សេចក្តីថ្លែងការណ៍រួម របាយការណ៍ឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា

សេចក្តីថ្លែង​ការណ៍​រួម​

​របាយការណ៍ឆ្នាំ២០២៣​ ស្តីពី​ការ​ឃ្លាំមើល​សេរីភាពមូលដ្ឋាន​នៅ​កម្ពុជា

ចេញ​ផ្សាយ​​ដោយ​ សមាគមការ​ពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​

និង​មជ្ឈមណ្ឌល​សាមគ្គីភាព

ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៤

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(«អាដហុក»​) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») និងមជ្ឈមណ្ឌលសាមគ្គីភាព ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលផលិតដោយ​គម្រោង​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន («គម្រោង​»)​។ របាយការណ៍​នេះ​លើក​ឡើង​ពិស្តារ​អំពីទិដ្ឋ​ភាព​នៃ​​​ការ​អនុវត្ត​សេរីភាព​ខាងការ​បង្កើត​សមាគម​ សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​ («សេរីភាព​មូលដ្ឋាន»​) នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣។ លោក​អ្នក​អាច​ទាញ​យក​របាយការណ៍​ប្រចាំ​ឆ្នាំ២០២៣ នេះជា ភាសាខ្មែ និង​អង់គ្លេស ​តាម​រយៈតំណ​ទីនេះ​។

ការ​វិវឌ្ឍសំខាន់ៗ​ ដែល​ត្រូវ​បាន​ចងក្រង​នៅ​ក្នុង​ឆ្នាំ២០២៣ រួមមាន៖

  • អនុក្រឹត្យចំនួនបីដែលអាច​​ប៉ះពាល់​ដល់​លទ្ធភាព​របស់ពលរដ្ឋ​​ក្នុងការ​អនុវត្ត​សេរីភាព​មូលដ្ឋាននិងសិទ្ធិឯកជនភាព និងច្បាប់ដែលអនុម័តថ្មីៗដែលមានគោលបំណងប្រហាក់ប្រហែលគ្នា។
  • មានការកើនឡើង១១% នៃហេតុការណ៍រឹតត្បិត និងរំលោភបំពានសេរីភាពមូលដ្ឋានបើប្រៀបធៀបនឹងឆ្នាំ២០២២។
  • ការរាយការណ៍ក្នុងចំណោមថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពក្នុងការ​រឹត​ត្បិតខ្លួនឯងបានថយចុះបន្តិច​​ ប៉ុន្តែតួលេខនៅតែមានកម្រិតខ្ពស់គួរព្រួយបារម្ភ។
  • ការដកហូតអាជ្ញាប័ណ្ណសារព័ត៌មានរួមមានវិទ្យុសំលេងប្រជាធិបតេយ្យ “វីអូឌី” និង
  • ​ពលរដ្ឋ​កាន់តែមានជំនឿ​​ថា ពួកគេពុំមាន​សេរីភាព​ក្នុងការ​អនុវត្ត​សេរីភាពខាងការបញ្ចេញមតិ​របស់​ខ្លួននៅទីសាធារណៈ​។

សេរីភាព​ខាង​​សមាគម ​​ការ​ជួប​ប្រជុំ​ និង​ការ​បញ្ចេញ​មតិ​​ គឺ​ជាមូលដ្ឋានគ្រឹះក្នុងការធានា​ដល់​ការ​​អនុវត្ត​សិទ្ធិ​មនុស្ស​​ទាំង​អស់​​ និង​មាន​សារៈសំខាន់ខ្លាំងណាស់ដែលជួយ​​​​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន​​។ សេរីភាព​មូលដ្ឋាន​នេះជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​​ចូលរួម​សកម្មភាព​នានា និង​នាំ​មក​នូវ​ការ​វិវឌ្ឍ​សង្គម​​ជាវិជ្ជមាន​។ របត់​នៃការរឹតត្បិត និងរំលោភបំពានលើការអនុវត្តសេរីភាពមូលដ្ឋាននៅ​​ក្នុង​ឆ្នាំ២០២៣ ​មានសញ្ញាណគួរ​​ឱ្យព្រួយ​​​បារម្ភ​ ​ខណៈប្រទេស​កម្ពុជា​មាន​​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ដែល​​ការ​អនុវត្ត​សេរីភាព​មូល​ដ្ឋាន​មាន​សារៈសំខាន់​ធានា​ឱ្យមាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ​ និង​យុត្តិធម៌។

