សេចក្ដីថ្លែងការណ៍រួមស្ដីពី ការហាមឃាត់ពីសំណាក់អាជ្ញាធរចំពោះភាពសកម្មរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សព្រៃឡង់

សេចក្ដីថ្លែងការណ៍រួមស្ដីពី

ការហាមឃាត់ពីសំណាក់អាជ្ញាធរចំពោះភាពសកម្មរបស់ប្រជាពលរដ្ឋ​មូលដ្ឋានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សព្រៃឡង់

ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០

យើងខ្ញុំ​ មានរាយនាម​ដូចខាងក្រោម​ សូមសម្ដែងការ​សោកស្ដាយ ​និងហួសចិត្ត​ជាខ្លាំង​ ចំពោះការ​រឹតត្បិត​របស់អាជ្ញាធរ​ក្នុងការ​ហាមឃាត់​សមាជិក​សហគមន៍​ ព្រះសង្ឃ ​និង​សកម្មជន​​បរិស្ថាន​រាប់រយនាក់​ ដែលធ្វើដំណើរ​ចូលទៅកាន់​តំបន់ការពារ​ព្រៃឡង់ ​កាលពី​ចុងសប្ដាហ៍​មុននេះ។​ ការប្រើប្រាស់​មន្រ្តីឧទ្យានុរក្ស​ប្រដាប់​ដោយកាំភ្លើង​របស់​ក្រសួង​បរិស្ថាន​ ដើម្បីរារាំង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ ពីការ​ប្រារព្ធ​ពិធីបុណ្យ​បំបួសដើមឈើ​ប្រចាំឆ្នាំនៅក្នុងព្រៃ ​គឺជាការរឹតត្បិត​មិនសមហេតុផល​ទៅ​លើសេរីភាព​នៃការដើរហើរ​ និង​បង្អាក់​ការខិតខំ​ប្រឹងប្រែង​អភិរក្ស​ព្រៃឈើ។

​បណ្ដាញ​សហគមន៍​ព្រៃឡង់ ​បានបង្ហាញ​សាធារណជន​ឱ្យឃើញថា​ ជាអ្នកឃ្លាំមើល​ និងតស៊ូមតិ​ដោយ​មានប្រសិទ្ធភាព​ និងក្លាហានជាងគេ​ អស់រយៈពេល​ជាង២០ឆ្នាំ​ចុងក្រោយ​នេះ។​ បណ្ដាញ​សហគមន៍នេះ​មានចម្រុះ​នូវសមាជិក​សហគមន៍​ជាច្រើន​ដែលជីវិត​ និងជីវភាព​រស់នៅ​របស់អ្នកទាំងនេះ ផ្សារភ្ជាប់គ្នា​យ៉ាងខ្លាំង​ជាមួយ​ព្រៃឈើ ហើយ​អ្នកទាំងនេះ​ត្រូវការ​ចូលទៅ​កាន់តំបន់នេះ​ដើម្បីការពារព្រៃឈើដោយគ្មានការ​រឹតត្បិត​។​ ទោះបីជា​ក្រុមសហគមន៍​បានជូនដំណឹង​ទៅអាជ្ញាធរ​ពីបំណង​ក្នុងការ​ប្រារព្ធពិធីបុណ្យ​ប្រចាំឆ្នាំ​នៅក្នុងព្រៃនេះ​ក៏ដោយ ​ក៏មន្រ្តី​ក្រសួងបរិស្ថាន​បានហាមឃាត់​សមាជិក​សហគមន៍​ទាំងនេះ​មិនឱ្យ​ចូលទៅកាន់​ព្រៃឡង់​ដោយមិនបាន​ផ្ដល់អំណះអំណាង​ផ្លូវច្បាប់​សមហេតុផល​ឡើយ។ ​

លោក ហឿន ​សុភាព​ តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅខេត្តកំពង់ធំ​ បានមាន​ប្រសាសន៍ថា៖​ “កាលពីមុន​ យើងអាចចូល​ទៅព្រៃឡង់​ដោយសេរី​ដើម្បី​ធ្វើសកម្មភាព​របស់​យើង​ក្នុងការ​ការពារព្រៃនេះ”។​ លោកបាន​បន្តថា៖​ “ប៉ុន្តែថ្មីៗនេះ ​យើងមានការលំបាក​កាន់តែ​ខ្លាំង​ឡើងៗ​ ហើយ​ក្រសួង​រឹតត្បិត​សកម្មភាព​របស់​ពួកយើង​ច្រើនឡើងៗ​ផងដែរ”​។

