សេចក្តីថ្លែងការណ៍រួម សង្គមស៊ីវិលសូមអំពាវនាវឲ្យតុលាការទម្លាក់ការចោទប្រកាន់ទាំងឡាយ ប្រឆាំងនឹងអ្នកសារព័ត៌មាន

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩

យើង​ខ្ញុំ​ដែលជា​សម្ព័ន្ធ​​អ្នកសារព័ត៌មានកម្ពុជា អង្គការសារព័ត៌មាន​ និង​អង្គការ​មិនមែន​​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិដូចដែលមាន​រាយ​នាម​ខាងក្រោម ស្នើ​សុំឱ្យ​តុលាការ​ទម្លាក់ចោលបទចោទទៅលើអតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​គឺ​លោក​ អ៊ួ​ន ឈិន និង លោក ​យាង សុធា​រិន្ទ (ហៅ​យាង សុជា​មេត្តា)។​ យើងខ្ញុំក៏​​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ឱ្យ​​ចាត់វិធានការ​ជាក់លាក់​ដើម្បី​បញ្ចប់​ជា​បន្ទាន់​នូវ​​ការ​យាយី ការ​ឃុំ​​​ខ្លួន ការគម្រាម​កំហែង បំភិត​បំភ័យ និង​ការ​រើស​អើង​លើ​អ្នក​សារព័ត៌មានឯករាជ្យផងដែរ។

អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរីគឺ លោក​ អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ ​​​ត្រូវ​បានសាលា​​ដំបូង​រាជធានី​ភ្នំពេញ​​​ចោទប្រកាន់​​​ពី​បទ «​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​​នូវ​ព័ត៌មាន​ជា​អាទិ៍ ​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការការពារ​ជាតិ» តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង ក្រោយ​មក​ត្រូវបាន​ចោទ​ប្រកាន់បន្ថែម​ទៀត​​ពី​បទ​ ​«ផលិត​​ និង​កាន់កាប់​រូបភាព​អាសអាភាស» តាម​មាត្រា ៣៩ នៃ​ច្បាប់​ស្ដីពី ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្សនិង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។ អ្នក​ទាំង​ពីរត្រូវ​បាន​ចាប់​ខ្លួននៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ឃុំខ្លួនបណ្ដោះ​អាសន្នអស់​រយៈពេល​ជាង​ប្រាំបួន​ខែ។​ ពួក​គេ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន​ និងដាក់​ឱ្យ​​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលា​ការ​​​​កាល​ពី​​​​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨។

​យោង​​​តាម​បទដ្ឋានបន្ទុក​នៃ​ការ​បង្ហាញ​ភស្តុតាង​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា៣៨ នៃ​រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​ប្រកាស​​សាលក្រម​ចាត់របៀប​​កាលពីថ្ងៃទី៣ ខែ​តុលា ឆ្នាំ​២០១៩ បង្ហាញ​ឱ្យ​ឃើញថា​តុលាការ​គ្មាន​​ភស្តុតាង​​គ្រប់គ្រាន់​ក្នុង​ការ​ដាក់បន្ទុកឡើយ។ ដូច្នេះ​ ដំណើរការលើករណីរបស់អ្នកទាំងពីរកន្លងមក បាន​​ធ្វើ​ឱ្យ​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់​​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ដែលមានចែងក្នុងច្បាប់ជាតិ និង អន្តរជាតិ​​របស់​អ្នក​ទាំងពីរ​។

យើង​ខ្ញុំ​សង្ឃឹម​ថា ទាំង​សវនាការ​​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ​ដើម្បី​ជំនុំ​ជម្រះ​ពី​បទ​ «ផលិត​ និង ​កាន់កាប់​រូបភាព​អាសអាភាស» ទាំងសវនាការ​ថ្ងៃ​ទី​២០ ខែ​មករា​ ឆ្នាំ​២០២០ ​របស់​សាលាឧទ្ធរណ៍​ដើម្បី​ជំនុំ​ជម្រះ​ពី​បទ​ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​​នូវ​ព័ត៌មាន​ជា​អាទិ៍ ​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការការពារ​ជាតិ» នឹង​ផ្ដល់​យុត្ដិធម៌​ដល់​អ្នក​ទាំង​ពីរ ហើយ​បទ​ចោទ​ប្រឆាំង​នឹង​ពួកគេ​នឹង​ត្រូវទម្លាក់​ចោល។​ គួរ​កត់​សំគាល់​ថាយោង​តាម​ដីកាកោះ​ អង្គហេតុ​នៃ​រឿង​ក្ដី​នឹង​ត្រូវ​ជំនុំ​ជម្រះ​លើក​ដំបូង​នៅ​សាលា​ឧទ្ធរណ៍ដែល​មាន​លក្ខណៈ​មិន​ប្រក្រតី​ពាក់​ព័ន្ធ​ទៅ​នឹង​នីតិវិធី។​ ករណី​ប្រឆាំង​នឹង​អ្នក​លោក អ៊ួន ឈិន និង​លោក​ យាង សុធារិន គ្រាន់តែ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ជា​ច្រើន​ដែល​បទ​ល្មើល​ព្រហ្មទណ្ឌ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បំបិទ​សំឡេង​ឯករាជ្យ និងសំឡេង​​​រិះគន់។

