សេចក្តីថ្លែងការណ៍រួម ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ

សេចក្តីថ្លែងការណ៍រួម

ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ

រាជធានីភ្នំពេញ ថ្ងៃពុធ ទី​ ២៨ ខែមិថុនា ឆ្នាំ ២០២៣

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ ។ ប្រទេសកម្ពុជា មិនបានអនុម័តកិច្ចគាំពារ ដែលនឹងការពារអត្ថប្រយោជន៍ល្អបំផុតរបស់កុមារ ឬទប់ស្កាត់ការកើតឡើងវិញ នូវការក្លែងបន្លំ និងអំពើពុករលួយធ្ងន់ធ្ងរ ដែលបានកត់សម្គាល់នៅក្នុងការស្មុំកូនអន្តរប្រទេសដែលកើតមានពីអតីតកាល ។

ប្រទេសជាច្រើន បានហាមឃាត់ការស្មុំកូនអន្តរប្រទេសពីប្រទេសកម្ពុជាពេញមួយទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់ពីមានភស្ដុតាងជាច្រើននៃការអនុវត្តដែលប្រាសចាកពីច្បាប់ និងគ្មានសីលធម៌ ។ នេះរួមបញ្ចូលទាំងអាជ្ញាធរ និងបុគ្គលិកមណ្ឌលកុមារកំព្រា ដែលក្លែងបន្លំឯកសារប្រកាសថា កុមារមួយចំនួនជាក្មេងកំព្រា ឬជាក្មេងគេបោះបង់ចោល ដោយជាទូទៅ មានការផ្លាស់ប្ដូរឈ្មោះ និងថ្ងៃខែឆ្នាំកំណើតរបស់ពួកគេ ។ បន្ទាប់មក កុមារត្រូវបានគេស្មុំយកទៅចិញ្ចឹមនៅក្រៅប្រទេស ដោយពុំមានការយល់ព្រម ឬដឹងឮពីឪពុកម្ដាយរបស់ពួកគេ​ ។ ជាលទ្ធផល ប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ បានផ្អាកការស្មុំកូនអន្តរប្រទេសនៅក្នុងឆ្នាំ២០០៩ ។

ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជា និងប្រទេសអ៊ីតាលី មិនបានយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់អ្នកជំនាញនៃអង្គការសហប្រជាជាតិ និងសង្គមស៊ីវិល ក្នុងការស៊ើបអង្កេត និងដោះស្រាយការរំលោភបំពានកន្លងមកនោះទេ ដោយទុកឱ្យគ្រួសារ និងកុមារដែលត្រូវបានស្មុំទៅចិញ្ចឹមទាំងនោះ គ្មានមធ្យោបាយជួបជុំគ្នាវិញ ប្រសិនបើពួកគេចង់ភ្ជាប់ទំនាក់ទំនង ឬបង្ហាញការពិតឡើងវិញ ។

ផ្ទុយទៅវិញ ប្រទេសទាំងពីរបានជំរុញឱ្យបើកការស្មុំកូនអន្ដរប្រទេសឡើងវិញ ។​ គណៈប្រតិភូមកពី គណៈកម្មាធិការស្មុំកូនអន្ដរប្រទេសនៃប្រទេសអ៊ីតាលី បានជួបជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួងសង្គមកិច្ច)    នៅក្នុងខែឧសភា ឆ្នាំ២០២៣ ។ គណៈកម្មាធិការស្មុំកូនអន្ដរប្រទេសអ៊ីតាលី បានរាយការណ៍ថា ភ្នាក់ងារស្មុំកូននៅអ៊ីតាលីចំនួន៣ ត្រូវបានអនុញ្ញាតឱ្យដំណើរការនៅប្រទេសកម្ពុជា ហើយការផ្ដល់សិទ្ធិចំពោះភ្នាក់ងារចំនួន៣ផ្សេងទៀត គឺកំពុងស្ថិតនៅក្នុងការរង់ចាំ ។

