សេចក្តីថ្លែង​ការណ៍​រួម ​រយៈពេល​ ៤ឆ្នាំកន្លង​ទៅ​ហើយ​ ​ពុំទាន់មាន​ការ​ស៊ើប​អង្កេតដោយ​​ប្រសិទ្ធភាព​​ក្នុង​ករណី​ឃាតកម្ម​លើលោក​បណ្ឌិត​ កែម ឡី

រាជធានីភ្នំពេញ​ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០

សេចក្តីថ្លែង​ការណ៍​រួម
​រយៈពេល ​៤ឆ្នាំកន្លង​ទៅ​ហើយ​ ​ពុំទាន់មាន​ការ​ស៊ើប​អង្កេតដោយ​​ប្រសិទ្ធភាព​​ក្នុង​ករណី​ឃាតកម្ម​លើលោក​បណ្ឌិត​ កែម ឡី

ត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដោយ​មានការចូលរួមពីអង្គការ​សហប្រជាជាតិ​

 

             នៅ​ថ្ងៃ​គម្រប់​ខួប​ ​៤ ឆ្នាំ​ នៃឃាត​កម្ម​លើលោក​បណ្ឌិត​ កែម​ ឡី ​អ្នក​វិភាគ​នយោបាយ​និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដែលមាន​កិត្តិនាមនេះ​​ យើង​ខ្ញុំ​ជាអង្គការ​សង្គម​ស៊ីវិល​ចំនួន ៣០ ដែលមាន​រា​យ​នាម​ខាង​ក្រោម​ សូមអំពាវ​នាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​ និង​ឥត​លម្អៀង​មួយ​ដើម្បី​​ស៊ើប​អង្កេត​ដោយ​ប្រសិទ្ធភាព​ និង​អាច​ជឿទុកចិត្ត​បាន​ ​​នៅ​ក្នុង​​ករណីឃាតកម្ម​​លើ​លោក​បណ្ឌិត ​កែម​ ឡី ដែល​អូស​បន្លាយ​ពេល​យូរ​​ទៅហើយ។ យើង​ខ្ញុំ​ក៏​ស្នើ​ដល់អាជ្ញា​ធរសូម​​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ និង​ការយាយី​ទៅលើ​បុគ្គល​នានា​ដែល​​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​ដោយ​សន្តិវិធី។

          នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត​​ កែម ឡី ត្រូវបានខ្មាន់​កាំភ្លើង​​បាញ់សម្លាប់ខណៈលោក​កំពុងចូលរួម​ពិសារ​កាហ្វេក្នុង​​ស្ថានីយប្រេង​ឥន្ធនៈមួយនៅ​កណ្តាល​រាជធានីភ្នំពេញ​។ ដោយ​ពុំមាន​ធ្វើការ​ស៊ើប​អង្កេត​ជាបន្ទាន់ ​ហ្មត់ចត់​និង​ដោយ​ឯក​រាជ្យ​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​​បុរស​ម្នាក់ឈ្មោះ​ អឿត​ អាង​ ដែលបង្ហាញ​​​ឈ្មោះ​​ខ្លួន​ឯង​ថា “ជួប​សម្លាប់” និង​ “សារភាព” ​ថា ខ្លួន​​ជាអ្នក​សម្លាប់លោក​បណ្ឌិត​ កែម​ ឡី ។ បន្ទាប់ពីការ​ជំនុំជម្រះក្តីរយៈពេល​​កន្លះ​ថ្ងៃ​នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០១៧ ជាការ​ជំនុំជម្រះដែល​​​រង​ការ​រិះ​គន់​យ៉ាង​ច្រើន​ដោយសារ​ពុំស្រប​ជាមួយ​បទដ្ឋាន​ជំនុំជម្រះ​ដោយ​យុត្តិធម៌អន្ត​រជាតិ​នោះ តុលាការ​បាន​រក​ឃើញ​ថាលោក​ អឿ​ត អាង​ មាន​ពិរុទ្ធភាព​ពីបទ​ឃាតកម្ម​ និង​បាន​ផ្តន្ទាទោស​គាត់ដាក់​ពន្ធនាគារ​​អស់មួយ​ជីវិត។ នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ តុលាការ​កំពូល​បាន​តម្កល់​សាល​ក្រម​កាត់ទោសនេះ​​។​