បន្ថែម​លើ​នេះ យើងខ្ញុំ​ក៏​ស្នើ​ឱ្យទម្លាក់បទ​ចោទ​ប្រឆាំង​អតីត​អ្នក​សារព័ត៌មាន​​ ឌឹ ខេមបូឌា ដេលី គឺលោក អូន ភាព និង​ លោក Peter Zsombor ផងដែរ។​ កាលពីនៅ​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៧ ពួក​គេ​ត្រូវ​បាន​ចោទ​ពី​បទ​ «ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជា​អាទិ៍» តាម​មាត្រា​​៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ ​ដោយ​សារ​​អ្នក​ទាំង​ពីរ​បាន​ចុះ​សម្ភាសន៍ពល​រដ្ឋ​ក្នុង​ឃុំប៉ាតេ​ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពី​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ខណៈពួកគាត់​​កំពុង​​បម្រើ​​ការងារ​​នៅ​​កាសែត​ ឌឹ ខេមបូឌា ដេលី មុន​ពេល​កាសែត​នេះ​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​​ដោយសារ​បញ្ហា​ពន្ធដារ​។ ​យើង​ខ្ញុំ​យល់​ថា ការ​កោះហៅ​អ្នក​ទាំងពីរ​ឱ្យ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ខាង​មុខជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​បន្ថែម​ទៀត​ដល់​​អ្នក​សារព័ត៌មាន​ឯករាជ្យ​​​ផ្សេងទៀត។

ទន្ទឹមនឹងនេះ កាលពីថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ចេញ​ដីកា​​កោះហៅ​អ្នកសារព័ត៌មាន​ម្នាក់​ឈ្មោះ ​សាត ចាន់បុត្រ ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា និង​ទូរទស្សន៍​អប្សរា​ប្រចាំខេត្ត​នេះ​ឱ្យ​​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩​ ​ក្រោម​បទចោទ​ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»។ ដីកាកោះ​នេះ​ធ្វើ​ឡើង​​​តាម​បណ្ដឹង​របស់​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​ សុផាត សិរីវុទ្ធី មាន​ឋានន្តរស័ក្តិ​ពាក់​ស័កិ្ត​ ៥ ជា​នាយទាហាន​នៅ​ខេត្ត​មណ្ឌលគិរី​។ យើង​ខ្ញុំក៏ស្នើ​សូមឱ្យ​បញ្ឈប់​ការ​យាយី​តាម​​ផ្នែក​តុលាការ​ដល់​លោក សាត ចាន់បុត្រ។

ក្រៅ​ពីករណី​​ខាង​​លើ ​បទ​ចោទ​ប្រឆាំង​អ្នកបកប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី គឺ​លោក​ រ៉ាត់ រត្ន​មុនី ​អ្នកបកប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី និង​  ដែល​ជា​អតីត​មេដឹកនាំ​សហជីព​មួយ​រូប​ ​ ក៏​បង្ក​ការ​គំរាមកំហែង​ដល់សេរីភាពសារព័ត៌មាន ​​ក្នុង​​ការ​បំពេញ​ការងារ​រាយការណ៍​ព័ត៌មាន​ពិត​ជូន​សាធារណជន​ផងដែរ ដោយ​សារ​តែ​លោក​បាន​ជួយ​អ្នកសារព័ត៌មាន​បរទេស​ក្នុង​ការ​ផលិត​វីដេអូ​ឯកសារ​ស្ដី​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។ ​លោក រ៉ាត់ រត្នមុនី ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញ​ចោទ​ពីបទ«ញុះញង់​​ឱ្យ​មាន​​ការ​រើសអើង» ​ហើយ​ក្រោយ​មក​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគាររយៈ​ពេល​ ២ឆ្នាំ និង​​បង់​សំណង​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន៧០លាន​រៀល ​ស្មើនឹង​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក។ កាល​​ពី​​ខែ​វិច្ឆិកា សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​នេះ​​ទុក​​ជា​បាន​ការ​ដដែល បន្ទាប់​ពី​​បើក​សវនាការ​ដោយ​​គ្មាន​វត្តមាន​ដើម​បណ្ដឹង និង​អ្ន​ក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ស្របច្បាប់​នៃ​ដំណើរនីតិ​វិធី។