គណៈកម្មាធិការស្មុំកូនអន្តរប្រទេសអ៊ីតាលី បានបញ្ជាក់ថា ប្រទេសកម្ពុជានឹងរៀបចំជាផ្លូវការនូវបញ្ជីឈ្មោះកុមារដែលគ្រប់លក្ខខណ្ឌក្នុងការស្មុំកូន ប្រហែលជាក្នុងខែមិថុនា ឆ្នាំ២០២៣ ។ កុមារ២នាក់ក្នុងចំណោមភ្នាក់ងារមួយ ត្រូវបានរំពឹងថា នឹងត្រូវផ្គូផ្គងជាមួយគ្រួសារជនជាតិអ៊ីតាលី ត្រឹមដំណាច់ឆ្នាំនេះ ហើយគណៈប្រតិភូប្រទេសកម្ពុជា ត្រូវបានអញ្ជើញទៅកាន់ប្រទេសអ៊ីតាលី នៅឆ្នាំ២០២៤ ដើម្បីបន្តតាមដានកូនចិញ្ចឹមទាំងនោះ ។ នៅលើគេហទំព័ររបស់គណៈកម្មាធិការស្មុំកូនអ៊ីតាលី ក៏បានបង្ហាញដែរថា នីតិវិធីស្មុំកូនចំនួន៩នាក់ កំពុងរង់ចាំការសម្រេច ។

ទោះបីជា ប្រទេសកម្ពុជាបានអនុម័តច្បាប់ថ្មីៗក្នុងការគ្រប់គ្រងការស្មុំកូនអន្តរប្រទេស ចាប់តាំងពីឆ្នាំ២០០៩ ប៉ុន្តែនៅតែមានការខ្វះកិច្ចគាំពារប្រកបដោយសុវត្ថិភាពប្រឆាំងនឹងការកើនឡើងនៃអំពើពុករលួយ និងការក្លែងបន្លំ ដែលនាំឱ្យកើតមានការក្លែងបន្លំស្មុំកូន កន្លងមក ។

ប្រទេសកម្ពុជាបានអនុម័ត ច្បាប់ស្ដីពីស្មុំកូនអន្ដរប្រទេសក្នុងឆ្នាំ២០០៩ និងបទប្បញ្ញត្ដិពាក់ព័ន្ធផ្សេងៗ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យច្បាប់កម្ពុជាអនុលោមតាមអនុសញ្ញាទីក្រុងឡាអេស្ដីពីការការពារកុមារ និងកិច្ចសហប្រតិបត្តិការលើការស្មុំកូនអន្តរប្រទេស ដែលកម្ពុជាបានផ្ដល់សច្ចាប័នក្នុងឆ្នាំ២០០៧ ។ ក្របខ័ណ្ឌច្បាប់ថ្មី​នេះ  ផ្ដល់អំណាចឱ្យ ក្រសួងសង្គមកិច្ច និងតុលាការ ជាមួយនឹងការត្រួតពិនិត្យ និងអនុម័តលើការស្មុំកូនអន្តរប្រទេស ។

យ៉ាងណាមិញ ប្រទេសកម្ពុជាស្ថិតក្នុងលេខរៀងទីពីរជាប់បាតតារាង ពោលគឺ១៣៩ក្នុងចំណោម១៤០ប្រទេសនៅទូទាំងពិភពលោក នៅក្នុងសន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២២របស់គម្រោងយុត្តិធម៌ពិភពលោក ។ ប្រទេសកម្ពុជាទទួលបានពិន្ទុទាបបំផុតនៅទូទាំងពិភពលោក ក្នុងការប្រើប្រាស់ និងអនុវត្តបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដោយពុំមានរងឥទ្ធិពលមិនសមស្របពីតួអង្គណាមួយ ។ កម្ពុជាក៏ជាប់ចំណាត់ថ្នាក់ចុងក្រោយ ឬក្បែរចុងក្រោយ ចំពោះមន្ដ្រីរដ្ឋាភិបាល នៅក្នុងអំណាចនីតិប្បញ្ញត្តិ និងតុលាការ សម្រាប់ការប្រើប្រាស់ការិយាល័យរបស់ខ្លួនដើម្បីផលប្រយោជន៍ឯកជន ។ ស្រដៀងគ្នានេះដែរ កម្ពុជាក៏ជាប់ចំណាត់ថ្នាក់ក្បែរបាតតារាង ក្នុងចំណោមប្រទេសនៅទូទាំងពិភពលោក សម្រាប់ការយល់ឃើញពីអំពើពុករលួយក្នុងសន្ទស្សន៍ឆ្នាំ២០២២ របស់អង្គការតម្លាភាពអន្តរជាតិ ។

