សេចក្ដីថ្លែងការណ៍រួម
ក្រសួងបរិស្ថានគួរបញ្ឈប់ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញសកម្មជនការពារព្រៃឈើ
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១
យើងខ្ញុំ ដែលមានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យក្រសួងបរិស្ថាន បញ្ឈប់យុទ្ធនាការនៃការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងសកម្មជនការពារព្រៃឈើ និងសមាជិកសហគមន៍នៅតាមមូលដ្ឋាន ។ កាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុន មន្រ្តីមូលដ្ឋានរបស់ក្រសួងបរិស្ថាន បានឃាត់ខ្លួនសកម្មជនការពារព្រៃឈើចំនួន ៥នាក់ ដែលកំពុងបំបួសដើមឈើ និងប្រមូលភស្តុតាងនៃការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលកើតមាននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ។
អ្នកទាំង៥នាក់ ត្រូវបានឃាត់ខ្លួនដោយគ្មានការចោទប្រកាន់អស់រយៈពេល៣យប់ នៅមន្ទីរបរិស្ថាន និងអធិការដ្ឋាននគរបាលក្រុងក្រចេះ មុនពេលត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅព្រឹកថ្ងៃចន្ទនេះ ។ សកម្មជនទាំង៥នាក់ ត្រូវបានដោះលែងវិញ បន្ទាប់ពីផ្ដិតមេដៃលើកិច្ចសន្យាដែលហាមឃាត់ពួកគាត់មិនឱ្យធ្វើសកម្មភាពអភិរក្សផ្សេងៗនៅក្នុងតំបន់ការពារធម្មជាតិ ឬចែករំលែកវីដេអូ រូបភាព ឬព័ត៌មានឱ្យអង្គភាពខាងក្រៅ ប្រសិនបើគ្មានការអនុញ្ញាតពីអាជ្ញាធរ ។
នេះមិនមែនជាលើកទីមួយទេ ដែលសកម្មជនទាំងនេះត្រូវបានឃាត់ខ្លួន ។ នៅពេលពិនិត្យមើលជារួមក្នុងការបង្ក្រាបរបស់ក្រសួងបរិស្ថានលើកមុនទៅលើ ព្រឹត្តិការណ៍បែបសហគមន៍មូលដ្ឋាន ដើម្បីការពារព្រៃឡង់កាលពីឆ្នាំមុន យើងខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងថា សកម្មភាពមួយចំនួនរបស់ក្រសួងប្រឆាំងនឹងសកម្មជនមូលដ្ឋានគឺមិនត្រឹមតែមិនបានជួយការពារព្រៃចុងក្រោយនេះទេ ប៉ុន្តែផ្ទុយទៅវិញ បែរជាធ្វើទុក្ខទោសដល់ការខិតខំប្រឹងប្រែងអភិរក្សទៅទៀត ជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នេះតែម្ដង ។
សកម្មជនដែលត្រូវបានឃាត់ខ្លួន ក្នុងនោះមានលោក អ៊ូច ឡេង ដែលបានឈ្នះពានរង្វាន់វីរជនបរិស្ថានពិភពលោក (Goldman Environmental Prize) ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសុក្រនៅក្នុងដែនជម្រកសត្វព្រៃខេត្តក្រចេះ ។ សម្ភារៈដែលអាជ្ញាធរបានដកហូតយកពីអ្នកទាំង៥នាក់ ដើម្បីធ្វើជា”ភស្ដុតាង” រួមមាន ផ្ទាំងបដាផ្សព្វផ្សាយដែលសរសេរថា “សូមជួយថែរក្សាព្រៃឈើយើង” ម៉ាស៊ីនថត ឧបករណ៍ចាប់ទីតាំង (GPS) និងអង្គចងចាំ ដែលសកម្មជនទាំងនេះបានអះអាងថា មានភស្តុតាងនៃការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។
ច្បាស់ណាស់ថា សម្ភារៈទាំងនេះមិនមែនជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសណាមួយទេ ។ ផ្ទុយទៅវិញ សម្ភារៈទាំងនេះបង្ហាញថាសកម្មជនទាំង៥នាក់ រួមមាន លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក ម៉ាន ម៉ាត់ លោក ហេង រ៉ុន និងលោក តង ជាង កំពុងតែធ្វើការដើម្បីការពារព្រៃឡង់ពីការកើនឡើងនៃការកាប់បំផ្លាញព្រៃចុងក្រោយនេះ ក៏ដូចជាចងក្រងឯកសារជាភស្តុតាងនៃការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅតំបន់នោះ ។
ក្រសួងបរិស្ថានបានចោទប្រកាន់អ្នកទាំង៥នាក់ថា “បានចូលក្នុងតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាត” ។ ការចោទប្រកាន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់នៅកម្ពុជា ។ ការបដិសេធមិនឱ្យចូលទៅកាន់តំបន់ការពារធម្មជាតិគឺអាចធ្វើឡើងសម្រាប់តំបន់ជាក់លាក់ដែលបានកំណត់រួចរាល់ថាជា “តំបន់ស្នូល” ដែលព្រៃឡង់មិនទាន់ត្រូវបានកំណត់ទេ ។ ជារឿងគួរឱ្យសោកស្ដាយ នេះមិនមែនជាលើកទីមួយទេដែលក្រសួងបានបដិសេធសកម្មជនការពារព្រៃឈើ មិនឱ្យចូលក្នុងដែនជម្រកសត្វព្រៃនេះដូចធម្មតា ។
កាលពីខែកុម្ភៈ ឆ្នាំមុន មន្រ្តីក្រសួងបរិស្ថានបានបញ្ឈប់ព្រះសង្ឃ សមាជិកសហគមន៍ និងសកម្មជនបរិស្ថាន រាប់រយនាក់នៃបណ្ដាញសហគមន៍ព្រៃឡង់ ពីការចូលទៅកាន់ព្រៃឡង់ ដើម្បីប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំ ដោយអះអាងថា អ្នកទាំងនោះមិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់តំបន់ការពារធម្មជាតិទេ ។ រយៈ
ពេលមួយខែក្រោយមក មន្រ្តីមូលដ្ឋានបានឃាត់ខ្លួនសកម្មជនការពារព្រៃឈើចំនួន៤នាក់រួមមាន លោក អ៊ូច ឡេង និងលោក ម៉ាន ម៉ាត់ ដែលកំពុងធ្វើរបាយការណ៍ស៊ើបអង្កេតពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅព្រៃឡង់ ។ ការចាប់ខ្លួនទាំងនេះកើតឡើងបន្ទាប់ពីពួកគាត់ត្រូវបានវាយដំដោយសន្តិសុខធ្វើការឱ្យ ក្រុមហ៊ុនស៊ីងបាយអូថេក ជាក្រុមហ៊ុនដែលមានដីសម្បទាន ៣៤០០០ ហិចតា ស្ថិតនៅជាប់ដែនជម្រកសត្វព្រៃព្រៃឡង់ និងត្រូវបានរងការចោទប្រកាន់ពីសំណាក់សមាជិកសហគមន៍មូលដ្ឋាន ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ។
ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិគឺជាបញ្ហាកើតមានឥតឈប់ឈរមួយនៅកម្ពុជា ហើយយើងត្រូវការជាខ្លាំងនូវការចូលរួមរបស់មនុស្ស និងស្ថាប័នផ្សេងៗគ្នា រួមមានក្រសួងបរិស្ថាន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងអង្គការនៅក្នុងកម្រិតសហគមន៍មូលដ្ឋាន ដើម្បីធ្វើការដោយសេរី និងឯករាជ្យ ក្នុងការការពារព្រៃឈើដែលនៅសេសសល់របស់យើងទាំងអស់គ្នា ។
យើងខ្ញុំ សូមសម្ដែងការសោកស្ដាយ ដែលក្រសួងបានចូលរួមនៅក្នុងយុទ្ធនាការនៃការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងសកម្មជនការពារព្រៃឈើដ៏មានប្រជាប្រិយភាពមួយចំនួននៅក្នុងប្រទេស ។ ដោយការពិនិត្យមើលជារួម សកម្មភាពទាំងនេះ ក៏ដូចជាផែនការដែលទើបត្រូវបានរាយការណ៍ថ្មីៗនេះ ក្នុងការសាងសង់ បណ្ដាញខ្សែអគ្គីសនី និងផ្លូវអមបណ្ដាញនោះ ដោយឆ្លងកាត់ចំណុចសំខាន់នៃព្រៃឡង់ ពិតជាធ្វើឱ្យយើងខ្ញុំមានការព្រួយបារម្ភជាខ្លាំង ។
ព្រៃឡង់គឺត្រូវបានកំណត់ជា “តំបន់ការពារធម្មជាតិ” ផ្អែកតាមច្បាប់កម្ពុជា ។ សកម្មជនទាំង៥នាក់ដែលត្រូវបានឃាត់ខ្លួន ក៏ដូចជាយើងខ្ញុំទាំងអស់គ្នា គ្រាន់តែចង់ឃើញដែនជម្រកសត្វព្រៃ នៅរក្សាស្ថានភាព ជា “តំបន់ការពារ” ដូចដែលច្បាប់បានកំណត់ ។ យើងខ្ញុំ សូមស្នើសុំដោយទទូចដល់ក្រសួងបរិស្ថាន ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះសកម្មជន និងគោរពសិទ្ធិរបស់គ្រប់ភាគីទាំងអស់ដែលមានបំណងចង់ឃើញ ព្រៃឡង់ ត្រូវបានអភិរក្ស និងការពារ ឱ្យបានយូរអង្វែងបន្តទៀត ៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
- ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
- សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
- សហគមន៍អមលាំង (កំពង់ស្ពឺ)
- សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
- សហគមន៍បឹងប្រាំ (បាត់ដំបង)
- អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
- សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
- សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
- សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- សហភាពការងារកម្ពុជា (CLC)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
- បណ្តាញយុវជនកម្ពុជា (CYN)
- បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
- អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- សហគមន៍ដីធ្លីជីខលើ (កោះកុង)
- សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- សហគមន៍ដក់ពរ (កំពង់ស្ពឺ)
- អង្គការសមធម៌កម្ពុជា (EC)
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
- សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
- សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
- សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
- សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
- សហគមន៍ដីធ្លីខេត្តប៉ៃលិន
- សហគមន៍ឡពាង (កំពង់ឆ្នាំង)
- សហគមន៍មានជ័យ (ស្វាយរៀង)
- មាតាធម្មជាតិកម្ពុជា (MNC)
- Not 1 More (N1M)
- សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
- អង្គការស្ពានសន្តិភាព (PBO)
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
- សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- សហគមន៍ភ្នំក្រោម (សៀមរាប)
- អង្គការពន្លកខ្មែរ (PKH)
- សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
- សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
- សហគមន៍ព្រៃឡង់ (កំពង់ធំ)
- សហគមន៍ដីធ្លីព្រៃពាយ (កំពត)
- សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
- សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
- អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
- សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
- សហគមន៍សាមគ្គីសង្កែពីរមានរឹទ្ធិ (ព្រះវិហារ)
- សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លីតានូន (កោះកុង)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
- សហគមន៍ថ្មដា (ពោធិ៍សាត់)
- សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
- អង្គការតម្លាភាពកម្ពុជា (TI)