អ្នក​សារព័ត៌មាន​ក៏ទទួល​រង​ការ​​យាយី​តាម​ទម្រង់​ផ្សេង​ទៀត​ផង​ដែរ​។ អ្នក​សារព័ត៌មាន​ឯករាជ្យ​មួយចំនួន​នៅតែ​បន្ត​ប្រឈមនឹង​ការ​រើសអើងតាម​រយៈ​ការ​មិនទទួល​បាន​ប័ណ្ណអ្នក​​សារព័ត៌មានជា​ដើម​។ ជា​មួយ​គ្នានេះ មានអ្នក​សារព័ត៌មាន​​ខ្លះ​ទៀត​នៅ​តែ​ទទួល​រង​នូវការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ស្ថាប័ន​របស់ពួកគេ​ ដោយ​សារតែការព្យាយាម​​គោរព​គោលការណ៍ឯករាជ្យ​ភាព​​​​​សារព័ត៌មាន​។

យើង​ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា មាន​​ជំហាន​វិជ្ជមាន​មួយ​ចំនួន​ដែល​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​នាពេល​ថ្មី​ៗ​នេះ ដូចជា​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​វិទ្យុសំឡេង​សហ​រដ្ឋអាមេរិក និង​ការ​អនុញ្ញាត​ឱ្យ​សា្ថប័ន​នេះ​អាច​ជួល​ម៉ោង​ផ្សាយ​ពី​វិទ្យុ​ក្នុង​ស្រុក​ចំនួនពីរ​ដើម្បី​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​ខ្លួន ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌មាន​ជាមួយ​តំណាង​វិទ្យុ​អាស៊ីសេរី​​​​ ព្រម​ទាំង​ការសម្រេច​ផ្ដល់​អាជ្ញាប័ណ្ណកាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ដល់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា «ខេមបូចា» ដែល​ជា​បណ្ដាញ​អ្នក​សារព័ត៌មាន​ឯករាជ្យ​​​។ ទោះ​បី​ជា​មាន​ជំហាន​វិជ្ជមាន​ទាំង​នេះ​ក៏ដោយ អ្នក​សារព័ត៌មាន​នៅ​តែ​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ និង​អនុត្ត​សេរី​ភាព​បញ្ចេញ​មតិ​របស់​ពួកគេ។

លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិនៃខេមបូចា បានថ្លែង​ថា «ដើម្បី​ធ្វើ​ឱ្យ​​ស្ថាន​ភាព​សេរីភាព​សារព័ត៌​មាន​​ឈាន​ទៅរក​ភាព​ល្អ​ប្រសើរ​​ឡើង​វិញ​ ពាក្យ​បណ្តឹង​ទាំងឡាយ​ និង​សកម្មភាព​ធ្វើទុក្ខ​​បុកម្នេញ​លើ​អ្នក​សារព័ត៌មាន​គួរត្រូវ​បានបញ្ឈប់​​ជា​បន្ទាន់​។ ករណី​ប្រឆាំង​នឹង​លោក យាង សុធារិន្ទ និង​លោក អ៊ួន​ ឈិន លោក អូន ភាព​ និង​ករណី​ដែល​ទើប​ត្រូវ​បាន​ដាក់​ប្តឹង​ប្រឆាំងអ្នក​សារព័ត៌មាន​ថ្មីៗនេះ​ គួរតែ​ត្រូវ​បាន​ទម្លាក់​ចោល។ អាជ្ញា   ប័ណ្ណវិទ្យុ​ដែល​ត្រូវ​បាន​ដក​ គួរ​តែ​ត្រូវ​បាន​ប្រគល់ជូន​មក​ក្រុម​ហ៊ុន​វិទ្យុទាំងនោះឡើងវិញ»។