បន្ទាប់ពី​បានបដិសេធ​មិនឱ្យ​សមាជិក​សហគមន៍​ចូលព្រៃ ​ក្រសួងបរិស្ថាន​បានសរសេរ​បង្ហោះសារនៅលើ​បណ្ដាញ​ទំនាក់ទំនង​ហ្វេសប៊ុកថា​ មាត្រា១១​នៃច្បាប់ស្ដីពី​តំបន់ការពារ​ធម្មជាតិ​ ហាមឃាត់​មិនឱ្យ​អ្នកណា​ចេញចូល​តំបន់​ការពារ​ធម្មជាតិ​ដោយ​គ្មានការ​អនុញ្ញាតទេ។​ មាត្រា១១នេះ​ សំដៅលើ​តំបន់​ដែលបាន​កំណត់​និងបែងចែករួច​ ហើយមាន​តែតំបន់​ស្នូល​ប៉ុណ្ណោះ​ដែលជា​តំបន់ការពារ​ខ្លាំងជាងគេ​ក្នុងចំណោម​តំបន់​ទាំងបួន​ ដែលតម្រូវ​ឱ្យមានការ​អនុញ្ញាត​ពីក្រសួង​មុនពេល​ចូលទៅកាន់​តំបន់ការពារធម្មជាតិ។ ប៉ុន្តែច្រើនឆ្នាំ​បន្ទាប់ពី​អនុម័ត​ច្បាប់នេះ​ក្នុងឆ្នាំ២០១៦​ មិនទាន់​មានការ​កំណត់ និងបែងចែក​តំបន់​ព្រៃឡង់​នៅឡើយទេ​ ទោះបីជាការ​កំណត់​និងបែងចែក​តំបន់ការពារ​នេះ​ត្រូវបាន​ឡើងលើក​ទឹកចិត្ត​ដោយ​ក្រុមអ្នក​អភិរក្ស​បរិស្ថាន​ក៏ដោយ ​ដោយសារ​វាជាកិច្ចការពារ​បន្ថែម​ប្រឆាំង​នឹងការ​កាប់បំផ្លាញ​ព្រៃឈើ។

​សាររបស់​ក្រសួង​ក៏សំដៅលើ ​ច្បាប់ស្ដីពី​សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​ ដែលជា​កង្វល់​លើកឡើង​ដោយ​សហគមន៍​និងអង្គការ​សង្គមស៊ីវិល​ជាង១០០​ស្ថាប័ន ​កាលពី​ដើមខែ​នេះ ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដើម្បីជំរុញឱ្យ​អាជ្ញាធរ​និរាករណ៍​ច្បាប់នេះ​ទាំងស្រុង​​ដោយសារ​តែភាពមិនច្បាស់លាស់​ និងជាឧបករណ៍​ប្រើសម្រាប់​រំលោភបំពាន​។ ​ទោះបីជា​មានការធានា​ពីក្រសួង​មហាផ្ទៃថា ​ច្បាប់ស្ដីពីសមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​ នឹងមិន​ត្រូវបាន​ប្រើសម្រាប់​រឹតត្បិត​សកម្មភាព​របស់ក្រុម​សហគមន៍​មូលដ្ឋាន​ក៏ដោយ​ ក៏ក្រសួងបរិស្ថាន​បានប្រើប្រាស់​ច្បាប់នេះ​ជាហេតុផល​ ដើម្បី​រារាំង​សកម្មភាព​អភិរក្ស​ព្រៃឈើ​ស្របច្បាប់​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់។​ ការប្រើប្រាស់​ច្បាប់ស្ដីពី​សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​ ដើម្បី​ហាមឃាត់​សមាជិក​សហគមន៍​ពីការធ្វើពិធីបុណ្យ​បំបួស​ដើមឈើ ​នៅតំបន់ព្រៃការពារ​ បង្ហាញជា​ថ្មីម្ដងទៀត​ពីផលប៉ះពាល់​នៃច្បាប់នេះ​ក្នុងទម្រង់​បច្ចុប្បន្ន។

លោក អំ សំអាត​ នាយករង​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ ​បានមាន​ប្រសាសន៍ថា៖​ “ការប្រើប្រាស់​ច្បាប់ស្ដីពី​សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​ចំពោះ​បណ្ដាញ​សហគមន៍​ព្រៃឡង់ ​គឺជាការ​រឹតត្បិត​យ៉ាងខ្លាំង ​និងមិនសមស្រប​តាមច្បាប់”។ លោកបាន​បន្ថែមថា៖​ “បណ្ដាញ​សហគមន៍នេះ​គួរត្រូវបាន​អនុញ្ញាត ​ដើម្បីធ្វើការ​សកម្មភាព​អភិរក្ស​របស់ខ្លួន​ដោយគ្មាន​ការធ្វើទុក្ខបុកម្នេញ​និងគំរាមកំហែង”។​