          ចាប់​តាំង​ពីឆ្នាំ​២០១៦ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​បាន​អំពាវនាវ​ជា​បន្តបន្ទាប់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ជាបន្ទាន់ ដោយ​មិន​លម្អៀង​ និង​មានប្រសិទ្ធ​ភាព​នៅ​ក្នុង​​ករណី​ឃាតកម្ម​នោះ​ ដោយ​មាន​គូស​បញ្ជាក់ទាក់ទងនឹង​ការ​ពិនិត្យ​​លើ​ជន​ដែល​មាន​ចំណែក​ត្រូវ​ទទួល​ខុស​ត្រូវក្នុង​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​ដទៃ​ផ្សេង​ទៀត​ក្រៅ​ពី​ជន​ដៃដល់ ស្រប​តាម​បទដ្ឋាន​អន្ត​រជាតិ​ដែលមាន​ចែង​ក្នុង​កតិកាសញ្ញាអន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​(ក.អ.ស.ព.ន)។ គោលការណ៍​នៃអង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ទប់ស្កាត់​ដោយប្រសិទ្ធភាព​លើ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ដោយ​បំពាន​ និង​​ដោយ​ឆាប់រហ័ស​​ ក៏​ដូ​ចជា ពិធីសារ​បន្ថែម​រដ្ឋ​មីនីសូតា​ស្តីពី​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​ក្រៅ​ច្បាប់ បានគូសបញ្ចាក់យ៉ាងច្បាស់ដល់​តួនាទី​របស់​រដ្ឋាភិបាល​ក្នុងការ​ស៊ើប​អង្កេត​ការ​ស្លាប់​ក្រៅ​ច្បាប់នានា ព្រម​ទាំង​អោយ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​នៅពេល​ដែល​រដ្ឋ​នានា ដូច​ជា​ប្រទេស​កម្ពុជា​ជាដើម​ ដែលបញ្ហា​នីតិវិធីប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុងការ​​ស៊ើប​អង្កេត​អនុលោម​តាម​បទ​ដ្ឋាន​អន្ត​រជាតិនៅមានកម្រិត​នោះ​។

          រហូត​មក​ទល់នឹងពេល​នេះ រដ្ឋាភិបាល​កម្ពុជាពុំ​បាន​​​ចាត់វិធាន​ការ​ណាមួយ​ក្នុង​ការ​បង្កើត​គណៈកម្មការ​​ស៊ើប​អង្កេត​នោះ​ទេ​ ដូច​ជា​ស្ថាប័ន​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​ និងឥត​លម្អៀង​ជាដើមនោះ​។ ដោយសារកង្វះ​ឆន្ទៈរបស់​រដ្ឋាភិបាល​ក្នុងការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ក្នុង​ករណី​ឃាតកម្ម​លើ​​លោក​បណ្ឌិត​ កែម​ ឡី ​និង​កង្វះ​ទំនុក​ចិត្តពី​សំណាក់​​សង្គម​ស៊ីវិលលើ​​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​ គណៈកម្មការ​​នោះ​​គួរ​តែត្រូវ​បាន​បង្កើត​ឡើង​​ដោយមាន​​ការគាំទ្រ​ពីសំណាក់​​អង្គការ​សហប្រជាជាតិ​និង​មាន​ការចូលរួម​ពី​អ្នក​ជំនាញ​ឯករាជ្យ​។

