សេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំង អំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ៖ «លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់ »

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

យើងខ្ញុំជាក្រុមអង្គការ​សង្គម​ស៊ីវិលដែលរួមមាន សមាគម សហជីព និង​អង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើ​ការងារដើម្បីលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា ​នឹងធ្វើការរៀបចំប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ (ហៅកាត់ថា «យុទ្ធនាការ ១៦ថ្ងៃ») ក្រោមប្រធានបទ ៖ «លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីការបៀតបៀតគ្រប់ទម្រង់ »។

​            យុទ្ធ​នាការ​នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីយុទ្ធនាការ១៦ថ្ងៃ ផ្ដល់ឱកាសដល់សកម្មជន ឬអ្នកការពារសិទ្ធិមនុស្សជាស្ដ្រី ទាំងក្នុងវិស័យយេនឌ័រ និងវិស័យផ្សេងៗ លើកឡើងនូវ​បញ្ហាប្រឈមដែលពួកគេបានជួបប្រទះកន្លងមក ព្រមទាំងធ្វើការជួបជុំដើម្បីថ្លែង​សារអំពីសំណូមពររបស់​ពួកគេ​ ។ នៅឱកាសនោះដែរ សកម្មជន ឬអ្នកការពារសិទិ្ធមនុស្ស និងសិទិ្ធស្ដ្រី នឹងស្នើសុំ ក៏ដូចជាជំរុញឱ្យរាជរដ្ឋាភិបាល គោរព និងការពារ​សិទ្ធិមនុស្ស​​ឱ្យបានម៉ឺង​ម៉ាត់ ជាពិសេសចំពោះអ្នកការពារសិទ្ធិមនុស្សជាស្ដ្រី និងដោះស្រាយបញ្ហាប្រឈមរបស់ស្ដ្រី និងក្មេងស្រីឱ្យមានប្រសិទ្ធភាព។

អាស្រ័យ​ហេតុ​នេះ សូម​​សាធារណជនជ្រាប​ជាព័ត៌មាន​ និង​អញ្ជើញ​ចូលរួមជាមួយយើងខ្ញុំក្នុង​ការ​ប្រារព្ធ​ទិវានេះ តាមរយៈ​ប្រព័ន្ធអនឡាញ និងដោយ​ផ្ទាល់​ ទៅតាមកាលវិភាគនៃសកម្មភាពដូចខាងក្រោម៖

  • ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ យើងខ្ញុំចេញសេចក្តីប្រកាសព័ត៌មានស្តីពីការយុទ្ធនាការ ១៦ ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រឆ្នាំ២០២៤ ។
  • នៅចន្លោះពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤  យើងខ្ញុំនឹងរៀបចំកម្មវិធី​វិទ្យុ និងផ្សាយបន្ត​ផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ស្ថាប័នដៃគូរៀបចំ ​លើ​ប្រធាន​បទផ្សេង​ៗគ្នា ។
  • ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ យើងខ្ញុំនឹងចេញផ្សាយកម្រង ​វីដេអូខ្លីៗ ជាបន្តបន្ទាប់ស្តីអំពីតម្រូវការទាំង១៦ របស់ស្ដ្រី និងក្មេងស្រី ។
  • នៅថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២៤ យើងខ្ញុំនឹងបង្ហោះស៊ុមរូបថតយុទ្ធនាការ​នៅលើទំព័រហេ្វសប៊ុក ដើម្បីឱ្យសាធារណជនក្នុងបណ្តាញសង្គម អាចទាញយកទៅប្រើប្រាស់នៅលើគណនីហ្វេសប៊ុករបស់ពួកគេ ។
  • ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ យើងខ្ញុំនឹងចេញផុស្ទ័ររាប់ថយក្រោយដើម្បីបង្ហាញពីថ្ងៃប្រារព្ធពិធីជួបជុំ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ។
  • ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៤ យើងខ្ញុំនឹងរៀបចំកម្មវិធីសំណួរ ចម្លើយនៅលើប្រព័ន្ធអនឡាញ ដោយផ្ដោតសំខាន់លើប្រធានបទទាក់ទងនឹងយុទ្ធនាការ១៦ថ្ងៃ ។
  • នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ យើងខ្ញុំនឹងចេញផ្សាយផ្ទាំងរូបភាព អញ្ជើញសាធារណជនឱ្យចូលរួម ជួបជុំផ្ទាល់នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី០១ ខែធ្នូ ។
  • នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ យើងខ្ញុំនឹងរៀបចំកម្ម​វិធី​ជួបជុំផ្ទាល់ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីការបៀតបៀតគ្រប់ទម្រង់»
  • ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ យើងខ្ញុំនឹងបន្តចេញផ្សាយវីដេអូខ្លីជាបន្តបន្ទាប់ ដែល​មាន​លើក​ឡើង​អំពីតម្រូវការផ្សេងៗទៀតរបស់ស្ដ្រី និងក្មេងស្រី ៕

ព័ត៌មានបន្ថែម សូម​ទាក់ទង​៖

១. អ្នកស្រី អ៊ូ ទេពផល្លីន       ទូរស័ព្ទ៖ ០១១ ៩៨៤ ៨៨៣

២. កញ្ញា កែវ ចាន់រ៉ា            ទូរស័ព្ទ៖ ០៩៨ ៨៥២ ២៦០

៣. លោក លឹម បូរិន            ទូរស័ព្ទ៖ ០១២ ៩០៤ ២៦៦

*បញ្ជីឈ្មោះអង្គការសង្គមស៊ីវិលសហការរៀបចំ៖

១. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

២. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)

៣. សហជីពកម្មករចំណីអាហារនិងសេវាកម្ម (CFSWF)

៤. សហព័ន្ធសហជីពកម្ពុជា (CATU)

៥. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)

៦. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស CENTRAL)

៧. បណ្តាញយុវជនកម្ពុជា (CYN)

៨. អង្គការសមធម៌កម្ពុជា (EC)

៩. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

១០. អង្គការសមាគមធាងត្នោត (STT)

១១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

១២. សម្ព័ន្ធខ្មែរជំរឿននឹងការពារសិទ្ធិមនុស្ស (LICADHO)

១៣. អង្គការក្លាហាន (Klahaan)

១៤. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)

១៥. សហព័ន្ធសហជីពឯករាជ្យ ( INTUFE )

១៦. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)

១៧. អង្គការអាក់សិនអេតកម្ពុជា(AAC)

១៨. សម្ព័ន្ធភាពជាដៃគូរដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD)

១៩. សមាគមស្ត្រីជនបទដើម្បីក្សេត្របរិស្ថាន (RWAA)

ទាញយកសេចក្តីថ្លែងការណ៍