ចុងក្រោយនេះ ​ក្រសួងបាន​ចោទប្រកាន់​បណ្ដាញ​សហគមន៍​ព្រៃឡង់ថា​បានព្យាយាម​ប្រើប្រាស់​ “ទិន្នន័យ​ដែលមិនមានមូលដ្ឋាន​វិទ្យាសាស្ត្រត្រឹមត្រូវ”​ និង “ចងក្រង​បំប៉ោងរបាយការណ៍”។​ បណ្ដាញ​សហគមន៍​ព្រៃឡង់​បានធ្វើការ​ស្រាវជ្រាវ​ជាទៀងទាត់​ផ្អែកលើ​ភស្ដុតាង​បង្ហាញ​ពីការ​កាប់បំផ្លាញ​ព្រៃឈើ​នៅតំបន់​ការពារ​ព្រៃឡង់ ​ជាអ្វីដែល​ក្រសួង​បរិស្ថាន​គួរតែ​អបអរសាទរ​ និងយកទៅ​ប្រើប្រាស់​ ហើយមិនគួរ​ត្រូវបានរិះ​គន់​ឬបដិសេធចោល​នោះទេ។

យើងខ្ញុំយកចិត្ត​ទុកដាក់​ជាខ្លាំង​អំពី​ព្រៃឈើ​ប្រទេសកម្ពុជា​ ដែលត្រូវបាន​បាត់បង់​ជាបន្តបន្ទាប់​នៅប៉ុន្មាន​ទសវត្ស​ចុងក្រោយនេះ។​ យើងខ្ញុំ​បានដឹង​ពីបទពិសោធន៍ថា​ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមសហគមន៍​មូលដ្ឋាន​ដូចជា ​បណ្ដាញសហគមន៍​ព្រៃឡង់​គឺមានប្រសិទ្ធភាព​ជាងគេ​ក្នុងការ​អភិរក្ស​តំបន់​ព្រៃការពារ។​ យើងខ្ញុំ ​សូមលើក​ទឹកចិត្ត​ដល់ក្រសួង​បរិស្ថាន​ សូមមេត្តាអនុវត្ត​សេចក្ដី​អំពាវនាវ​របស់ក្រសួង​ចំពោះ​ប្រជាពលរដ្ឋដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ និងសូមឱ្យ​បញ្ឈប់​សកម្មភាព​នានា ​ក្នុងការបដិសេធ​ការសិក្សា ស្រាវជ្រាវ​ និងគំរាមកំហែង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​តទៅទៀត៕

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

១.​ សហគមន៍កៅពីរ (ភ្នំពេញ)

២. សហគមន៍ដីធ្លី១៩៧ (កោះកុង)

៣. សហគមន៍ដីធ្លី២៩៧ (កោះកុង)

៤. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)

៥. សហគមន៍អណ្តូងត្របែក (ស្វាយរៀង)

៦. សហគមន៍បាតខ្ទះ (ព្រះសីហនុ)

៧. សហគមន៍បឹងឈូក (ភ្នំពេញ)

៨. សហគមន៍បឹងប្រាំ (បាត់ដំបង)

៩. សហគមន៍បុរីកីឡា (ភ្នំពេញ)

១០. សហគមន៍បុស្សស្អំ (បាត់ដំបង)

១១. សហគមន៍បុស្សស្នោរ (កំពង់ចាម)

១២. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)

១៣. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)

១៤. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)

១៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

១៦. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

១៧. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)

១៨. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)

១៩. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)

២០. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

២១. សហភាព​ការងារ​កម្ពុជា​ (CLC)

២២. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

២៣. បណ្តាញយុវជនកម្ពុជា (CYN)

២៤. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

២៥. សហគមន៍ដីធ្លីចេកមាស (ស្វាយរៀង)

២៦. សហគមន៍ឆេកូ (ភ្នំពេញ)

២៧. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

២៨. សហគមន៍ដីធ្លីជីខលើ (កោះកុង)

២៩. សហគមន៍ជើងព្រៃ (កំពង់ចាម)

៣០. សហគមន៍ជាំក្រវៀន (កំពង់ចាម)

៣១. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)

៣២. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

៣៣. បណ្តាញសកម្មភាពដើម្បីសហគមន៍ (CNA)

៣៤. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)

៣៥. សហគមន៍តំបែរ (ត្បូងឃ្មុំ)

៣៦. អង្គការសមធម៌កម្ពុជា (EC)

៣៧. សហគមន៍នេសាទអភិរក្សអភិវឌ្ឍន៍ធនធានជលផលកន្លែងភេ (កំពង់ឆ្នាំង)