          ការ​បន្ត​មាន​វិសមាន​ចិត្តរបស់​រដ្ឋាភិបាលចំពោះ​ករណី​របស់​លោក​បណ្ឌិត​ កែម​ ឡី ​នេះ បង្កើននូវ​​វិមតិសង្ស័យ​ថាការ​ធ្វើ​ឃាត​​លោកនោះគឺ​​ជាការ​សង​សឹក ​ដោយសារ​លោកបំពេញ​ការ​ងារ​ជាអ្នក​ការពារ​សិទ្ធិ​មនុស្ស​។ លោក​បណ្ឌិត ​កែម​ ឡី បានធ្វើ​ការ​​វិភាគ​បញ្ហា​ទាក់​ទង​នឹងសង្គម​​និង​នយោបាយ​ជារឿយ​ៗ។ លោក​ត្រូវបាន​ឃាតករសម្លាប់ ​ ​បន្ទាប់ពីលោកបាន​​ផ្តល់សម្ភាសក្នុង​កម្ម​វិធី​វិទ្យុ​​មួយអំពី​​របាយការណ៍​បែប​ស៊ើប​អង្កេតទាក់​ទង​នឹង​ការ​ក្តោ​ប​ក្តាប់​សេដ្ឋកិច្ចនៃខ្សែស្រឡាយ​អភិជន​ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​អន្ត​រជាតិមួយ​ឈ្មោះ ក្លូប៊ល​ វីត​ណេស​    ដែល​បរិយាយ​

ពិស្តារ​អំពី​អំពើ​ពុក​រលួយ​​ដ៏រីក​សុះ​សាយ​នៅ​កម្ពុជា​ ដោយ​មាន​​ភ្ជាប់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហើយ​និង​​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ។​

          រយៈពេល​ខ្លីបន្ទាប់ពី​មរណៈភាព​រូប​លោក​ ភរិយា​របស់​លោក​ បណ្ឌិត​ កែម​ឡី ដែលនៅពេលនោះ​មាន​គភ៌​ និង​កូន​ប្រុស​បួន​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពីប្រទេស​កម្ពុជា​ដោយ​បារម្ភ​អំពីសុវត្ថិភាព​ដល់​អាយុជីវិត​។ ទីបំផុត​​ប្រទេស​អូ​ស្ត្រាលី​បានផ្តល់​សិទ្ធិ​រស់​នៅដល់ពួកគាត់​បន្ទាប់ពីរងការ​គំរាម​កំហែង​ជាច្រើន​ដល់​ជីវិត​ ខណៈពួកគាត់​​រស់នៅ​ដោយ​លាក់​បាំងអស់​រយៈពេល​ជាង​មួយ​ឆ្នាំ​នៅ​ប្រទេស​ថៃ។

          បន្ទាប់ពី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី អាជ្ញា​ធរ​កម្ពុជា​ បាន​បន្ត​ឃ្លាំមើល​ យាយី​ ​រារាំង​ ការ​រៀប​ចំ​ពិធី​រំឭក​ខួប​នៃ​មរណៈភាព​របស់​លោក​ទៀត​ផង​។ ជាងនេះ​ទៀត​​ អាជ្ញាធរ​បា​ន​បង្ខិត​បង្ខំ​អោយ​បុគ្គល​នា​នា​ដែល​ពាក់​អាវ​មាន​​សម្រង់​សម្តី​ ឬរូប​ភាព​របស់​លោក​បណ្ឌិត​ កែម​ ឡី ដោះ​ចេញ​ពី​ខ្លួន​ ឬបិទបាំងលើអាវនោះ​។​ ទង្វើ​ទាំងនេះ​គឺ​ជាការ​រឹត​ត្បិត​ដោយ​បំពាន​លើ​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ យើងខ្ញុំ​យល់​ឃើញ​ថា​ទង្វើទាំងនេះ​គឺជាការ​បំបិទ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ និង​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី​នេះ​។