ជា​មួយ​គ្នា​នេះ​ដែរ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“ម.ស.ម.ក”) បានមានប្រសាសន៍ថា​ «ករណីទាំងនេះជាគំរូនៃការដាក់ទោសទៅលើសំឡេងរិះគន់រួមមានទាំងអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំសហជីព តំណាងសហគមន៍ និងអ្នកនយោបាយ       ជំទាស់។​ យើងខ្ញុំសូមបញ្ជាក់ថាវិជ្ជាជីវៈសារព័ត៌មានមិនមែនជាបទល្មើសទេ ហើយក៏មិនគួរចាត់ទុកថាមានទោសដែរ។ ការគោរពសិទ្ធិសេរីភាពបញ្ចេញមតិ និងការធានានូវលំហមួយដែលអ្នកសារព័ត៌មានអាចធ្វើការងាររបស់ពួកគេបានដោយសេរីនិងសុវត្ថិភាពដោយមិនមានការភ័យខ្លាចគឺជាជំហានសំខាន់ឆ្ពោះទៅរកការកសាងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋដ៏រឹងមាំ។»

យើង​ខ្ញុំដែល​ជា​អង្គការសារព័ត៌មាន​ និង​អង្គការ​មិនមែន​​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិដូចដែលមាន​រាយ​នាម​ខាងក្រោម​ក៏ទទូចទៅ​រាជរដ្ឋាភិបាល​ឱ្យ​ទទួល​យក​សំណើ​ខាងលើ​ ហើយ​ដាក់​ចេញនូវ​​​​ចំណាត់ការ​​​ជា​វិជ្ជមានឱ្យ​បាន​ជាក់​លាក់​ ​ដើម្បី​ធានា​លំហនៃ​សេរីភាព​សារព័ត៌មាន​ លំហសេរីភាព​បញ្ចេញ​មតិ និង ​ការ​អនុវត្ត​ការងារ​ដោយ​សេរី​របស់​អ្នក​សារព័ត៌មាន​៕​

ចប់                                                        

 អង្គការ ស្ថាប័ន ដែលគាំទ្រទៅលើ​សេចក្តីថ្លែងការណ៍រួម​នេះមាន​ដូចខាងក្រោម​៖

១. សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJA)

២. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)

៣. មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករជ្យ​ (CCIM)

៤. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៥. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

៦. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)

៧. អង្គការពន្លកខ្មែរ (PKH)

៨. អង្គការ​កម្មវិធីអភិវឌ្ឍន៍ធនធាន​យុវជន (YRDP)

៩. អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA)

១០. មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC)

១១. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)

១២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

១៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

១៤.​ សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​​ (CTWUF)

១៥. អង្គការសមធម៌កម្ពុជា (EC)

១៦. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GADC)

១៧. សមាគម​ធាង​ត្នោត (STT)

១៨. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)

១៩. អង្គការ​អាយហ្វិក​ (IFEX)

២០. អង្គការ​មាត្រា ១៩

២១. អង្គការហ្វីដ (FIDH) ក្នុង​ក្របខណ្ឌ​នៃ​ការ​ឃ្លាំ​មើល​សម្រាប់​ការ​ការពារ​អ្នក​ការពារ​សិទ្ធិមនុស្ស​

២២. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT) ក្នុង​ក្របខណ្ឌ​នៃ​ការ​ឃ្លាំ​មើល​សម្រាប់​ការ​ការពារ​អ្នក​ការពារ​សិទ្ធិមនុស្ស​

២៣. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)

២៤. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា (COMFREL)

២៥. សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិមនុស្ស​ លីកាដូ (LICADHO)

២៦. សម្ព័ន្ធ​ពិភព​លោក​ដើម្បី​ការ​ចូលរួម​ពលរដ្ឋ​​ (CIVICUS)

២៧. អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT)

២៨. សហព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ​ (IFJ)

២៩. អង្គការអ្នក​កាសែត​គ្មាន​ព្រំដែន​ (RSF)

៣០. គណៈកម្មការក្រុម​​អ្នក​ច្បាប់​អន្តរជាតិ (ICJ)

៣១.  អង្គការ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធិមនុស្ស​និង​ការ​អភិវឌ្ឍ (FORUM-ASIA)

៣២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)

៣៣. អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (AI)

៣៤. អង្គការស្ម័គ្រចិត្តដើម្បីសង្គម​ (CVS)

៣៥. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)

៣៦. សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR)

៣៧. បណ្តាញយុវជនកម្ពុជា (CYN)

 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

លោក ម៉ៃ ទិត្យថារ៉ា នាយក​ប្រតិបត្តិ​នៃខេមបូចា

ទូរស័ព្ទ៖ ០១៧​ ៥០០​ ៥០៣   អ៊ីមែល៖ titthara.may@camboja.net

អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា

ទូរស័ព្ទ៖ ០១១ ៩៤៣ ២១៣  អ៊ីមែល៖ chaksopheap@cchrcambodia.org