សេចក្តីថ្លែងការណ៍រួម អាជ្ញាធរ​ត្រូវបញ្ឈប់ការ​ធ្វើទុក្ខបុកម្នេញទៅ​លើសមាជិក​សហជីព​ណាហ្គាវើលដ៏​ជាស្ត្រី ដែលកំពុងធ្វើ​កូដកម្ម​ដោយសន្តិវិធី

សេចក្តីថ្លែងការណ៍រួម
អាជ្ញាធរ​ត្រូវបញ្ឈប់ការ​ធ្វើទុក្ខបុកម្នេញទៅ​លើសមាជិក​សហជីព​ណាហ្គាវើលដ៏​ជាស្ត្រី ដែលកំពុងធ្វើ​កូដកម្ម​ដោយសន្តិវិធី

 

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២

យើង​ខ្ញុំ​ ជាអង្គការ​សង្គមស៊ីវិល សហគមន៍​មូលដ្ឋាន និងសហជីព មានរាយនាម​ដូចខាងក្រោម សូមសម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះហេតុការណ៍​ថ្មីៗនេះ ទាក់ទងនឹង​អំពើហិង្សា​ដែលបង្ក​ឡើងដោយ​អាជ្ញាធររដ្ឋ ដែលរួម​មានការបៀតបៀន​ផ្លូវភេទទៅ​លើស្ត្រីមួយ​ចំនួន ដែលចូល​រួមក្នុង​ការជួប​ជុំ និងធ្វើកូដកម្ម​ដោយ​សន្តិវិធី ។ ជាពិសេស សមាជិកសហជីព​ទ្រទ្រង់​សិទិ្ធការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ (LRSU) ដែលភាគ​ច្រើនជាស្ត្រី បានទទួលរង​នូវអំពើ​ហិង្សា ការចាប់ដាក់​ពន្ធនាគារ និងការ​អនុវត្តវិធានការ​កូវីដ១៩ ដោយមិន​ត្រឹមត្រូវ ក្នុង​ការ​ឆ្លើយតបទៅ​នឹងការធ្វើ​កូដកម្ម​ដោយសន្តិវិធី​របស់អ្នក​ទាំងនោះ ចាប់តាំង​ពីខែធ្នូ ឆ្នាំ២០២១​ មក ។

កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរបាន​ចាប់រុញ ទាញ និងសែង កូដករអហិង្សា​ទាំងនោះ ដោយ​បង្ខំឱ្យ​ចូលទៅ​ក្នុងរថយន្ត​ក្រុង​មុនពេល​បញ្ជូន​ពួកគេ​ ទៅមណ្ឌល​ធ្វើចត្តាឡីស័ក​ជំងឺកូវីដ១៩ មួយកន្លែង នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ច​ជាបុរសម្នាក់​បានចាប់ និងច្របាច់​ដោះ​របស់ស្ត្រី​ម្នាក់ ខណៈពេល​ដែល នាងត្រូវ​បានបង្ខំ​ឱ្យចូលទៅ​ក្នុងរថយន្ត​ក្រុង ។ ស្រដៀងគ្នានេះដែរ នៅថ្ងៃ២៩​ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរ​រដ្ឋបាន​ប្រើភាសា​អាសគ្រាម​បំពារបំពាន​ផ្លូវភេទ​មិនសមរម្យ​ទៅលើកូដករ។ យើងបាន​កត់សម្គាល់ថា ទង្វើនៃ​ការបៀតបៀន​ផ្លូវភេទ​ស្រដៀង​គ្នានេះ ក៏ធ្លាប់​កើតមាន​ចំពោះស្រ្តី​វ័យក្មេង​ដែលជា​សកម្មជន​បរិស្ថាន​កន្លង​មកដែរ ។​

កូដករជា​ស្ត្រីជាច្រើន ត្រូវបានអាជ្ញាធរ​ដាក់គោលដៅ​ជាបន្តបន្ទាប់​ដោយមិន​សមស្រប ក្នុងការ​បំបែក​ការតវ៉ា និងការធ្វើ​កូដកម្ម​ដោយសន្តិវិធី ។ អំឡុងខែមករា កូដករដែល​ភាគច្រើន​ជាស្ត្រី ដែលក្នុង​នោះមាន​ស្ត្រីមាន​ផ្ទៃពោះ​មួយចំនួន ត្រូវបានគេ​ហាមឃាត់​ក្នុងការប្រើប្រាស់​បន្ទប់ទឹក​នៅជិតកន្លែង​ធ្វើកូដកម្មដោយ​មិនសមហេតុ​ផល ទាំង​ដែល​បន្ទប់​ទឹក​ទាំង​នោះ នៅ​បើកឱ្យ​ប្រើ​ប្រាស់​ឡើងវិញជា​រៀងរាល់​ថ្ងៃ ក្រោយពេល​ដែល​កូដករទាំងអស់​វិលត្រឡប់​ទៅផ្ទះវិញ ។ អាជ្ញាធរ ក៏បានរារាំង​កូដករជាស្ត្រី ដោយមិន​ឱ្យអ្នកទាំង​នោះត្រឡប់​ទៅផ្ទះរហូត​ដល់យប់​ជាច្រើន​ដង ហើយ​ពេលខ្លះ​តាមដាន​អ្នកទាំង​នោះនៅ​ពេលដែល​ពួកគេត្រូវ​បានអនុញាត​ឱ្យត្រឡប់​ទៅផ្ទះវិញ។