៣៨. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)

៣៩. សហគមន៍ព្រៃឈើ​ (រតនគិរី)

៤០. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

៤១. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)

៤២. អង្គការទស្សនៈបៃតង

៤៣. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)

៤៤. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)

៤៥. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៤៦. យុវជនជានជាតិដើមភាគតិចសម្រាប់ សហគមន៍ខេត្តរតនគិរី

៤៧. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ​ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

៤៨. សមាគមឥន្ទ្រទេវី

៤៩. សហគមន៍កំពង់សាមគ្គី (កំពត)

៥០. សហគមន៍ដីធ្លីគៀនទឹក (កោះកុង)

៥១. សហគមន៍ឃ្លាំងទឹក ៧៨ (សៀមរាប)

៥២. សហគមន៍ដីធ្លីកោះ ស្តេច (កោះកុង)

៥៣. សហគមន៍ដីធ្លី (កំពត)

៥៤. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)

៥៥. អង្គការការពារសិទ្ធិជន ជាតិដើមភាគតិច (MIRO)

៥៦. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)

៥៧. សហគមន៍ដីធ្លីមានជ័យ (ស្វាយរៀង)

៥៨. ចលនាមាតាធម្មជាតិ (MN)

៥៩. សហគមន៍ការពារធនធានធម្មជាតិ (កំពង់ឆ្នាំង)

៦០. សហគមន៍អមលាំង (កំពង់ស្ពឺ)

៦១. សហគមន៍អូរឈើទាល (ព្រះសីហនុ)

៦២. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)

៦៣. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)

៦៤. អង្គការស្ពានសន្តិភាព (PBO)

៦៥. សហគមន៍ភ្នំបាត (ភ្នំពេញ)

៦៦. សហគមន៍ភ្នំក្រោម (សៀមរាប)

៦៧. សហគមន៍ភ្នំទទឹង (កំពត)

៦៨. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)

៦៩. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)

៧០. សហគមន៍ភូមិអូរស្វាយ (បន្ទាយមានជ័យ)

៧១. សហគមន៍ភូមិសមុទ្រក្រោម (រតនគិរី)

៧២. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)

៧៣. សហគមន៍ភូមិ២២ (ភ្នំពេញ)

៧៤. អង្គការពន្លកខ្មែរ​ (PKH)

៧៥. សហគមន៍ប្រាសាក់ (បាត់ដំបង)

៧៦. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)

៧៧. សហគមន៍ព្រែក តាគង់ (ភ្នំពេញ)

៧៨. សហគមន៍ព្រែកតានូ (ភ្នំពេញ)

៧៩. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)

៨០. សហគមន៍ព្រៃឈើពេជ្រ ចង្វារល្អឆើត (កំពង់ឆ្នាំង)

៨១. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)

៨២. សហគមន៍ព្រែកនរិន្ទ (បាត់ដំបង)

៨៣. សហគមន៍ដីធ្លី ព្រៃពាយ (កំពត)

៨៤​​​. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)

៨៥. សហគមន៍ដីធ្លីរំចេក (សៀមរាប)

៨៦. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)

៨៧. សហគមន៍ដីធ្លីសាមគ្គីរមាសហែក (ស្វាយរៀង)

៨៨. សមាគមធាងត្នោត (STT)

៨៩. សហគមន៍ដីធ្លីស្គន់ (សៀមរាប)

៩០. សហគមន៍នេសាទ សម្រស់កោះស្តេច (កោះកុង)

៩១. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

៩២. សហគមន៍ស្រែប្រាំង (កំពង់ចាម)

៩៣. សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)

៩៤. សហគមន៍ដីធ្លីតានូន (កោះកុង)

៩៥. សហគមន៍ដីធ្លីតានី (សៀមរាប)

៩៦. គណៈកម្មាធិការនៃអង្គការមិនមែន រដ្ឋាភិបាលដើម្បីលុប បំបាត់រាល់ទម្រង់ រើសអើងលើស្រ្តីភេទ (NGO-CEDAW)

៩៧.​ សហគមន៍ដីធ្លីធ្នង់ (កោះកុង)

៩៨. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)

៩៩. សហគមន៍ទួលសង្កែ (ភ្នំពេញ)

១០០. សហគមន៍ត្រពាំងសង្កែ (កំពត)

១០១. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)

១០២. សហគមន៍អភិរក្សអភិវឌ្ឍន៍ធនធានព្រៃឈើ (កំពង់ឆ្នាំង)

១០៣. Not1More (N1M)

 

សេចក្តីថ្លែងការរួមជាភាសាខ្មែរ