សេចក្តីថ្លែងការណ៍រួម
សូមដោះលែង និងទម្លាក់ចោលបទចោទលើបុគ្គលិក CCFC ជាបន្ទាន់
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣
ការចាប់ខ្លួនបុគ្គលិកបីរូបរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងការសម្រេចចោទប្រកាន់ដែលមិនសមហេតុផល ដែលបានចោទពីបទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺជាករណីមួយបន្ថែមទៀត ដែលអាជ្ញាធរកម្ពុជាបានធ្វើឡើង ដើម្បីការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សចំពោះភាពសកម្មនិយមដោយអហិង្សារបស់ពួកគេ ។
យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម ទាមទារឱ្យបញ្ឈប់នូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានចំពោះអ្នកការពារសិទ្ធិមនុស្សទាំងអស់ និងសូមអំពាវនាវឱ្យដោះលែងបុគ្គលិកសមាគម CCFC ទាំងបីរូបជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដើម្បីអ្នកទាំងបីមានសេរីភាពក្នុងការបំពេញការងារសំខាន់ៗបន្តទៀត ។
កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា នគរបាលបានសម្រេចឃាត់ខ្លួនលោក ថេង សាវឿន ប្រធានសមាគម CCFC លោក ញិល ភាព មន្រ្តីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច មន្រី្តសម្របសម្រួលសហគមន៍ ជាផ្លូវការ។ ពួកគេត្រូវបានចាប់ឃាត់ខ្លួនជាលើកដំបូងក្នុងខេត្តក្រចេះ នៅតាមផ្លូវទៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៧ ខែឧសភា ខណៈពេលដែលពួកគេកំពុងតែធ្វើដំណើរជាមួយនឹងមនុស្សរាប់សិបនាក់ផ្សេងទៀត ក្រោយពីចូលរួមកម្មវិធីនៅឯខេត្តរតនគិរី ហើយក្រោយមកអ្នកទាំងនោះត្រូវបាននគរបាលបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។
មានតែ សាវឿន ទេ ដែលបានជួបនិយាយជាមួយមេធាវី នៅថ្ងៃទី១៩ ខែឧសភា នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី បន្ទាប់ពីការឃាត់ខ្លួនគាត់នៅខេត្តក្រចេះ និងមុនពេលបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ។ នៅថ្ងៃទី២២ ខែឧសភា មេធាវីត្រូវបានអនុញ្ញាតឱ្យជួបកូនក្តីម្តងទៀត អំឡុងពេលការសាកសួរចម្លើយនៅតុលាការខេត្តរតនគិរី ។
កាលពីរសៀលថ្ងៃ ២២ ខែឧសភា ចៅក្រមស៊ើបសួរ លោក សាយ គួហាវ បានសម្រេចចោទប្រកាន់ លោក ថេង សាវឿន លោក ញិល ភាព លោក ថាន់ ហាច ពីបទ រួមគំនិតក្បត់ មាត្រា ៤៥៣ និងបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ មាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ អ្នកទាំងបីប្រឈមនឹងជាប់ពន្ធនាគារដល់ ១០ ឆ្នាំ និងពិន័យជាទឹកប្រាក់រហូតដល់ ៤ លាន រៀល (ប្រហែល១.០០០ ដុល្លារ) ប្រសិនបើរកឃើញថាមានទោស ។ ដោយឡែកយោងតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តរតនគិរី លោកបណ្ឌិត ចាន់ វិបុល ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសដូចអ្នកទាំងបីខាងលើផងដែរ ។
ការចោទប្រកាន់ទាំងនេះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ។ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) គឺជាសមាគមកសិករមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ហើយធ្វើការជាមួយសហគមន៍ ជាង ៧០ សហគមន៍នៅទូទាំង ១០ ខេត្ត ដើម្បីជួយដល់កសិករដែលរងគ្រាះដោយការបណ្តេញចេញ និងលើកកម្ពស់សិទ្ធិដីធ្លីដែលជាតម្រូវការចាំបាច់បំផុត ។ សមាគមធ្វើការជួយគំាទ្រដល់សហគមន៍ឱ្យយល់ដឹងពីសិទ្ធិ និងការតស៊ូមតិ ដើម្បីការរស់ល្អប្រសើរ និងសិទ្ធិមានដីធ្លីសម្រាប់កសិករទាំងអស់នៅទូទាំងប្រទេស ។