នៅក្នុង​ខែនេះ កូដករទាំងអស់​បានអនុវត្តជាបន្តបន្ទាប់​តាមបទបញ្ជានិង​ការ​ណែនាំ​នានា ក្នុង​ការធ្វើតេស្តជំងឺកូវីដ ១៩ ជាច្រើនដង និងបាន​បំពេញតាម​លក្ខខណ្ឌ​នៃការធ្វើ​ចត្តាឡីស័ក​ផងដែរ ។ ទោះបីជា​បានធ្វើតាម​លក្ខខណ្ឌ​ទាំងអស់​នេះហើយ​​ក្តី ក៏​នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កូដករចំនួន ៦៤ នាក់ ក្នុងនោះស្ត្រី ៥៦ នាក់ និងបុរស ៨ នាក់ ត្រូវបាននាំខ្លួន​ដោយបង្ខំ ទៅកាន់ទីតាំង​ធ្វើចត្តាឡីស័ក​មួយកន្លែង ខណៈដែលពួក​គេព្យាយាម​ធ្វើកូដកម្ម​បន្តទៀត ហើយ​រហូត​ដល់ពេលយប់​ទើបពួក​គេត្រូវ​បាន​អនុញ្ញាត​ឱ្យត្រឡប់​ទៅផ្ទះវិញ ។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កូដករចំនួន ៣៩នាក់ ដែល​មាន​ស្ត្រី ៣១ នាក់ និង បុរស ៨​ នាក់ ត្រូវបាននាំខ្លួន​ដោយបង្ខំ​យក​ទៅ​កាន់មណ្ឌល​ចត្តាឡីស័ក​នៅទីតាំង​ដដែល។ កូដករ បានរាយការណ៍ថា ទីតាំង​ចត្តាឡីស័កនោះ ពុំមានទឹក​គ្រប់គ្រាន់​សម្រាប់ប្រើ​ប្រាស់ និងបរិភោគ ឬកន្លែង​សម្រាប់សម្រាក​គ្រប់គ្រាន់​នោះទេ ។ នៅថ្ងៃទី ២៣ ខែកុម្ភៈ កូដករចំនួន ៥១ នាក់បន្ថែម​ទៀត ដែលរួម​មានស្ត្រី ៤១ នាក់ និងបុរស ១០ នាក់ ត្រូវបាន​បង្ខំឱ្យទៅ​កាន់មណ្ឌល​ចត្តាឡីស័ក​ដដែលនោះ។ ក្នុងចំណោម​កូដករ​ដែលនៅ​មណ្ឌល​ចត្តាឡីស័ក​ទាំងនោះ មិនមាន​កូដករ​ណាម្នាក់ ត្រូវបាន​ដោះលែង​ឱ្យត្រឡប់​ទៅផ្ទះវិញ​នៅឡើយទេ គិតចាប់​តាំងពីថ្ងៃអង្គារ៍ ទី ២២ មកម្ល៉េះ។ មិនតែ​ប៉ុណ្ណោះ កូដករដែល​ជាប់នៅមណ្ឌល​ចត្តាឡីស័កទាំង​នោះ នឹងត្រូវ​អាជ្ញាធរបង្ខំ​ឱ្យបង់ប្រាក់​ពិន័យចំនួន​រហូតដល់ ២លានរៀល (៥០០ ដុល្លារ) ក្នុងម្នាក់។

ជាមួយគ្នានេះដែរ សមាជិក និងថ្នាក់ដឹកនាំ​នៃសហជីព​ទ្រទ្រង់សិទិ្ធ​ការងារ​បុគ្គលិក​កម្មករខ្មែរ​នៃក្រុមហ៊ុន​ណាហ្គា វើលដ៏​(LRSU) ចំនួន ១១ នាក់ ក្នុងនោះមានស្ត្រី ៧ នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មកហើយ នៅពេលដែល​អ្នកទាំងនោះ​អនុវត្ត​សេរីភាព​ក្នុងការធ្វើកូដកម្ម​អហិង្សា ។ បច្ចុប្បន្នអ្នក​ទាំង ១១ កំពុងស្ថិត​នៅក្រោម​ការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ ។ ស្ត្រីទាំង ៧ នាក់នេះ ត្រូវបានចោទ​ប្រកាន់ពី បទញុះញង់​ឱ្យប្រព្រឹត្តបទ​ឧក្រិដ្ឋ ជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ​នៃព្រះរាជាណាចក្រកម្ពុជា ហើយ​ពួកគេ​ប្រឈមនឹង​ការជាប់ពន្ធនាគារ​រយៈពេល ២ឆ្នាំ ដែលមាន​សភាព​ចង្អៀតណែន​ ប្រសិន​បើត្រូវបាន​ផ្តន្ទាទោស ។

