊ីវិលមួយដែលអាចចូលរួមបំពេញការងារយ៉ាងពេញស្របតាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជាដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ៕
—ចប់—
អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងការណ៍រួមនេះ មាន ៖
១. អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
២. អង្គការលើកលែងទោសអន្តរជាតិ (AI)
៣. អង្គការមាត្រា ១៩
៤. សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)
៥. វេទិកាអាស៊ីដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍ (Forum Asia)
៦. អង្គការបណ្ដាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី (ANFREL)
៧. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
៨. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៩. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករជ្យ (CCIM)
១០. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
១២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១៣. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
១៤. បណ្តាញយុវជនកម្ពុជា (CYN)
១៥. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
១៦. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)
១៧. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១៩. សម្ព័ន្ធពិភពលោកដើម្បីការចូលរួមពលរដ្ឋ (CIVICUS)
២០. អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)
២១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២២. សម្ព័ន្ថសហជីពឯករាជ្យ (INTUFE)
២៣. សមាគមឥន្ទ្រទេវី (IDA)
២៤. គណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិ (ICJ)
២៥. អង្គការអាយហ្វិក (IFEX)
២៦. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
២៧. អង្គការក្លាហាន (Klahaan)
២៨. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (L.R.S.U)
២៩. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)
៣០. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP-Center)
៣១. អង្គការពន្លកខ្មែរ (PKH)
៣២. អង្គការអ្នកកាសែតគ្មានព្រំដែន (RSF)
៣៣. សមាគមធាងត្នោត (STT)
៣៤. អង្គការអភិវឌ្ឍន៍ស្រ្តីក្រីក្រក្នុងទីក្រុង (UPWD)
៣៥. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT)
៣៦. អង្គការអប់រំយុវជនដើម្បីការអភិវឌ្ឍនិងសន្តិភាព (YEDP)
៣៧. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)