ការងាររបស់សកម្មជនសិទិ្ធមនុស្ស មិនត្រូវប្រដូចនឹងសកម្មភាពបទល្មើសព្រហ្មទណ្ឌ ដូចជាការញុះញង់ ឬរួមគំនិតក្បត់ប្រឆាំងនឹងជាតិ ឡើយ ។ ការចាប់ខ្លួនបុគ្គលិកសមាគម CCFC នឹងមិនអាចដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលបានកើតឡើងមកលើសមាជិករបស់សមាគមនោះទេ ។ ហើយវាក៏នឹងមិនអាចបំបិទសំឡេងរបស់អ្នកដឹកនាំនិងតំណាងសហគមន៍ ដែលកំពុងទាមទាររកយុត្តិធម៌សម្រាប់សមាជិកសហគមន៍ មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ ។
ការចាប់ខ្លួនទាំងនេះ ធ្វើឱ្យកើតឡើងនូវការតវ៉ាជាច្រើនថ្ងៃពីសំណាក់សហគមន៍នៅទូទាំងប្រទេស ដែលសហគមន៍ទាំងនោះដឹងយ៉ាងច្បាស់ថា ការចាប់ខ្លួនគឺដើម្បីរារាំងភាពសកម្មនិយមរបស់ពួកគេ ហើយនិងរារាំងការស្វែងរកដំណោះស្រាយទៅលើបញ្ហាដីធ្លីរបស់ពួកគេ ។
អាជ្ញាធរត្រូវដោះលែង លោក ថេង សាវឿន លោក ញិល ភាព និង លោក ថាន់ ហាច ជាបន្ទាន់ ហើយបទចោទប្រកាន់ទាំងអស់ គួរត្រូវទម្លាក់ចោល ។ ការប្រមូលផ្តុំរបស់សហគមន៍មូលដ្ឋាន មិនមែនជាបទឧក្រិដ្ឋ ។ ការដោះលែងសកម្មជនទាំងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាព និងយុត្តិធម៌ពិតប្រាកដ សម្រាប់ទាំងអស់គ្នា ៕
សេចក្តីថ្លែងការណ៍រួមចូលរួមគាំទ្រដោយ៖
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សហគមន៍ដីធ្លីភូមិព្រលាន ២៤៣ (កោះកុង)
- សហគមន៍កសិករក្រីក្រជនបទ ៩៥៥ (កោះកុង)
- សហគមន៍អមលាំង (កំពង់ស្ពឺ)
- សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
- សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- សហភាពការងារកម្ពុជា (CLC)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- បណ្តាញយុវជនកម្ពុជា (CYN)
- សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- សហគមន៍ដីធ្លីជីខលើ (កោះកុង)
- សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- សហគមន៍ដក់ពរ (កំពង់ស្ពឺ)
- អង្គការសមធម៌កម្ពុជា (EC)
- សហជីពសេរីកម្មករនៃព្រះរាជាណាចក្រ (FTUWKC)
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
- សហគមន៍ឃ្មុំស្រករថ្លុកឫស្សី (កំពង់ធំ)
- សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
- សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល (L.R.S.U)
- សហគមន៍ដីធ្លីខេត្តប៉ៃលិន
- សហគមន៍មានជ័យ (ស្វាយរៀង)
- សហគមន៍ពាមរស់ (កំពង់ស្ពឺ)
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
- សហគមន៍ភ្នំក្រោម (សៀមរាប)
- សហគមន៍ភ្នំទទឹង (កំពត)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
- សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
- សហគមន៍ព្រៃឡង់ (ព្រះវិហារ)
- សហគមន៍ដីធ្លីព្រៃពាយ (កំពត)
- សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
- សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
- សមាគមធាងត្នោត (STT)
- សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
- សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
- សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
- សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
- សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លីតានី (សៀមរាប)
- សហគមន៍ដីធ្លីតានូន (កោះកុង)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- សហគមន៍ថ្មដា (ពោធិ៍សាត់)
- សហគមន៍ទន្លូង (ត្បូងឃ្មុំ)
- សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
- សហគមន៍ត្រពាំងព្រីង(ត្បូងឃ្មុំ)
- កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
Download_CCFC_Joint_Statement-KH