ទង្វើហិង្សា​ប្រឆាំងទៅ​លើស្ត្រី ដែលបង្ក​ដោយ​តួអង្គរដ្ឋ ការអនុវត្ត​វិធានការ​កូវីដ ១៩ ដោយ​មិនត្រឹមត្រូវ និងការប្រើប្រាស់​ស្ថាប័នតុលាការ​ដើម្បីបំបិទ​សេរីភាពក្នុងការ​ធ្វើកូដកម្ម​អហិង្សា គឺមិន​សម​ហេតុផល និងខុសច្បាប់ ក្រោមច្បាប់​ជាតិ និងអន្តរជាតិ ។ ជាពិសេស ទង្វើទាំង​នេះបានរំលោភ​បំពានទៅ​លើសិទ្ធិដែលមាន​ចែងក្នុងរដ្ឋធម្មនុញ្ញ​ស្ដីពី​ការជួបជុំ និងប្រមូល​ផ្ដុំដោយ​សន្តិវិធី និងសិទ្ធិនានា នៃអនុសញ្ញា​របស់​អង្គការសហ​ប្រជាជាតិ​ស្ដីពី​ការលុប​បំបាត់រាល់​ទម្រង់​នៃការរើសអើង​លើស្ត្រីភេទ (ស៊ី ដ) ដូចដែល​បានបកស្រាយ​នៅក្នុង​អនុសាសន៍​ទូទៅរបស់​គណៈកម្មាធិការ ស៊ី ដ លេខ ៣០ និង​ ៣៥។

ការរំលោភ​បំពានទៅលើសិទិ្ធ​សេរីភាព​របស់ស្ត្រី នៅតែបន្តកើត​មានឡើងច្រើន​នៅក្នុង​ប្រទេស ដោយមានស្ត្រី​ជាច្រើន បានរាយការណ៍​អំពីអារម្មណ៍​ដែលមាន​សេរីភាព តិចជាងបុរស ក្នុងការប្រើ​ប្រាស់​សិទ្ធិជា​មូលដ្ឋាន​ក្នុងការ​បញ្ចេញមតិ និងការជួប​ជុំគ្នា ។ ស្ត្រីក៏បាន​ទទួល​រងផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងរ ពីការរីក​រាលដាល​នៃជំងឺកូវីដ១៩ ផងដែរ ដោយសារ​តែឧស្សាហកម្ម​ដែលទទួលរង​ផលប៉ះពាល់ខ្លាំង​ជាងគេរួម​មាន វិស័យសេវា​កម្សាន្តនិង​បដិសណ្ឋារ​កិច្ច មានចំនួនស្ត្រីច្រើនជាង​វិស័យផ្សេងៗ​ទៀត ដែល​មានបុគ្គលិក​ភាគច្រើនជា​ស្ត្រីកំពុង​ធ្វើការងារ។ ស្ត្រីទាំងនោះ តែងតែទទួល​រងនៅអំពើ​ហិង្សាដោយ​ផ្អែកលើភេទ។ នៅក្នុងស្ថាន​ភាពនេះ ស្ត្រីត្រូវតែទទួល​បានការ​ការពារ និងគាំទ្រ​ឱ្យកាន់តែ​ច្រើនជាង​មុន ហើយ​ក្រុមសង្គម​ស៊ីវិល និងអាជ្ញាធរដ្ឋមិន​ត្រូវរក្សា​ភាពស្ងៀមស្ងាត់​ចំពោះទង្វើហិង្សា​ទាំងនោះទេ ជាពិសេស​នៅពេល​ដែលអំពើ​ហិង្សាទាំងនោះ ត្រូវបានប្រព្រឹត្ត​ដោយក្រុម​អាជ្ញាធរ​រដ្ឋមួយ​ចំនួន។