          នៅខែកក្កដា ឆ្នាំ​២០១៩ រយៈពេល​១ថ្ងៃនៅ​​មុន​ថ្ងៃគម្រប់​ខួប ៣ ឆ្នាំ ​នៃ​មរណៈភាព​របស់​លោក​បណ្ឌិត​ កែម​ ឡី អាជ្ញា​ធរ​បាន​ចាប់​ខ្លួន​សកម្មជន​យុវជន​ គង់​ រ៉ៃយ៉ា​ ព្រមទាំង​សមាជិក​គ្រួសារ​របស់​លោក​ចំនួន​៣នាក់ដោយ​សារ​ការ​លក់​អាវ​យឺត​ដែល​មាន​រូប​ភាព​ និង​សម្រង់​សម្តី​ដ៏​​​ល្បី​ល្បាញ​របស់​លោក​បណ្ឌិត​កែម ឡី ចំនួន​ពីរ គឺ « ជូត​ទឹក​ភ្នែក​របស់​អ្នក​ រួច​បន្ត​ដំណើរ​ទៅមុខ​ទៀត» និង​ «បើទោះ​ជា​អ្នក​មិន​ធ្វើ​អ្វី​សោះ​ ក៏​អ្នក​គង់​រង​គ្រោះ គ្រាន់​តែពុំទាន់ដល់វេន​អ្នក​ប៉ុណ្ណោះ»។​ តែយ៉ាងណាក្តី នគរបាល​បាន​ដោះលែង​សមាជិក​គ្រួសារ​របស់​លោក​ដោយ​ពុំមាន​ការ​ចោទប្រកាន់នោះទេ​បន្ទាប់​ពីពួកគេ​បាន​ចុះហត្ថលេខា “សន្យា” ថា​ពួកគេ​នឹង​បញ្ឈប់​សកម្ម​ភាព​តវ៉ា​បែប​នេះ​ទៀត​នៅ​ពេ​ល​អនាគត រីឯ​យុវជន​រ៉ៃយ៉ា​ នៅ​បន្ត​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ក្រោមការ​ចោទប្រកាន់ពីបទ​ញុះ​ញង់​​ដែល​មាន​ហេតុ​ផល​នយោបាយ​អស់​រយៈពេល​ជិត​ប្រាំខែ​ រហូត​ដល់ថ្ងៃអាជ្ញា​ធរ​​ដោះលែង​លោក​ឱ្យ​​នៅ​ក្រៅ​ឃុំនៅ​ថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៩។ នៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចោទប្រកាន់ ​គង់​ រ៉ៃយ៉ា​ ដោយ​កំបាំងមុខ​ពីបទ​ “ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ” ក្រោម​មាត្រា​ ៨៨ មាត្រា​ ៤៩៤ និង​មាត្រា​៤៩៥ នៃក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​ និង​កាត់ទោស​ដាក់ពន្ធនាគារ​រយៈពេល​២ឆ្នាំ ដោយ​ទោស​ដែល​នៅ​សល់​របស់​លោកត្រូវបាន​ព្យួរ​ដោយសារ​បានអនុវត្ត​ទោស​នៅ​ពេល​​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​​បណ្តោះ​អាសន្ន​។ លោក​ គង់​ រ៉ៃ​យ៉ា​ ធ្លាប់​ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគាររយៈពេល​១៨ ​ខែ ក្នុង​ឆ្នាំ២០១៥ ក្រោម​ការ​ចោទប្រកាន់ពីបទ​ញុះ​ញង់​ដែល​ពុំផ្អែក​លើ​អង្គហេតុ​ច្បាស់លាស់​ទាក់​ទង​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​​ហ្វេសប៊ុក​​​រិះ​គន់​រដ្ឋាភិបាល។

          នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរ​បាន​ចាប់​ខ្លួនសកម្ម​ជន​​និស្សិត​ម្នាក់​ទៀត​ឈ្មោះ សួង​ នាគព័ន្ធ​ ដោយ​សារ​កាន់​បដា​មួយ​សរសេរ​ថា​ “ បញ្ឈប់ការ​សម្លាប់​ក្រៅ​ច្បាប់” នៅ​ក្បែរ​ស្ថានីយប្រេង​ឥន្ធនៈទី​ដែល​លោក​បណ្ឌិត ​កែម​ ឡី ត្រូវឃាតករ​សម្លាប់។ អាជ្ញាធរ​បាន​ចោទប្រកាន់​យុវនិស្សិត​រូប​នោះ​ពី​បទ​ញុះ​ញង់​ និង​ឃុំ​ខ្លួនលោក​ជា​បណ្តោះ​អាសន្ន​ ហើយ​លោក​បន្ត​ស្ថិតក្នុងការ​ឃុំឃាំង​រហូត​ដល់ថ្ងៃទទួល​បាន​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ២០១៩។ នៅ​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ​២០១៩ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ផ្តន្ទាទោស​ដោយ​កំបាំង​មុខ​ពីបទ​ “ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​” ក្រោម​មាត្រា​ ៤៩៤ និង​មាត្រា​ ៤៩៥ នៃ​ក្រមព្រហ្ម​ទណ្ឌ​កម្ពុជា​ និង​កាត់​ទោស​លោក​ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ លោក​ពុំធ្លាប់ត្រូវបាន​ចាប់​ខ្លួន​ឡើង​វិញ​នៅ​ឡើយ​។ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរ​បាន​ចាប់​ខ្លួន​យុវជន​ជាបង​ប្អូន​ភ្លោះ​ពីរនាក់​ ឈ្មោះ ជុំ ហួត និង​ជុំ ហួរ​ ដោយសារ​ប៉ុន​ប៉ង​យក​​បាច់​ផ្កាទៅ​តម្កល់​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈនោះ​ដូច​គ្នា​។ អាជ្ញា​ធរ​បាន​ដោះ​លែង​យុវជន​ទាំងពីរនាក់នោះវិញ​នៅ​ថ្ងៃដដែល​។

          នៅមុន​ថ្ងៃគម្រប់​ខួប​៤ឆ្នាំ​នៃមរណៈភាព​របស់​លោក​បណ្ឌិត​ កែម​ ឡី អាជ្ញាធរ​បាន​ចាប់​ផ្តើម​មាន​វិធានការ​រឹត​ត្បិត​ដើម្បី​ទប់​ស្កាត់​ ​ ​ការ​គោរព​​​វិញ្ញាណក្ខន្ធរបស់​លោកដោយ​សន្តិវិធី។​ នៅ​ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នគរបាល​បាន​រារាំងយុវជន​មួយ​ក្រុម​ ក្នុង​នោះ​មាន​ទាំង​ព្រះសង្ឃផង​ក្នុងការ​រៀប​ចំ​ពិធី​បង្សុកូលដើម្បី​​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត​តាម​ទំនៀម​ទម្លាប់នៃព្រះ​ពុទ្ធសាសនា​នៅស្ថានីយ​ប្រេង​ឥន្ធនៈទីដែល​លោកបណ្ឌិត​ត្រូវ​បាន​ធ្វើ​ឃាត​ ។ អាជ្ញាធរ​​​បាន​ឃាត់​ខ្លួន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​ពាក់​អាវយឺត​ដែល​មានបង្ហាញ​មុខ​​​របស់​លោក​បណ្ឌិត​ កែម ឡី ដើម្បីសាកសួរ។ អាជ្ញាធរ​បាន​ដោះលែង​គាត់​វិញ​បន្ទាប់ពីបាន​​ចុះ​កិច្ច​សន្យា​លើ​លិខិត​មួយ​ច្បាប់។