នៅក្នុងបរិបទនេះ ការស្មុំកូនអន្តរប្រទេស ធ្វើឱ្យមានហានិភ័យនៃការរំលោភលើផលប្រយោជន៍ល្អបំផុតរបស់កុមារ ។ តួអង្គណាមួយដែលកំពុងដំណើរការបើកការស្មុំកូនអន្តរប្រទេសឡើងវិញពីប្រទេសកម្ពុជា រួមបញ្ជូលទាំងរដ្ឋាភិបាលប្រទេសអ៊ីតាលីនិងភ្នាក់ងារស្មុំកូន​ គឺកំពុងតែធ្វើកិច្ចការនេះ ក្នុងចេតនាមើលរំលងអំពីហានិភ័យរបស់គ្រួសារនិងកុមារនៅកម្ពុជា ។

ការបើកឱ្យមានការស្មុំកូនអន្តរប្រទេសឡើងវិញដោយប្រថុយប្រថាន និងខ្វះការទទួលខុសត្រូវច្បាស់លាស់នេះ គឺជាការប្រឆាំងនឹងការអនុវត្តច្បាប់ជាតិ និងអន្ដរជាតិ ។ ច្បាប់ជាតិ និងអន្តរជាតិកំណត់ថា ការស្មុំកូនអន្ដរប្រទេស គួរតែធ្វើឡើងបន្ទាប់ពីការប្រើប្រាស់រួចហើយនូវគ្រប់មធ្យោបាយថែទាំកុមារតាមគ្រួសារនៅក្នុងប្រទេសកំណើតរបស់ពួកគេ ។ កុមារគួរត្រូវបានថែទាំដោយគ្រួសាររបស់ពួកគេ តាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ទោះជាយ៉ាងណា កិច្ចគាំពារសង្គមក្នុងការគាំទ្រគ្រួសារនៅកម្ពុជា គឺនៅមិនទាន់មានគ្រប់គ្រាន់ឡើយ ។   ខណៈដែលប្រទេសនេះ កំពុងដំណើរការកាត់បន្ថយចំនួនកុមារដែលរស់នៅក្នុងមណ្ឌលថែទាំ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធថែទាំកុមារ និងប្រព័ន្ធស្មុំកូនក្នុងស្រុកផ្លូវការ ក៏នៅមិនទាន់ទទួលបានការអភិវឌ្ឍពេញលេញ និងមិនសូវមានការប្រើប្រាស់នៅឡើយ ។

ការស្មុំកូនអន្ដរប្រទេសមិនគួរប្រើប្រាស់ ដើម្បីគេចវេសពីកំណែទម្រង់ចាំបាច់ទៅលើប្រព័ន្ធការពារកុមារនៅកម្ពុជានោះទេ ។ រាជរដ្ឋាភិបាលកម្ពុជា គួរតែផ្ដោតចិត្តការយកចិត្តទុកដាក់លើការបង្កើនលទ្ធភាពទទួលបានការការពារ និងការគាំទ្រសង្គមរបស់គ្រួសារ ព្រមទាំងពង្រឹងប្រព័ន្ធថែទាំតាមគ្រួសារក្នុងស្រុកឱ្យបានខ្លាំង ក៏ដូចជាកសាងសមត្ថភាពអ្នកធ្វើកិច្ចការសង្គមទាំងអ្នកថ្មី និងអ្នកចាស់ ។

អត្ថប្រយោជន៍ល្អបំផុតរបស់កុមារ គួរតែជាអាទិភាពមុនគេជានិច្ច នៅពេលពិចារណាពីការស្មុំកូនអន្តរប្រទេស និងមុនពេលគិតពីផលប្រយោជន៍នៃតួអង្គផ្សេងៗទៀត ។ ច្បាប់និងគោលនយោបាយថ្មីៗ នឹងនៅតែមិនអាចការពារប្រឆាំងនឹងបញ្ហាក្លែងបន្លំ និងអំពើពុករលួយ ដែលអូសបន្លាយពេលជាច្រើនឆ្នាំមកហើយនោះដែរ ។ យើងខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលអ៊ីតាលី អាចបញ្ឈប់ជាបន្ទាន់នូវការបើកស្មុំកូនអន្តរប្រទេសឡើងវិញ ដើម្បីធានាថា គ្មានកុមារ និងគ្រួសារប្រជាពលរដ្ឋខ្មែរណាមួយ ត្រូវបែកចេញពីគ្នាម្ដងទៀត ៕

សេចក្តីថ្លែងការណ៍រួមចូលរួមគាំទ្រដោយ៖

១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

២. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

៤. Intercountry Adoptee Voices (ICAV)

ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

Download statement_Intercountry adoptions_EN (final)

Dowload statement_Intercountry adoptions_IT (final)