យើងខ្ញុំ សូមរំឭកដល់​រាជរដ្ឋាភិបាល អំពីការប្ដេជ្ញាចិត្ត​របស់​ខ្លួនក្នុងការ​អនុវត្តអនុសញ្ញា ស៊ី ដ និងអនុសាសន៍​របស់គណៈកម្មាធិការ​ចាប់ពី​កថាខណ្ឌទី ៩ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលធានាពេញលេញ នូវសិទិ្ធរបស់អ្នក​ការពារ​សិទិ្ធមនុស្សជាស្ត្រី អ្នកដឹកនាំ​សហជីព សកម្មជន​បរិស្ថាន​និងដីធ្លី និងសមាជិកគណបក្ស​ជំទាស់ ជាពិសេស​សិទិ្ធសេរីភាព​ក្នុងការជួបជុំ ប្រមូលផ្តុំ និងបញ្ចេញមតិ ដោយមិនមានការ​រំលោភបំពាន តាមដានត្រួត​ពិនិត្យចាប់​ពិរុទ្ធ និងរឹតត្បិត​មិនត្រឹមត្រូវ​នានា ។  យើងខ្ញុំ សូមអំពាវ​នាវឱ្យអាជ្ញាធរ​បញ្ឈប់ការរឹតត្បិត​សេរីភាព​របស់ស្ត្រី ដើម្បីឱ្យពួកគេបន្ត​ធ្វើកូដកម្ម​ដោយ​សន្តិវិធី និងប្រើប្រាស់​សិទ្ធិជាមូលដ្ឋាន​របស់ពួកគេ​ដោយគ្មាន​ការរើសអើង និងសូម​អំពាវនាវឱ្យ​មានការ​ដោះលែង​ជាបន្ទាន់​និងដោយឥត​លក្ខខណ្ឌ​ចំពោះសមាជិក និង​ថ្នាក់ដឹកនាំ​សហជីព​ទាំង​អស់ដែលត្រូវ​បានចាប់ដាក់​ពន្ធនាគារ ព្រមទាំង​ទម្លាក់ចោល​បទចោទទាំង​អស់ប្រឆាំង​នឹងពួកគេ ៕​

 

សេចក្តីថ្លែងការណ៍រួមនេះ គាំទ្រដោយ៖

១. អង្គការអាក់សិនអេតកម្ពុជា ( ActionAid Cambodia)

២. សមាគមគាំពារស្ត្រីងាយរងគ្រោះ (ASVW)

៣. អង្គការបន្ទាយស្រី (Banteay Srei)

៤. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)

៥. សហភាពការងារកម្ពុជា(CLC)

៦. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

៧. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

៨. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៩. សមាគមការពារសិទ្ធមនុស្ស និងអភិឌ្ឍន៍នៅកម្ពុជា (ADHOC)

១០. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិនុស្ស លីកាដូ (LICADHO)

១១. បណ្តាញយុវជនកម្ពុជា (CYN)

១២. អង្គការម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC)

១៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ​ និងសិទ្ធិមនុស្ស (សង់ត្រាល់)

១៤. សមាគមសម្ពន័្ធសហគមន៍កសិករកម្ពុជា​ (CCFC)

១៥. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រែ្វល)

១៦. អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)

១៧. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

១៨. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

១៩. អង្គការក្លាហាន (Klahaan)

២០. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និកហ្វិក)

២១. អង្គការសមាគមធាងត្នោត (STT)

២២. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃ ការរើសអើងលើស្រ្តី (​NGO-CEDAW)

២៣. អង្គការអភិវឌ្ឍន៍ស្រ្តីក្រីក្រក្នុងទីក្រុង​ (UPWD)

២៤. អង្គការនារីដើម្បីសន្តិភាព (WPM)

២៥. អង្គការ​កម្មវិធី អភិវឌ្ឍន៍ ធនធាន​យុវជន (YRDP)

២៦. សហគមន៍ដីធ្លី ១៩៧ (កោះកុង)

២៧. សហគមន៍អមលាំង (កំពង់ស្ពឺ)

២៨. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)

២៩. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)

៣០. សហគមន៍បឹងប្រាំ (បាត់ដំបង)

៣១. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)

៣២. សហគមន៍ដីធ្លីជីខលើ (កោះកុង)

៣៣. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)

៣៤. សហគមន៍ដក់ពរ (កំពង់ស្ពឺ)

៣៥. បណ្តាញយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADNet)

៣៦. សហគមន៍កំព្រើស (ត្បូងឃ្មុំ)

៣៧. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)

៣៨. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)

៣៩. សហគមន៍ដីធ្លីខេត្តប៉ៃលិន

៤០. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)

៤១. សហគមន៍ពាមរស់ (កំពង់ស្ពឺ)

៤២. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)

៤៣. សហគមន៍ព្រៃឡង់ (កំពង់ធំ)

៤៤. សហគមន៍ដីធ្លីព្រៃពាយ (កំពត)

៤៥. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)

៤៦. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)

៤៧. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)

៤៨. សហគមន៍ដីធ្លីតានូន (កោះកុង)

៤៩. សហគមន៍ថ្មដា (ពោធិ៍សាត់)

៥០. សហគមន៍ទន្លូង (ត្បូងឃ្មុំ)

៥១. សហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)