          ការងារ​របស់​​លោក​បណ្ឌិត​ កែម​ ឡី​ ហើយ​និង​​ជីវិត​របស់​លោកជា​និមិត្តរូប​នៃការ​គោរព​សិទ្ធិ​ពលរដ្ឋ​ វប្បធម៌ សេដ្ឋកិច្ច​ នយោបាយ និង​សង្គម​។ លោក​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់ពីសារៈសំខាន់​នៃការ​ចូលរួម​ដោយ​ស្មើ​ភាព​ និង​ដោយ​សេរីរបស់​ប្រជាពល​រដ្ឋ​ក្នុង​នយោបាយ​ ហើយ​ជន​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុងការចង​ក្រង​បណ្តាញ​ ការ​បញ្ចេញ​មតិ​ ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ជួប​ប្រជុំ​ជា​សាធារណៈដោយ​សន្តិវិធី។ ការ​បន្ត​ការ​យាយីរបស់​រដ្ឋាភិបាល​កម្ពុជា​​ទៅលើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សកម្ម​ជន​ការ​ងារ​ ព្រះ​សង្ឃ អ្នក​សារព័ត៌មាន​ សមាជិក​នៃ​គណបក្ស​ជំទាស់​ និង​អ្នក​រិះ​គន់​រដ្ឋាភិបាល​ ឆ្លុះ​បញ្ចាំង​​នូវ​វប្បធម៌​និទណ្ឌ​ភាព​ជាលក្ខណៈប្រព័ន្ធ​ដែល​ការ​ពារ​ជន​ដែល​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ កែម ឡី និង​ជាការ​បង្ក្រាប​លើ​ការ​បញ្ចេញ​មតិ​ ឬព័ត៌មាន​ដែលរិះ​គន់​លើ ​រដ្ឋាភិបាល​​ទៅវិញ​។

          យើង​ខ្ញុំជាអង្គការ​សង្គម​ស៊ីវិលចំនួន ៣០​ដែលមាន​រាយនាម​ខាង​ក្រោម​ នឹង​នៅ​តែ​បន្តការ​​អំពាវនាវ​អោយ​មានការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​ ឥតលម្អៀង​ មាន​ប្រសិទ្ធភាព និង​ហ្មត់​ចត់​ក្នុង​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី រហូត​ទាល់តែ​ជន​ទាំង​ឡាយ​ដែល​មាន​ចំណែក​ទទួល​ខុសត្រូវ​ចំពោះឃាតកម្ម​លើ​លោក​ត្រូវបាន​នាំខ្លួន​មក​ផ្តន្ទាទោស ​។

អង្គការ​សង្គម​ស៊ីវិល​ដែលគាំទ្រ​សេចក្តី​ថ្លែង​ការណ៍​នេះ មាន​រាយនាម​ដូច​ខាងក្រោមៈ

អង្គការលើកលែងទោសអន្តរជាតិ
អង្គការមាត្រា១៩
អាស៊ាន សមាជិកសភាដើម្បីសិទ្ធិមនុស្
បណ្តាញប្រជាធិបតេយ្យអាស៊ី
វេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្សនិងការអភិវឌ្
បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី
សម្ព័ន្ធសហជីពកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
សហព័ន្ធសហជីពកម្មករចំណីអារហារនិងសេវាកម្មកម្ពុជា
១០ សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា
១១ វិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យ
១២ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស
១៣ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស
១៤ សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ
១៥ អ្នកការពារសិទ្ធិស៊ីវិល
១៦ សម្ព័ន្ធសហគមន៍កសិករកម្ពុជា
១៧ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា
១៨ អង្គការ សមធម៌កម្ពុជា
១៩ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស
២០ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
២១ គណៈកម្មការអ្នកច្បាប់អន្តរជាតិ(ICJ)
២២ សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស
២៣ ការផ្លាស់ប្តូរសេរីភាពបញ្ចេញមតិអន្តរជាតិ
២៤ Lawyers’ Rights Watch Canada (LRWC)
២៥ មាតាធម្មជាតិកម្ពុជា
២៦ Not1More (N1M)
២៧ មជ្ឈមណ្ឌលប្រជាជនដើម្បីការអភិវឌ្ឍនិងសន្តិភាព
២៨ អង្គការតម្លាភាពអន្តរជាតិកម្ពុជា
២៩ អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម
៣០ កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន