សេចក្ដីថ្លែងការណ៍រួមស្ដីពី ការលុបបំបាត់ទាសភាពនៅក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២
យើងខ្ញុំ សូមសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះរបាយការណ៍បង្ហាញពីការកើតឡើងយ៉ាងច្រើននៃការជួញដូរមនុស្សចូលមកក្នុងប្រទេសកម្ពុជា ដែលបានធ្វើឱ្យមានការធ្វើពលកម្មដោយបង្ខំ អំពើទាសភាព និងទារុណកម្មនៅតាមបរិវេណអគារនានា នៅក្នុងប្រទេស ។ ការរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងគណនីបណ្តាញសង្គមរបស់ជនរងគ្រោះជាច្រើន ដែលចងក្រងដោយអង្គការក្នុងស្រុកនិងអន្តរជាតិបង្ហាញថា មនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាជនបរទេស ត្រូវបានជាប់ក្នុងស្ថានភាពទាំងអស់នេះ ។ យើងខ្ញុំ សូមស្នើសុំឱ្យអាជ្ញាធរចាត់វិធានការរួមគ្នា និងប្រកបដោយប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទាំងនេះ ក៏ដូចជាស៊ើបអង្កេតភាពស្មុគស្មាញដែលត្រូវបានលើកឡើងរវាងអាជ្ញាធរ រដ្ឋ និងសហគ្រាសដែលប្រព្រឹត្តបទល្មើសផ្សេងៗ ។
ការរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងគណនីរបស់ជនរងគ្រោះ បង្ហាញថាការរំលោភបំពានទាំងនេះ ពាក់ព័ន្ធនឹងជនបរទេសដែលត្រូវបានចាប់ជំរិត លក់ ជួញដូរ ឬត្រូវបានបោកបញ្ឆោតឱ្យទទួលបានការងារនៅក្នុងប្រទេសកម្ពុជា ។ នៅពេលមកដល់ប្រទេសកម្ពុជា ពួកគេត្រូវបានឃុំខ្លួនក្នុងបរិវេណអគារធំៗ និងត្រូវបង្ខំឱ្យធ្វើការ ដែលជាញឹកញាប់ជាការងារទាក់ទងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ដែលដាក់គោលដៅលើជនបរទេសរស់នៅខាងក្រៅប្រទេសកម្ពុជា ។ បុគ្គលិកដែលរត់គេចខ្លួន បានរាយការណ៍ថា ពួកគេបានប្រឈមមុខនឹងការគំរាមកំហែងទាំងផ្លូវកាយ និងផ្លូវចិត្ត និងអំពើហឹង្សាដែលប្រព្រឹត្តដោយអ្នកចាប់បង្ខាំងពួកគេ ។ របាយការណ៍មួយចំនួនបង្ហាញថា ភាគច្រើននៃបរិវេណអគារទាំងនោះគឺស្ថិតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែក៏មានការរំលោភបំពានស្រដៀងគ្នានេះ ដែលត្រូវបានគេរាយការណ៍ថាកើតឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តផ្សេងទៀតផងដែរ ។
ការពិតដ៏គ្រោះថ្នាក់មួយនេះ ត្រូវបានទទួលស្គាល់ដោយស្ថានទូតបរទេសជាច្រើន ។ ប្រទេសឥណ្ឌូណេស៊ីបានចេញការព្រមានមួយទាក់ទងនឹងស្ថានភាពក្នុងខែមករា ឆ្នាំ២០២១ ។ ប្រទេសវៀតណាមបានព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួនអំពីប្រតិបត្តិការបែបនេះនៅក្នុងខែមិថុនា ឆ្នាំ២០២១ ។ រដ្ឋាភិបាលថៃបានចេញការព្រមាននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ។ ស្ថានទូតប៉ាគីស្ថាន ក៏បានរាយការណ៍ថាខ្លួនបានជួយសង្គ្រោះប្រជាពលរដ្ឋបួននាក់ក្នុងខែមករា ឆ្នាំ២០២២ ។ ហើយស្ថានទូតចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍ និងការព្រមានជាច្រើនទាក់ទងនឹងប្រតិបត្តិការទាំងនេះ ។ អាជ្ញាធរថៃក៏បានសម្តែងការព្រួយបារម្ភ ហើយថ្មីៗនេះពួកគេបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជួយអន្តរាគមន៍ករណី ដែលប្រជាពលរដ្ឋថៃត្រូវបានគេជួញដូរ និងជាប់ក្នុងបរិវេណអគារទាំងនេះ ។
អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ ដើរតួយ៉ាងសំខាន់ក្នុងការបើកកកាយវិបត្តិសិទ្ធិមនុស្សទាំងនេះ ក៏ដូចជាការរាយការណ៍អំពីជនរងគ្រោះ ជនល្មើស និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធក្នុងប្រតិបត្តិការទាំងអស់នេះ ។ របាយការណ៍មួយចំនួនបានរាយការណ៍ពីការជាប់ពាក់ព័ន្ធនឹងឧកញ៉ាខ្មែរដ៏ល្បីឈ្មោះមួយរូប និងសមាជិកព្រឹទ្ធសភានៃគណបក្សកាន់អំណាចមួយរូប ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការមួយចំនួន ។
ខណៈដែលអាជ្ញាធរកម្ពុជាមួយចំនួនបានឆ្លើយតបនឹងពាក្យបណ្តឹងរបស់បុគ្គលមួយចំនួនតូច ក៏វិបត្តិនេះនៅតែមិនអាចដោះស្រាយម្ដងមួយករណីបែបនេះបានទេ ។ ការឆ្លើយតបរួមគ្នា និងកំណត់គោលដៅច្បាស់លាស់ គឺត្រូវការជាបន្ទាន់ពីអាជ្ញាធរកម្ពុជា អង្គការជាតិ និងអន្តរជាតិ ស្ថាប័នអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងទំហំដ៏ធំនៃវិបត្តិនេះ ។ យើងខ្ញុំ ស្នើសុំឱ្យអាជ្ញាធរកម្ពុជាបំពេញការទទួលខុសត្រូវរបស់ខ្លួនដើម្បីស៊ើបអង្កេតឱ្យបានពេញលេញនូវការរំលោភបំពាននៅក្នុងប្រទេសរបស់ខ្លួន ព្រមទាំងលុបបំបាត់រាល់ទីតាំងទាំងអស់ដែលជាប់ទាក់ទងនឹងល្បែងស៊ីសងខុសច្បាប់ និងប្រតិបត្តិការបោកបញ្ឆោត ក៏ដូចជាការបង្ខំឱ្យធ្វើពលកម្ម ទាសភាព ឬការធ្វើទារុណកម្ម ។ សូមធានាផងដែរថា អ្នកដែលជាប់បង្ខាំងខ្លួនត្រូវបានដោះលែង និងផ្តល់សុវត្ថិភាពជូនពួកគាត់ ហើយកាត់ទោសអ្នកទទួលខុសត្រូវទាំងអស់តាមច្បាប់កម្ពុជា ។
ការបន្តឱ្យកើតមានឡើងនៃប្រតិបត្តិការទាំងនេះគឺជាសោកនាដកម្មមួយ ហើយយើងពិតសោកស្តាយយ៉ាងខ្លាំង ដែលប្រទេសកម្ពុជាកំពុងត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាពអមនុស្សធម៌បែបនេះ ។ តួអង្គដែលពាក់ព័ន្ធទាំងអស់ត្រូវតែធានាភ្លាមៗថា គ្មានអ្នកណាម្នាក់ត្រូវប្រឈមនឹងអំពើទាសភាព ឬការធ្វើទារុណកម្ម នៅក្នុងប្រទេសកម្ពុជាឡើយ ៕
សេចក្តីថ្លែងការណ៍ចូលរួមគាំទ្រដោយ៖
1. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
- សមាគមអ្នកបម្រើការងារតាមផ្ទះ (ADW)
- Asian Forum for Human Rights and Development (FORUM-ASIA)
- Bytes for All, Pakistan
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- Centre for Human Rights and Development, Mongolia
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- បណ្តាញយុវជនកម្ពុជា (CYN)
- Defense of Human Rights & Public Service Trust, Pakistan
- អង្គការសមធម៌កម្ពុជា (EC)
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- Initiativ Kambodja (IK)
- International Justice Mission (IJM)
- អង្គការ ម្លប់តាប៉ាង
- គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និកហ្វិក)
- Odhikar, Bangladesh
- អង្គការស្ពានសន្តិភាព (PBO)
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
- People’s Empowerment Foundation, Thailand
- អង្គការសមាគមធាងត្នោត (STT)
- Society for the Protection of the Rights of the Child (SPARC), Pakistan
- អង្គការតម្លាភាពកម្ពុជា (TI)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី(NGO-CEDAW)
- Suara Rakyat Malaysia (SUARAM), Malaysia
- Women’s Rehabilitation Centre (WOREC), Nepal
- Think Centre, Singapore
- Banglar Manabadhikar Suraksha Mancha (MASUM), India
៣៦. Progressive Voice, Myanmar
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- លោក អំ សំអាត នាយកផ្នែកកិច្ចការទូទៅនៃអង្គការ លីកាដូ, លេខទូរស័ព្ទ៖ (+855) 10 327 770 (ភាសាខ្មែរ)
- លោក Jake Sims នាយកប្រចាំប្រទេសនៃអង្គការ International Justice Mission, លេខទូរស័ព្ទ៖ (+855) 12 901 446 (ភាសាអង់គ្លេស)
ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារខ្មែរ