របាយការណ៍​ចុង​ក្រោយ​របស់គម្រោង​ឃ្លាំមើល​សេរីភាព​មូល​ដ្ឋាន​នៅ​កម្ពុជា​នេះ ​បានកត់ត្រា​ហេតុការណ៍​ចំនួន​២៦២ តាមបណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ ការរាយការណ៍ពីហេតុការណ៍​មានចំនួន ៣៧១ ហេតុការណ៍ ការ​ស្ទង់​មតិ​ជាមួយ​សាធារណជន​ចំនួន ​១,០០៥ នាក់ នៅ​ទូទាំង​២៥ រាជធានីខេត្ត​ ​ និង​ការ​​ស្ទង់មតិ​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព​ចំនួន​ ១៥៩ នាក់​។ គម្រោងបាន​កត់​ត្រា​ករណី​នៃ​ការ​រឹត​ត្បិត​លើ​សេរីភាព​មូល​ដ្ឋាន​នៅ​គ្រប់​ខេត្តរាជធានី​ ដោយការ​​រឹត​ត្បិត​ខ្លាំង​ជាង​គេ​គឺកើត​ឡើង​នៅ​រាជធានីភ្នំពេញ។​ ​

តាម​រយៈការ​ផ្តល់​ទឡ្ហីករណ៍​ដែល​មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់​​​ អំពី​ស្ថាន​ភាពនៃ​​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជានេះ​​ គម្រោង​សេរីភាពមូលដ្ឋាន​​​មាន​បំណង​ផ្តល់នូវ​មូលដ្ឋាន​សមា្រប់​ពិចារណាផ្អែកលើ​ព័ត៌មានដែល​ប្រមូល​បាន​​​ប្រកបដោយ​បរិយាបន្ន​ និង​ការ​ពិភាក្សា​ច្បាស់លាស់​​ដើម្បីធ្វើ​​ឱ្យ​ច្បាប់​ជាតិអនុលោម​​ជាមួយ​ច្បាប់    អន្ត​រជាតិ​។ គម្រោង​សេរីភាពមូលដ្ឋាន ​ស្នើ​ឱ្យ​មាន​វិធាន​ការក្នុង​ន័យ​​ស្ថាបនាឆ្ពោះ​ទៅ​រក​ការ​បង្កើត​លក្ខខណ្ឌ​ចាំបាច់​នានាសម្រាប់​​​សង្គម​ស៊ីវិល​ដើម្បី​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រីកចម្រើនទៅ​បាន​៕

សម្រាប់ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

លោក នី សុខា ប្រធានសមាគមអាដហុក តាមរយៈអ៊ីម៉ែល sokhany@adhoccambodia.org ឬ ទូរស័ព្ទ: + ៨៥៥ (០) ៨៦ ៣៧៤ ៦៦៦

អ្នកស្រី ប្រាក់ ចាន់ម្លី អ្នក​សម្រប​សម្រួល​គម្រោង​សេរីភាព​មូលដ្ឋាន ​នៃ ម.ស.ម.ក តាម​រយៈអ៊ីម៉ែល៖ chanmly.prak@cchrcambodia.org ឬ ទូរស័ព្ទៈ + ៨៥៥ (០) ៧៧ ៦៩១​ ១៣១ ។

លោក យឹម សេរីវឌ្ឍនៈ មន្ត្រី​កម្ម​វិធី​ជាន់ខ្ពស់ផ្នែកកម្មវិធីនៃមជ្ឈមណ្ឌល​សាមគ្គីភាព តាម​រយៈអ៊ីម៉ែល៖ vathanak@solidaritycenter.org ឬ ទូរស័ព្ទៈ + ៨៥៥ (០)៩២ ៥៥៣ ៧៧៨។

ទាញយក៖2023 Fundamental Freedoms Monitoring Report-KHM